សហរដ្ឋ​អាម៉េរិក សន្យា​ចំណាយ ២០០ ពាន់​លាន​ដុល្លារ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​សកលលោក

ក្នុង​កិច្ចប្រជុំ​កំពូល G៧ កាលពី​ម្សិលមិញ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន សង្កត់ធ្ងន់ថា សហរដ្ឋ​អាម៉េរិក ចង់​ធ្វើឱ្យ​ច្បាស់លាស់​ថា នេះ (គំនិត​ផ្ដួចផ្ដើម​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក) មិនមែនជា​ជំនួយ ឬ​បរិច្ចាគ​បែប​មនុស្សធម៌។ នេះ​គឺជា​ខ្ទង់​វិនិយោគ​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់ ជនជាតិ​អាម៉េរិក និង​ប្រជាជន​នៅ​គ្រប់​ប្រទេស។

កាលពី​ថ្ងៃទី ២៦ មិថុនា លោក បៃ​ដិ​ន ជាថ្មី​ម្ដងទៀត បានលើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង​ឥទ្ធិពល​ដែល​កំពុង​រីកសាយ​ភាយ​របស់ ប្រទេស​ចិន។ យោងតាម​ប្រធានាធិបតី បៃ​ដិ​ន សហរដ្ឋ​អាម៉េរិក នឹងចូលរួម​ចំណែក ២០០ ពាន់​លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ។

នៅក្នុង​កិច្ចប្រជុំ​កំពូល G៧ នៅ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៦ មិថុនា លោក បៃ​ដិ​ន ឱ្យដឹងថា គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវបាន​កសាងឡើង​ដោយយោង​ទៅលើ​បទពិសោធន៍​ល្អ​បំផុត​ក្នុង​ពិភពលោក ទាក់ទិន​នឹង​តម្លាភាព ដៃគូ​សហការ ការការពារ​បុគ្គលិក​និយោជិត និង​បរិស្ថាន។

យោងតាម​លោក បៃ​ដិ​ន ក្រុម​ប្រទេស G៧ នឹង​រក​វិធី​ប្រមូល​ទុន ៦០០ ពាន់​លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ​នៅ​ឆ្នាំ ២០២៧ ក្នុងនោះ សហរដ្ឋ​អាម៉េរិក នឹងចូលរួម​ចំណែក ២០០ ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​គម្រោង​នានា​នៅតាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​មាន​ប្រាក់ចំណូល​កម្រិត​មធ្យម។ ខ្ទង់​ថវិកា​របស់ អាម៉េរិក នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង ៥ ឆ្នាំ​ខាងមុខ។

លោក បៃ​ដិ​ន និយាយថា «ខ្ញុំ​ចង់​ធ្វើឱ្យ​ប្រាកដថា នេះ​មិនមែនជា​ជំនួយ ឬ​កិច្ចការ​មនុស្សធម៌។ នេះ​គឺជា​ខ្ទង់​វិនិយោគ​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់ ជនជាតិ​អាម៉េរិក និង​ប្រជាជន​នៅ​គ្រប់​ប្រទេស។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ឱកាស​ដើម្បីឱ្យ​យើង​ចែករំលែក​នូវ​ចក្ខុវិស័យ​វិជ្ជមាន​អំពី​អនាគត និង​ទុកឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​ផលប្រយោជន៍​ជាក់ស្ដែង​នៃ​ការដែល​បានធ្វើ​ជា​ដៃគូ​សហការ​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ»។

គំនិត​ផ្ដួចផ្ដើម​ដែល​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សកល និង​ការវិនិយោគ» នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​កសាងឡើង​វិញ​នូវ​ពិភពលោក​ដែល​ល្អប្រសើរ​ជាង​បច្ចុប្បន្ន ដែល​ត្រូវបាន ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ G៧ កាលពី​ឆ្នាំ ២០២១។

គំនិត​ខាងលើ ផ្ដោត​សំខាន់​ទៅលើ​កិច្ចការ​ស្នូល​ចំនួន ៤ រួមមាន ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការវិនិយោគ​សម្រាប់​ថាមពល​ស្អាត, ការកសាង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ព័ត៌មាន​សុវត្ថិភាព និង​បើកចំហ, ជំរុញ​សមធម៌ និង​សមភាព​យេនឌ័រ និង​ចុងក្រោយ​គឺ ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល។

បើទោះជា​មិនបាន​និយាយ​ដល់ ប្រទេស​ចិន ប៉ុន្តែ គំនិត​ផ្ដួចផ្ដើម​ខាងលើនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ដែល​ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំ ២០១៣ ជាមួយនឹង​គោលដៅ​វិនិយោគ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក៕

Advertisement