រោងចក្រផលិត​រថយន្តអគ្គិសនី Tesla កំពុងតែ​ខាត​រាប់ពាន់​លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

«ទាំង​រោងចក្រ​នៅ រដ្ឋធានី Berlin ទាំង​រោងចក្រ​នៅ Austin គឺ​សុទ្ធ​ជា «ឡ​ដុត​លុយ» ដ៏​ធំ» នេះ​បើតាម មហាសេដ្ឋី Elon Musk ដែល​បាន​បង្ហើប​ឱ្យដឹង​ក្នុង​កិច្ច​សម្ភាស​មួយ​នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា បណ្ដា​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ Tesla នៅ ប្រទេស​អាល្លឺម៉ង់ និង​នៅ Texas សហរដ្ឋ​អាម៉េរិក កំពុង​ខាត​រាបសិប​ពាន់​លាន​ដុល្លារ ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ប្រឹងប្រែង​បង្កើន​ផលិតភាព។

នៅក្នុង​កិច្ច​សម្ភាស​មួយ​កាលពីពេលថ្មីៗនេះ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បានឱ្យដឹងថា «ទាំង​រោងចក្រ​នៅ Berlin ទាំង​រោងចក្រ​នៅ Austin គឺ​សុទ្ធតែជា «ឡ​ដុត​លុយ» ដ៏​ធំ»។

លោក Musk ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​អំពី​គម្រោង​កាត់បន្ថយ​បុគ្គលិក​ពេញសិទ្ធិ​ចំនួន ១០% និង​ជ្រើសរើស​បុគ្គលិក​ថ្មី​ដែល​ធ្វើតាម​កិច្ចសន្យា។ ការសម្រេច​នេះ​នឹងត្រូវ​អនុវត្ត​ក្នុងអំឡុង ៣ ខែ​ខាងមុខ។ បច្ចុប្បន្ន បុគ្គលិក​ពេញសិទ្ធិ​របស់ Tesla មាន​ចំនួន ២/៣ នៃ​កម្មករ​សរុប​របស់​ក្រុមហ៊ុន​នេះ ក្រៅពីនេះ​គឺ​សុទ្ធតែជា​បុគ្គលិក​មាន​កិច្ចសន្យា។

យោងតាម Bloomberg ក្រុមហ៊ុន Tesla បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ផ្ដល់​អាទិភាព​លើ​ការសាងសង់​រោងចក្រ​ថ្មី​នៅ​ពាសពេញ​ពិភពលោក ដើម្បី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​ចែកចាយ​ផលិតផល។ តាម​គម្រោង រោងចក្រ Tesla នៅ អាល្លឺម៉ង់ នឹង​ផលិត​រថយន្ត​បាន ៥០០,០០០ គ្រឿង​ជា​រៀងរាល់ឆ្នាំ។

ក៏ប៉ុន្តែ ដោយសារតែ​ការទិញ​ដូរ Twitter នៅមាន​បញ្ហា​ច្រើន ដូច្នេះ ក្រុម​អ្នកជំនាញ​យល់ថា Elon Musk ទំនងជា​ពិបាក​ក្នុងការ​ផ្ដោតអារម្មណ៍​ទៅលើ​ការដឹកនាំ Tesla ពិសេស​គឺ​នៅក្នុង​ពេលដែល​ក្រុមហ៊ុន​ដទៃ​កំពុង​ប្រឹងប្រែង​ដណ្ដើម​ទីផ្សារ​រថយន្ត​អគ្គិសនី​ដែល​កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​នាបច្ចុប្បន្ន៕

Advertisement