ដើម្បី​បង្ក​ហានិភ័យ​ក្ស័យ​ធន​ដល់ រុស្ស៊ី ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក នឹង​ទប់ស្កាត់​ការសង​បំណុល​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃនេះ

ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាសថា បណ្ដា​ធនាគារ និង​បុគ្គល​ជា​ពលរដ្ឋ​អាម៉េរិក នឹងត្រូវ​បាន​ហាម​ចំពោះ​ការទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី។

ម៉ោង ០ នៃ​ថ្ងៃទី ២៥ ឧសភា (ម៉ោង​នៅ New York) គឺជា​ពេលវេលា​ដែល​បទបញ្ជា​លើកលែង​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ រុស្ស៊ី ត្រូវអស់​សុពលភាព។ «OFAC (ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​បរទេស) នឹងមិន​បន្ត​សុពលភាព​ទៀតឡើយ» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ២៤ ឧសភា។

បទបញ្ជា​លើកលែង​ការហាម​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​លើ​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី ត្រូវ​បានលើកឡើង​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ចុងខែ​កុម្ភៈ។ បទបញ្ជា​នេះ​ជួយ​ឱ្យ រុស្ស៊ី នៅតែ​អាច​ទូទាត់​សង​ក្នុង​មូល​ប​ត្រ​បំណុល​បរទេស និង​រួច​ផុតពី​ហានិភ័យ​ក្ស័យធន។

គិត​មកដល់​បច្ចុប្បន្ន ជិត ៣ ខែ​បន្ទាប់ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង រុស្ស៊ី នៅតែ​បង្ហើយ​ការទូទាត់​ប្រាក់​ជូន​ម្ចាស់បំណុល។ រុស្ស៊ី ធ្លាប់​ជួប​ការលំបាក​ជាច្រើនលើក ដោយសារតែ​ទណ្ឌកម្ម បណ្ដាលឱ្យ​ពួកគេ​បាត់បង់​ប្រភព​ចំណូល​ពី​បរទេស និង​មិនអាច​ចូល​ប្រើប្រាស់​ខ្ទង់​ថវិកា​របស់ខ្លួន​នៅ​បរទេស។

កាលពី​សប្ដាហ៍​កន្លង រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen ក៏បាន​ឱ្យដឹងថា «មានលទ្ធភាព» ដែលថា ក្រសួង​នេះ​នឹងមិន​បន្ត​សុពលភាព​ចំពោះ​ការលើកលែង​ការហាម​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​លើ​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី ព្រោះថា នេះ​គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន។

Hassan Malik អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Loomis Sayles & Co (Boston សហរដ្ឋ​អាម៉េរិក) អះអាងថា ការដែល​មិនអាច​បន្ត​ទទួលបាន​ការលើកលែង​ទណ្ឌកម្ម «ប្រាកដជា​នឹងធ្វើ​ឱ្យ​ហានិភ័យ​នៃ​ការ​ក្ស័យធន​របស់ រុស្ស៊ី កើនឡើង»។ ប៉ុន្តែ ការសម្រេច​របស់ សហរដ្ឋ​អាម៉េរិក នេះ ធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​បរទេស​ពិបាក​ក្នុងការ​ទទួលយក​ការទូទាត់​បំណុល និង​មិន​ប្រាកដថា ធ្វើឱ្យ រុស្ស៊ី ត្រូវ​ក្ស័យធន។

ម្ចាស់បំណុល​ដែល​មិនមែនជា​ពលរដ្ឋ​អាម៉េរិក នៅតែ​អាច​ទទួលយក​ការទូទាត់​បំណុល​ពី រុស្ស៊ី។ ដោយសារតែ​ម្ចាស់បំណុល​ភាគច្រើន​របស់ រុស្ស៊ី គឺ​នៅ អឺរ៉ុប ដូច្នេះ ម្ចាស់បំណុល​នៅ សហរដ្ឋ​អាម៉េរិក អាច​នឹង​មិនមាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ រុស្ស៊ី ត្រូវ​ប្រកាស​ក្ស័យធន នេះ​បើតាម ITI Capital ដែលជា​ក្រុមហ៊ុន​ឈ្មួញកណ្ដាល​ធំជាងគេ​មួយ​នៅ រុស្ស៊ី។

កាលពី​ថ្ងៃទី ២៧ ឧសភា រុស្ស៊ី ដល់​ថ្ងៃ​ត្រូវ​សងបំណុល ១០០ លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ដោយសារ​បទបញ្ជា​លើកលែង​ទណ្ឌកម្ម​របស់ អាម៉េរិក ជិត​ផុតកំណត់ រុស្ស៊ី ក៏បាន​ចាប់ផ្ដើម​ទូទាត់​ដល់​ម្ចាស់បំណុល​តាំងតែ​ពី​សប្ដាហ៍​កន្លង។

បើសិន​មិនបាន​សងបំណុល​ទាន់ពេល រុស្ស៊ី នឹងមាន​ពេល ៣០ ថ្ងៃ ដើម្បី​រក​វិធី​ទូទាត់។ ដើមខែ​នេះ ពួកគេ​ក៏បាន​សងបំណុល​ទាន់ពេល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​ខ្ទង់​ប្រាក់​សម្រាប់​ទូទាត់​បំណុល​ដំបូង​ត្រូវបាន​រាំងខ្ទប់។

ជា​សរុប រុស្ស៊ី បច្ចុប្បន្ន​នៅ​ជំពាក់​បំណុល​ជាការ​ប្រាក់​នៃ​មូល​ប​ត្រ​បំណុល ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងឆ្នាំនេះ។ យ៉ាងនេះ​ក្ដី រុស្ស៊ី ប្រហែល​មិន​ជួប​បញ្ហា​ធំ​ឡើយ ព្រោះ​សម្បូរ​សាច់ប្រាក់​សុទ្ធ ដែល​បានមកពី​ការលក់​ប្រេង​ឆៅ ឧស្ម័ន និង​បណ្ដា​ទំនិញសំខាន់ៗជាច្រើន​មុខ​ផ្សេងទៀត។

ប្រាក់​រូ​ប្ល​រុស្ស៊ី មិន​ប្រែប្រួល​ច្រើន​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ប្រកាស​ព័ត៌មាន​ខាងលើ។ រូបិយប័ណ្ណ​នេះ​ស្ថិតក្នុង​ក្រុម​ដែលមាន​ការប្រែប្រួល​ល្អ​បំផុត​ពិភពលោក​នា​ឆ្នាំនេះ និង​តម្លៃ​បាន​កើនឡើង ៣០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក៕

Advertisement