ក្រដាសប្រាក់​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ រៀល ទទួលបាន​ពានរង្វាន់ «ធនបត្រ​ថ្មី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នា​ឆ្នាំ ២០១៩» ពី​ស្ថាប័ន​អន្តរជាតិ

យោង​តាមគេហទំព័រ​របស់ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ធនបត្រ (ក្រដាសប្រាក់) អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ (មួយ​ម៉ឺន​ប្រាំ​ពាន់​) រៀល របស់ កម្ពុជា នេះ​ ត្រូវបាន​ស្ថាប័ន​អន្តរជាតិ Reconnaisance ជ្រើសរើស​ជា «ធនបត្រ​ថ្មី​ឆ្នើម ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ ២០១៩ នា​សន្និសីទ​ស្ដីពី​ការបោះ​ពុ​ម្ភ​ធនបត្រ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​នៅ​អាស៊ី (High Security Printing Asia) លើក​ទី ១៨ នៅ​ទីក្រុង Yokohama ប្រទេស​ជប៉ុន។

ធនបត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ រៀល​នេះ ត្រូវបាន ធនាគារជាតិ​នៃ​កម្ពុជា បោះ​ពុ​ម្ភ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់ ១៥ ឆ្នាំ នៃ​ការឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា។

កត្តា​ដែលបាន​នាំឱ្យ​ក្រដាសប្រាក់​នេះ​ទទួលបាន​ពានរង្វាន់​ខាងលើ​គឺ ដោយសារតែ​បច្ចេកទេស​នៃ​ការផលិត​ក្នុងស្រុក​របស់ ធនាគារជាតិ​នៃ​កម្ពុជា មាន​លក្ខណៈ​ទំនើប​កម្រិត​ខ្ពស់ និង​សុវត្ថិភាព រួម​នឹង​ការបញ្ចូល​សិល្បៈ​នៃ​ការ​រចនា និង​បច្ចេកវិទ្យា ដែល​ឆ្លុះបញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុងប្រទេស និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ទប់ទល់​នឹង​ការ​ក្លែងបន្លំ។ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី ០៨ ខែ​មេសា ឆ្នាំ​ ២០២២ របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា គោរព​រាយការណ៍​ជូន ប្រមុខ​រដ្ឋាភិបាល។

យោងតាម អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពានរង្វាន់​ប្រភេទ​ខាងលើ​នេះ មិន​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំទេ ក៏​ប៉ុន្តែ ធ្វើឡើង​នៅពេល​ដែលមាន​វត្តមាន​ធនបត្រ​ដែលមាន​លក្ខណៈ​សម្បត្តិ​ស័ក្តិសម ប្រកបដោយ​គុណភាព និង​បច្ចេកទេស​តែប៉ុណ្ណោះ។

Reconnaisance គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៨៨ និង​ត្រូវបាន​ទទួលស្គាល់ថា ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​រូបិយ​បណ្ណ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ឧស្សាហកម្ម​ធនបត្រ​សក​ល និង​ជា​ប្រភព​នៃ​ព័ត៌មាន​អន្តរជាតិ​ឈានមុខ​អំពី​បច្ចេកវិទ្យាថ្មីៗនៃ​ការផលិត​ធនបត្រ និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​ធនបត្រនីមួយ។ល។

Advertisement