ធនាគារ​របស់ ស្វ៊ី​ស កំពុង​រក្សាទុក​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី?

បណ្ដា​ធនាគារ​នៅ ប្រទេស​ស្វ៊ី​ស កម្រ​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ទឹកប្រាក់​ដែល​អតិថិជន​ផ្ញើ​នៅទីនេះ ប៉ុន្តែ ករណី​របស់ រុស្ស៊ី លើក​នេះ ធនាគារ​ស្វ៊ី​ស ត្រូវ​ធ្វើតាម​ការដាក់ទណ្ឌកម្ម​របស់ អឺរ៉ុប។

យោងតាម​សារព័ត៌មាន Reuters សមាគម​ធនាគារ​ស្វ៊ី​ស (SBA) បាន​គណនា​ឃើញថា បណ្ដា​ធនាគារ​របស់​ប្រទេស​នេះ កំពុង​ទទួល​សិទ្ធិ​គ្រប់គ្រង​ប្រាក់​ពី ១៥០ ទៅ ២០០ ពាន់ ហ្វ្រ​ង់​ស្វ៊ី​ស (ប្រហែល ១៦១ ទៅ ២១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​អតិថិជន​រុស្ស៊ី បាន​ផ្ញើ​នៅក្នុង​គណនី​បរទេស។

ការ​បង្ហើប​ឱ្យដឹង​នូវ​របាយការណ៍​ស្ដីពី​ទ្រព្យសម្បត្តិ​ពី SBA គឺជា​រឿង​កម្រ ពិសេស​គឺ​ចំពោះ ស្វ៊ី​ស ដែលជា​ប្រទេស​ល្បីឈ្មោះ​ខាង​ការរក្សា​ភាព​សម្ងាត់ និង​សុវត្ថិភាព​សម្រាប់​បណ្ដាគ​ណ​នី​បរទេស។

សកម្មភាព​មិនធម្មតា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​នៃ​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ចំពោះ​បណ្ដា​ខ្ទង់​ប្រាក់​បញ្ញើ​របស់ រុស្ស៊ី ទាក់ទង​នឹង​ការចូល​ឈ្លានពាន​នៅ អ៊ុយ​ក្រែ​ន។

ដើមឡើយ ស្វ៊ី​ស គឺជា​ប្រទេស​ដែលមាន​និន្នាការ​កណ្ដាល ប៉ុន្តែ បន្ទាប់ពី កងទ័ព​រុស្ស៊ី បាន​ចូលលុកលុយ អ៊ុយ​ក្រែ​ន កាលពី​ខែ​មុន ប្រធានាធិបតី​ស្វ៊ី​ស អ៊ិកណាហ្ស៊ីយ៉ូ កាស៊ិស (Ignazio Cassis) ប្រកាសថា ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ​របស់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​ក្រុមមន្ត្រី​នយោបាយ និង​ក្រុម​អ្នកជំនួញ ៣៧០ នាក់ ដែល​ត្រូវ សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម ដើម្បី​ទប់ស្កាត់​ប្រភព​ជំនួយ​សម្រាប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

Advertisement