ធានា​គារ​រុស្ស៊ី គ្រោង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ​របស់ ចិន

ធនាគារ​មួយចំនួន​របស់ រុស្ស៊ី កំពុង​រៀប​គម្រោង​ប្រើប្រាស់​កាត់​ឥណ​ពន្ធ​ដែល​ចេញ​ដោយ UnionPay ដើម្បី​ជំនួស​ឱ្យ Visa និង Mastercard ឬ PayPal។

Sberbank ដែលជា​ធនាគារ​ធំជាងគេ​នៅ រុស្ស៊ី បានឱ្យដឹងថា កំពុង​ពិនិត្យ​លទ្ធភាព​ចេញ​កាត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ Mir របស់​ប្រទេស​រុស្ស៊ី និង​កាត UnionPay របស់ ចិន។ UnionPay គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ផ្គត់ផ្គង់​កាត់​ទូទាត់​ប្រាក់​ស្ទើរតែ​គ្រប់​ប្រភេទ​ទាំងអស់​នៅ ប្រទេស​ចិន។

ដំណឹង​នេះ​បាន​លេចឡើង​បន្ទាប់ពី Visa និង Mastercard ប្រកាសថា នឹង​ផ្អាក​ដំណើរការ​នៅ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ Visa និង Mastercard ឱ្យដឹងថា កាត​របស់​ពួកគេ​ដែល​ចេញ​នៅ រុស្ស៊ី នឹងមិន​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ក្រៅប្រទេស​នេះ ចាប់ពី​ថ្ងៃទី ១០ មីនា។ កាត់​របស់​ក្រុមហ៊ុន Visa និង Mastercard នៅ​បរទេស​ក៏​មិនអាច​ទូទាត់​នៅ រុស្ស៊ី។

យោងតាម​របាយការណ៍​កាលពី​ថ្ងៃទី ១ មីនា ឆ្នាំ ២០២១ ប្រាក់ចំណូល​សុទ្ធ ៤% របស់ Mastercard មាន​ទំនាក់ទំនង​ជាមួយ រុស្ស៊ី ខណៈដែល​សកម្មភាព​ជំនួញ​ដែល​ទាក់ទង​នឹង អ៊ុយ​ក្រែ​ន មាន​ចំនួន ២%។ ចំណែក Visa វិញ ក្នុង​ឆ្នាំ ២០២១ ប្រាក់ចំណូល​សុទ្ធ​ពី រុស្ស៊ី មាន​ប្រហែល ៤%។

ជាមួយនឹង UnionPay ជនជាតិ​រុស្ស៊ី នៅតែ​អាច​ទូទាត់​ប្រា​ក់នៅ​បរទេស។ UnionPay គឺជា​ស្ថាប័នហិរញ្ញវត្ថុ​របស់ ប្រទេស​ចិន ដែល​រកស៊ី​ក្នុងប្រទេស និង​ដែនដី​ចំនួន ១៨០ ក្នុង​ពិភពលោក។ Alfa-Bank ដែលជា​ធនាគារឯកជន​ធំ​បំផុត​នៅ រុស្ស៊ី ក៏​កំពុងធ្វើការ​ជាមួយ UnionPay។ Tinkoff Bank និង Raiffeisen Bank International ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​របស់ ចិន។

មុន​នោះ ប្រព័ន្ធ​ទូទាត់​អន្តរជាតិ PayPal ក៏បាន​ប្រកាស​ផ្អាក​ផ្ដល់​សេវាកម្ម​នៅ ប្រទេស​រុស្ស៊ី ដោយ​មូលហេតុ​ដូច​ទៅនឹង Mastercard និង Visa៕

Advertisement