ក្រុម​មហាសេដ្ឋី​នៅ រុស្ស៊ី បាត់បង់​ទ្រព្យ​ជិត ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ម្សិលមិញ

ក្រុម​កំពូល​អ្នកមាន​របស់ ប្រទេស​រុស្ស៊ី បាន​បាត់បង់​ទ្រព្យ ៣៩ ពាន់​លាន​ដុល្លារ ក្នុងការ​ជួញដូរ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក្នុងនោះ មហាសេដ្ឋី Vagit Alekperov ជា​ប្រធាន​របស់​ក្រុមហ៊ុន Lukoil បាន​បាត់បង់​ប្រាក់​ច្រើនជាងគេបង្អស់។

ក្រុម​កំពូល​មហាសេដ្ឋី​របស់ រុស្ស៊ី គឺជា​ក្រុមមនុស្ស​ដែល​ទទួលរង​សម្ពាធ​ធ្ងន់ធ្ងរ និង​អាច​មើលឃើញ​ច្បាស់​បំផុត ពី​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​ខ្ពស់ រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។ ទ្រព្យ​សុទ្ធ​របស់​ពួកគេ​បាន​ថយចុះ​ទាប​ខ្លាំង បន្ទាប់ពី រុស្ស៊ី សម្រេចចិត្ត​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ យោងតាម Bloomberg Billionaires Index ក្នុង​រង្វង់​មិន​ដល់ ២៤ ម៉ោង ក្រុម​មហាសេដ្ឋី​របស់ រុស្ស៊ី បាន​បាត់បង់​ប្រាក់ ៣៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ស​ន្ទ​ស្សន៍ MOEX របស់ រុស្ស៊ី បិទ​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ជាមួយនឹង​លទ្ធផល ធ្លាក់​ថ្លៃ ៣៣% ជាការ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​លំដាប់​ទី ៥ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​មូល​ប​ត្រ បើ​គិត​ទៅតាម​តម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក។

មហាសេដ្ឋី Vagit Alekperov

មហាសេដ្ឋី Vagit Alekperov ដែលជា​ប្រធាន​ក្រុមហ៊ុន Lukoil គឺជា​អ្នក​រង​ការខាតបង់​ច្រើនជាងគេបង្អស់​កាលពី​ម្សិលមិញ។ អ្នកជំនួញ​នេះ បាន​បាត់បង់​ទ្រព្យ​ជិត ១/៣ នៃ​ទ្រព្យ​សរុប​របស់ខ្លួន ក្នុងអំឡុងពេល​តែ ១ ថ្ងៃ ហើយ​បច្ចុប្បន្ន លោក​នៅសល់​ទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ប្រេង Lukoil ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ មូល​ស្គូ ធ្លាក់​ថ្លៃ ៣៣% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ២៤ កុម្ភៈ។

Alexey Mordashov ប្រធាន​ក្រុមហ៊ុន​ផលិត​ដែកថែប Severstal បាន​បាត់បង់ ៤.២ ពាន់​លាន​ដុល្លារ នៅសល់ ២៣ ពាន់​លាន​ដុល្លារ។ ប្រធាន​ក្រុមហ៊ុន Norilsk Nickel គឺ​លោក Vladimir Potanin ដែលជា​បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​នៅ រុស្ស៊ី ក៏​បាត់បង់ ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង​កំពុងតែ​ធ្វើឱ្យ​ទីផ្សារ​មូល​ប​ត្រ​ទូទាំង​សកលលោក ដាំ​ក្បាល​ចុះ ពិសេស​គឺ​នៅ រុស្ស៊ី ដែល​ត្រូវ​រង​ទណ្ឌកម្ម​ពី សហរដ្ឋ​អាម៉េរិក និង អង់គ្លេស៕

Advertisement