រដ្ឋមន្ត្រី​រុស្ស៊ី៖ ការហាមឃាត់ Bitcoin គឺ​ប្រៀប​ដូច​ទៅនឹង​ការហាមឃាត់ អ៊ី​ន​ធើ​ណិ​ត

ក្នុង​គ្រា​ដែល​ធនាគារជាតិ​រុស្ស៊ី បន្ត​អំពាវនាវ​ឱ្យ​រដ្ឋ ធ្វើការ​ហាមឃាត់​រូបិយវត្ថុ​ឌីជីថល ដូចជា Bitcoin ជាដើម រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Anton Siluanov បែរជា​ប្រកាស​បដិសេធ​ទៅវិញ។

យោងតាម Forbes រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​រុស្ស៊ី លោក Siluanov ឱ្យដឹងថា ការចេញ​បទបញ្ជា​ហាមឃាត់​ប្រាក់​ឌីជីថល នៅ រុស្ស៊ី «ក៏​ស្មើនឹង​ការហាមឃាត់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដែលជា​ប្រការ​មួយ​មិនអាច​ទៅរួច»។

ជំនួស​មកវិញ លោក​រដ្ឋមន្ត្រី​យល់ថា គួរ​ស្វែងរក​វិធី​គ្រប់គ្រង​វិស័យនេះ​ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ជាជាង​ការហាមឃាត់​ទាំងស្រុង។ លោក​អះអាងថា ប្រាក់​ឌីជីថល អាច​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​តា​ម​ដាន​ទីផ្សារ និង​បង្កើន​ប្រាក់ចំណូល​របស់​ជាតិ តាមរយៈ​ការយកពន្ធ។

ចំណែក​ធនាគារជាតិ​រុស្ស៊ី វិញ មិនបាន​គាំទ្រ​ដល់​គំនិត​ដែលថា អនុញ្ញាតឱ្យ​អ្នកវិនិយោគ​ដែល​មិនមាន​ជំនាញ ធ្វើការ​ជួញដូរ​ប្រាក់​ឌីជីថល ដូចជា Bitcoin នោះទេ ដោយហេតុថា អាចមាន​អំពើ​លាង​លុយ និង​អំពើ​បោក​បន្លំ។

ក្រោយពី​ជជែក​គ្នា​អស់​ជាច្រើន​ឆ្នាំ ធនាគារជាតិ​រុស្ស៊ី និង​រដ្ឋាភិបាល គ្រោង​នឹង​ស្វែងរក​ចំណុច​ស្របគ្នា​ស្ដីពី​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ ដែល​នឹង​ត្រូវបាន​ដាក់ចេញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

Advertisement