(វីដេអូ)-នេះ​គឺជា​កំលោះ​មហាសេដ្ឋី​វ័យ ៣០ ឆ្នាំ ដែល​ប្រកបដោយ «ដៃ​ទូលាយ» បំផុត​ក្នុង​ពិភពលោក

កំលោះ​មហាសេដ្ឋី​រូបនេះ បាន​អះអាងថា គាត់​រកប្រាក់​គឺ​គ្រាន់តែ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ​ប៉ុណ្ណោះ!

Samuel Bankman-Fried (ហៅ​កាត់​ថា Sam) គឺជា​កំលោះ​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​រូបិយវត្ថុ​ឌីជីថល។ ដោយមាន​សំណាង​បន្តិច លាយឡំ​នឹង​បញ្ញា​បន្តិច បូករួម​នឹង​ការចេះ​ចាប់យក​ឱកាស​បន្តិច Sam អាច​រកបាន​ប្រាក់ចំណេញ​ខ្ទង់លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។

ក៏ប៉ុន្តែ ទំនងជា​មិន​ដូច​ទៅនឹង​មហាសេដ្ឋីផ្សេងៗ គោលដៅ​រកប្រាក់​របស់ Samuel គឺ​ពិតជា​សាមញ្ញ។ គាត់​រកប្រាក់​គឺ​គ្រាន់តែ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ។ រកបាន​ប្រាក់​កាន់​ច្រើន គាត់​ក៏​បរិច្ចាគ​ប្រាក់​កាន់តែច្រើន។

មើល​ទៅលើ​ភាព​ស​ញ្ញរ​បស់ Sam តាំងពី​រថយន្ត Toyota ចាស់ ដែល​គាត់​កំពុង​ប្រើប្រាស់ និង​រូបរាង​ខាងក្រៅ​របស់គាត់ ក៏​យើង​អាច​វាយតម្លៃ​បាន​ថា មហាសេដ្ឋី​វ័យក្មេង​រូបនេះ ហាក់​មិន​យកចិត្តទុកដាក់​លើ​សភា​ពនៃ «សំបក​ខាងក្រៅ» របស់ខ្លួន។

នៅលើ​បណ្ដាញ​សង្គម Youtube ឆា​នែ​ល Nas Daily បានធ្វើ​ការសម្ភាស​ជាមួយ Sam។ កិច្ច​សម្ភាស​នេះ​នឹង​ជួយ​ឱ្យ​មិត្ត​អ្នកអាន និង​ទស្សនិកជន​បានដឹង​ខ្លះ​អំពី​មហាសេដ្ឋី​រូបនេះ ក៏ដូចជា​កិច្ចការ​មាន​ប្រយោជន៍​ដល់​សង្គម​ដែល​បុរស​នេះ​កំពុង​ធ្វើ៖

Sam ទុក​សក់វែង​ជាង​សក់​ធម្មតា​របស់​បុរស​ស្ទើរ​គ្រប់រូប។ គាត់​គឺជា​មនុស្ស​ចូលចិត្ត​បន្លែ​ផ្លែឈើ និង​គេង ៥ ម៉ោង/យប់។ Sam រស់នៅក្នុង​តំបន់​ប្រជុំ​កោះ Bahamas ជាមួយ​មិត្តភក្ដិ ១០ នាក់។ គាត់​ឆ្នាំនេះ (២០២២) មាន​អាយុ ៣០ឆ្នាំ។

Samuel Bankman-Fried​​ (ឆ្វេង) និង Nas Daily

បច្ចុប្បន្ន Sam មានទ្រព្យ​ចំនួន ២២ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​គាត់​ចង់​បរិច្ចាគ​ប្រាក់​ទាំងនេះ​ក្នុង​គោលដៅ​មនុស្សធម៌។ ប៉ុន្តែ ហេតុអ្វី? Sam ប្រាប់ថា មាន​មូលហេតុ​ច្រើនណាស់…

តាំងពីក្មេង គាត់​មានបំណង​ខ្លាយជា​អ្នកមាន​ទៅហើយ ពោលគឺ​អ្នកមាន​ខ្លាំង​តែម្ដង! «ខ្ញុំ​ចង់​ក្លាយជា​អ្នកមាន មិនមែន​ព្រោះតែ​ខ្ញុំ​ស្រលាញ់​ប្រាក់​នោះឡើយ តែ​ខ្ញុំ​ចង់​បរិច្ចាគ​ប្រាក់​ទាំងនោះ​សម្រាប់​គោលដៅ​មនុស្សធម៌» Sam ឱ្យដឹង​ដូច្នេះ។

ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ MIT គាត់​ចាប់ផ្ដើម​ស្វែងរក​វិធី​ក្លាយជា​អ្នកមាន។ ថ្ងៃមួយ​គាត់​បាន​រកឃើញថា តម្លៃ​របស់​ប្រាក់​ឌីជីថល​វិមជ្ឈការ Bitcoin នៅ សហរដ្ឋ​អាម៉េរិក ខុសគ្នា​ឆ្ងាយ​ពី​តម្លៃ​របស់​វា​នៅ ជប៉ុន ហើយ​នោះ​គឺជា​ឱកាស​ដ៏​ធំ។

អ្នកឃើញ​ហើយ​ថា តម្លៃ Bitcoin នៅ អាម៉េរិក គឺ ១០,០០០ ដុល្លារ (កាលពីពេល​ថត​វីដេអូ​នេះ) ប៉ុន្តែ មានតម្លៃ ១១,០០០ ដុល្លារ នៅ ជប៉ុន។ អ្នកវិនិយោគ ១០ លាន​ដុល្លារ ទិញ Bitcoin តម្លៃ ១០,០០០ ដុល្លារ/កាក់ (coin) ហើយ​លក់​ចេញ​តម្លៃ ១១,០០០ ដុល្លារ អ្នកនឹង​ចំណេញ​បាន ១ លាន​ដុល្លារភ្លាមៗ ហើយ​យើង​អាច​រកប្រាក់​ចំណេញ​បាន​បែបនេះ។

តើ​គាត់​រកប្រាក់​ចំណេញ​បាន​ខ្ទង់លាន​ដុល្លារ​រាល់ថ្ងៃ មែន​ទេ?

Sam និយាយថា៖ ត្រូវ​ហើយ!

ជាមួយនឹង​វិធីសាស្ត្រ​សាមញ្ញ​នេះ Sam អាច​រកបាន​សរុប ២០ លាន​ដុល្លារ ហើយ​ក៏បាន​ក្លាយជា​អ្នកជំនាញ​ផ្នែក​ដោះដូរ​ប្រាក់​ឌីជីថល ដែល​ធ្វើការ​ពេញ​ម៉ោង និង​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះថា FTX។

FTX គឺជា​ថ្នាល​បច្ចេកវិទ្យា​ជួញដូរ​ប្រាក់​ឌីជីថល ជាទី​ដែល​អនុញ្ញាតឱ្យ​អ្នកទិញ លក់ Bitcoin រួម​នឹង​រូបិយវត្ថុ​ឌីជីថល​ជាច្រើន​ផ្សេងទៀត។ នេះ​ទើប​ជា​ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍។

ចំណាយពេល​តែ ២ ឆ្នាំ FTX បាន​ក្លាយជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក តម្លៃ​ជាង ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​គ្រា​ដែល Sam មាន​អាយុ​ទើបតែ ៣០ ឆ្នាំ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ Sam មិនមែនជា​មហាសេដ្ឋី​បែប​បុរាណ​នោះទេ ព្រោះ​គាត់​ជឿថា «ប្រាក់​ដែល​រកបាន​គឺ​ដើម្បី​ចែករំលែក»។ មានន័យថា គោលដៅ​របស់គាត់​គឺ​រកប្រាក់​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន គឺ​ដើម្បី​ចែកជូន​អ្នកដទៃ​ប៉ុណ្ណោះ!

ការរក​ប្រាក់​គឺ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ! នោះ​គឺជា​អ្វីដែល​គាត់​កំពុង​ធ្វើ។

ឧទាហរណ៍​ថា អ្នកមាន​ប្រាក់ ១០០ ដុល្លារ និង​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​ដល់​ពិភពលោក​នេះ នោះ «ការរក​ប្រាក់​ដើម្បី​បរិច្ចាគ» គឺជា​ការប្រឹងប្រែង​ស្វែងរក​គោលដៅ មូលនិធិ​មនុស្សធម៌​ណា​ដែល​នឹង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​បំផុត​ជាមួយនឹង​ប្រាក់ ដុល្លារ។ ដូច្នេះ ១០០ ដុល្លារ​នេះ​នឹងធ្វើ​កិច្ចការ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​ពិភពលោក។

កាលពី​ឆ្នាំមុន មហាសេដ្ឋី​រូបនេះ បាន​បរិច្ចាគ​សរុប ៥០ លាន​ដុល្លារ។ ឆ្នាំ​បន្ទាប់ គាត់​មាន​គម្រោង​បរិច្ចាគ ៥០០ លាន​ដុល្លារ ហើយ​ទសវត្សរ៍​ក្រោយ គាត់​ប្រហែលជា​នឹង​បរិច្ចាគ​រហូតដល់ ១០ ពាន់​លាន​ដុល្លារ…

Advertisement