ប្រទេស​ថៃ ដាក់​ការកំណត់​លើ​ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល

ភោជនីយដ្ឋានមួយនៅទីក្រុង នគររាជសីមា (Nakhon Ratchasima) ប្រទេសថៃ មានកន្លែងឃោសនា និងធ្វើបច្ចុប្បន្នភាពអំពីការប្រែប្រួលរបស់ Bitcoin

រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ នៅ ប្រទេស​ថៃ នឹង​មិនមាន​សិទ្ធិ​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់​ដើម្បី​ទូទាត់ ប៉ុន្តែ អាច​ជួញដូរ​ក្នុង​ទម្រង់​ជា​ទ្រព្យ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​ការអនុញ្ញាត​ពីរ​ដ្ឋ។

ធនាគារជាតិ​របស់ ប្រទេស​ថៃ (BoT) បានឱ្យដឹងថា កំពុង​ធ្វើ​សេចក្ដីព្រាង​ការកំណត់​ដើម្បី​ទប់ស្កាត់ Bitcoin និង​បណ្ដា​ប្រាក់​ឌីជីថល​ដទៃទៀត ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ទូទាត់។ ស្ថាប័ន​នេះ​យល់ថា ការប្រែប្រួល​ខ្លាំង​របស់​ពួកវា នឹង​បង្កឱ្យមាន​ហានិភ័យ និង​ធ្វើឱ្យ​អ្នកលក់ និង​អ្នកទិញ​ត្រូវ​ខាតបង់។

អ្នក​ដែល​ត្រូវបាន​រកឃើញថា បាន​បំពាន​ការកំណត់ បើទោះជា​អ្នកទិញ ឬ​អ្នកលក់​ក៏ដោយ នឹងត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០០,០០០ បាត (ប្រហែល ៩,០០០ ដុល្លារ​អាម៉េរិក) បូក​ជាមួយនឹង ១០,០០០ បាត​សម្រាប់ ១ ថ្ងៃ បើសិន​ពួកគេ​បន្ត​ល្មើ​សនឹង​ការកំណត់។

តាម​គម្រោង ការកំណត់​ថ្មី​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ចុងខែ​កុម្ភៈ ២០២។ ឥរិយាបថ​របស់ ថៃ ត្រូវបាន​គេ​យល់ថា នឹង​រឹតត្បិត​ការផ្ទុះ​ឡើង​នៃ​និន្នាការ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​នៅ​ប្រទេស​នេះ ក្នុង​គ្រា​ដែល​តម្លៃ Bitcoin កំពុង​ធ្លាក់ចុះ។

កាលពី​ចុងឆ្នាំ ២០២១ BoT និង គណៈកម្មការ​មូល​ប​ត្រ (SEC) បានអនុញ្ញាត​ឱ្យ​ទិញ លក់ និង​ដោះដូរ​ប្រាក់​ឌីជីថល នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិ​រញ្ញា​វត្ថុ​ទាំងឡាយណា​ដែល SEC បានផ្ដល់​ការយល់ព្រម។

នៅ ប្រទេស​ថៃ មាន​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដោះដូរ​ប្រាក់​ឌីជីថល ចំនួន ៨ មាន​លិខិតអនុញ្ញាត​របស់ SEC រួមមាន​ទាំង Bitkub ដែល​គ្រប់គ្រង​ដោយ​ធនាគារពាណិជ្ជ Siam (SCB) ផងដែរ។

Nares Laopannarai អគ្គលេខា​សមាគម​ទ្រព្យ​ឌីជីថល​ថៃ យល់ថា ការប្រកាស​ថ្មី​បំផុត​នេះ​របស់ BoT បាន​បណ្ដាលឱ្យ​ក្រុមហ៊ុនធំៗត្រូវ​រង​សម្ពាធ ក្នុងនោះ​មាន​ទាំង​បណ្ដា​ក្រុមហ៊ុន​ដែល​បានប្រកាស​វិនិយោគ​ធំ​ទៅលើ​វិស័យ​រូបិយវត្ថុ​ឌីជីថល ពិសេស​គឺ​នៅពេលដែល​តម្លៃ​របស់ Bitcoin កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង។ នេះ​បើតាម​សារព័ត៌មាន​ជប៉ុន Nikkei។

ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រួមមាន ព្រុយ​ណេ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ក៏បាន​ប្រកាស​អនុវត្ត​ការកំណត់​លើ​ការគ្រប់គ្រង​ប្រាក់​ឌីជីថល នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ សូម្បីតែ​ប្រទេស​ដែលមាន​ការនិយម​ប្រើប្រាស់ Bitcoin ដូចជា សិង្ហ​បុរី និង វៀតណាម ក៏​មិន​អនុញ្ញាតឱ្យ​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ (decentralized digital currency) នេះដែរ៕

Advertisement