ធនាគារ​ពាណិជ្ជកម្ម «វ័យជាង ៩០ ឆ្នាំ» នៅ សហរដ្ឋ​អាម៉េរិក ត្រៀម​ផ្ដល់​សេវា Bitcoin (BTC) ដល់​អតិថិជន

Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់​ធនាគារ Flushing មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​នី​វ​យ៉​ក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា New York Digital Investment Group (NYDIG) នៅក្នុង​ការផ្ដល់សេវា Bitcoin ដល់​អតិថិជន​របស់​ខ្លួន។

កិច្ចសហការ​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​ធនា​ការ Flushing ផ្ដល់​សេវា​ទិញ លក់ និង​កាន់កាប់ Bitcoin នៅក្នុង​បរិស្ថាន​សុវត្ថិភាព​បំផុត។ ទន្ទឹមនឹងនេះ Flushing ក៏បាន​បញ្ជាក់ថា ពួកគេ​នឹង​បញ្ចេញ​សេវាកម្ម​មួយចំនួន​ដែល​ទាក់ទង​នឹង BTC នៅ​ចុង​ត្រីមាស​នេះ ហើយ​ថា នឹង​បង្ហើប​ឱ្យដឹង​អំពី​ដំណើរការ​លម្អិត​របស់​សេវា​កម្មនេះ។

ធនាគារ Flushing ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩២៩។ យោងតាម​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បច្ចុប្បន្ន ធនាគារ​នេះ​កំពុង​កាន់កាប់​ទ្រព្យ​តម្លៃ ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល ២០០ លាន​ដុល្លារ។

លោក John R. Buran ប្រធាន​របស់ Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់ ធនា​ការ Flushing បានឱ្យដឹងថា ការផ្ដល់សេវា​ទាក់ទង​នឹង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ Bitcoin របស់​ក្រុមហ៊ុន គឺ​ដោយសារ​ចង់​តាម​ឱ្យទាន់​និន្នាការ​ប្រាក់​ឌីជីថល​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ។

Bitcoin គឺជា​រូបិយវត្ថុ​ឌីជីថល ប្រភេទ គ្រីប​តូ (Cryptocurrency) ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទូទាត់​រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាង​សុវត្ថិភាព និង​យ៉ាង​សម្ងាត់ ដែល​មិន​ស្ថិតក្រោម​ការតាមដាន​ពី​សំណាក់​អាជ្ញាធរ ស្ថាប័នរដ្ឋ ឬ​ប្រទេស​ណាមួយ៕

Advertisement