ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី តេស​ឡា (Tesla) ចំណេញ​កប់​ក្ដោង

តេស​ឡា ដែលមាន​មហាសេដ្ឋី អ៊ី​ឡ​ន ម៉ាស (Elon Musk) ជា​អគ្គនាយក ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ រកបាន​ប្រាក់ចំណេញ​ច្រើនជាង ៣ ដង ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ គឺ​លើសពី​អ្វីដែល Wall Street បាន​ព្យាករ​ទៅទៀត។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី តេស​ឡា កាលពី​ម្សិលមិញ​បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បង្ហាញថា រកបាន​ប្រាក់ចំណេញ ២.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង​យ៉ាងខ្ពស់ ធៀប​នឹង ៩០៣ លាន​ដុល្លារ​កាលពី​ត្រីមាស​ទី ៤ ឆ្នាំ ២០២០។ តួលេខ​នេះ​ក៏​លើសពី​ការ​ព្យាករ ២.៦ ពាន់​លាន​ដុល្លារ​របស់​ក្រុមអ្នកវិភាគ​នៅក្នុង​ការស្ទង់មតិ​រប​ស់ Refinitiv។ ចំណែក​ប្រាក់ចំណូល​វិញ មាន​ចំនួន ១៧.៧ ពាន់​លាន​ដុល្លារ កើន ៦៥%។

លទ្ធផល​ខាងលើ​បាន​ជួយ​ឱ្យប្រាក់​ចំណេញ​ពេញ​មួយឆ្នាំ ២០២១ របស់ តេស​ឡា ឡើងដល់ ៧.៦ ពាន់​លាន​ដុល្លារ។ រីឯ​ប្រាក់ចំណូល​សរុប​ក៏​ឡើងដល់ ៥៣.៨ ពាន់​លាន​ដុល្លារ។

អគ្គនាយក លោក អ៊ី​ឡ​ន ម៉ាស កាលពី​ម្សិលមិញ បានឱ្យដឹងថា តេស​ឡា កំពុង​ផ្អាក​ផែនការ​ផលិត​ថ្មី ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់។

តេស​ឡា មុន​នោះ​ក៏បាន​និយាយ​ដល់​ប្រភេទ​រថយន្ត​ជាច្រើន​ដែល​ជិត​បញ្ចេញ​ពី​រោងចក្រ ដូចជា រថយន្ត​ទ្រុង Cybertruck, រថយន្ត​សណ្ដោង, រថយន្ត Tesla Roadster និង​រថយន្ត​មួយ​ប្រភេទ​ទៀត​ដែលមាន​តម្លៃ​ត្រឹមតែ ២៥,០០០ ដុល្លារ​ប៉ុណ្ណោះ។

កាលពី​ឆ្នាំមុន តេស​ឡា លក់​រថយន្ត​បាន ៩៣៦,០០០ គ្រឿង ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង ៥០០,០០០ គ្រឿង​កាលពី​ឆ្នាំ ២០២០។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា រោងចក្រ​នៅ កាលី​ហ្វ​រ​ញ៉ា នឹង​ផលិត​រថយន្ត តេស​ឡា បាន​លើសពី ៦០០,០០០ គ្រឿង​ជា​រៀងរាល់ឆ្នាំ។ តេស​ឡា នឹង​បង្កើន​ផលិតភាព​នៅក្នុង​រោងចក្រ​នានា ដូចជា​រោងចក្រ​នៅ កាលី​ហ្វា​ញ៉ា, សៀង​ហៃ, តិច​សាស និង ក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់។

ចំណែក​ភាគហ៊ុន​តេស​ឡា កាលពី​ម្សិលមិញ ក៏បាន​កើនឡើង​បន្តិច (២%)។ ចាប់ពី​ដើមឆ្នាំ ២០២២ មកដល់​បច្ចុប្បន្ន ភាគហ៊ុន តេស​ឡា បាន​ថយចុះ ១១.៣%៕

Advertisement