ក្លាយជា​មហាសេដ្ឋី ​ក្រោយ​ពី​​បោះ​បង់​​ការ​សិក្សា​ និង​​បើក​​ក្រុម​ហ៊ុន​​ផ្ដល់​​សេវា​​ទូទាត់​​វិក្កយ​បត្រ

លោក Guillaume Pousaz ប្រធាននាយកប្រតិបត្តិរបស់ Checkout.com

ប្រធាន​នាយក​ប្រតិបត្តិ​របស់ Checkout.com លោក Guillaume Pousaz បាន​បោះបង់​ការសិក្សា​នៅពេលដែល​ឱ​ពុក​របស់គាត់​មាន​ជំងឺមហារីក ហើយ​ក្រោយមក លោក​ក៏បាន​រៀន​ជិះ​ស្គី​លើ​រលក​ទឹក មុនពេល​បាន​ចូលរួម​ប្រលូក​ក្នុង​វិស័យ​ធនាគារ។

លោក Guillaume Pousaz សិក្សា​មុខវិជ្ជា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​នៅឯ​ស្រុកកំណើត​ក្នុង ប្រទេស​ស្វ៊ី​ស ដោយ​សង្ឃឹមថា បានធ្វើការ​ក្នុង​វិស័យ​ធនាគារ​វិនិយោគ។ ក្រោយមក ឪពុក​របស់គាត់​មាន​ជំងឺមហារីក ដូច្នេះ គាត់​ក៏បាន​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំ​សិក្សា​ចុងក្រោយ (២០០៥)។

ពេល​ឪពុក​គាត់​លាចាក​លោក Guillaume Pousaz ក៏​ទៅ​រស់នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក ហើយ​រៀន​ជិះ​ស្គី​លើ​រលក​សមុទ្រ ប៉ុន្តែ ចុងក្រោយ​គាត់​ក៏ត្រូវ​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​មួយ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ​អស់​លុយ​ចាយ។

ឆ្នាំ ២០១២ លោក Guillaume Pousaz បាន​បង្កើត​ក្រុមហ៊ុន​ទូទាត់​តាម​អន​ឡាញ Checkout.com។ «ខ្ញុំ​យល់ថា ប្រឹងប្រែង​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង វា​នឹង​ល្អ​ជាង​ការធ្វើ​ការឱ្យ​អ្នកដទៃ» លោក Guillaume Pousaz ប្រាប់ Telegraph ដូច្នេះ។

កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​នេះ​ប្រមូល​ទុន​បាន ១ ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នកវិនិយោគ ក្នុងនោះ​ក៏មាន Tiger Global Management របស់ Chase Coleman និង Qatar Investment Authority ដែលជា​មូលនិធិ​វិនិយោគ​ជាតិ​របស់ ប្រទេស​កាតា។ Checkout.com ត្រូវបាន​កំណត់​តម្លៃ ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​ឱ្យទ្រព្យរបស់​លោក Pousaz កើន​ដល់​ប្រហែល ១៩.៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម Bloomberg Billionaires Index។

Checkout.com ប្រមូលទុនបាន ១ ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគ កាលពី​សប្ដាហ៍​កន្លង

តាំងពី​ឆ្នាំ ២០០៩ បុរស​នេះ​បាន​ចំណាយ​ប្រាក់ ៣៥០,០០០ ដុល្លារ ទិញ​ក្រុមហ៊ុន​តូច​មួយ​នៅ Mauritius ដែលមាន​លិខិតអនុញ្ញាត​ក្នុងការ​ប្រតិបត្តិ​លើ​ការទូទាត់​តាមរយៈ​បណ្ដាញ​របស់ Mastercard និង Visa។ កាលណោះ ប្រព័ន្ធ​អន​ឡាញ​នានា មាន Gmail ជាដើម កំពុងស្ថិត​នៅក្នុង​ដំណាក់កាលដំបូងៗនៅឡើយ។

ជំហាន​ដ៏​ធំ​មួយ​បាន​កើតឡើង​​ចំពោះ​ក្រុម​ហ៊ុន​នេះ​ កាលពី ៥ ឆ្នាំមុន។ Checkout ត្រូវបាន​ក្រុម​ហ៊ុន​ Netflix ជ្រើសរើស​ជា​ដៃគូ​ផ្គត់ផ្គង់​សេវា​ទូទាត់​វិក្កយបត្រ​របស់ខ្លួន។ ប្រការនេះ​បាន​ជួយ​ឱ្យ Pousaz ប្រមូល​ទុន​បានជា​លើកដំបូង។ កាលណោះ តម្លៃ​មូលធន​ទីផ្សារ​របស់ Checkout ត្រូវ​បានកំណត់​ត្រឹមតែ ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

Checkout រីកចម្រើន​បាន​យ៉ាង​លឿន​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង។ ក្នុង​ឆ្នាំ ២០២១ ក្រុមហ៊ុន​នេះ​បាន​បើក​ការិយាល័យ​ថ្មី​នៅក្នុង​ប្រទេស​ចំនួន ៦ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ជាង ២។ អតិថិជន​របស់ Checkout មានដូចជា ក្រុមហ៊ុន Pizza និង Coinbase ជាដើម។

ក្រុមហ៊ុន​ដែលមាន​ការិយាល័យ​កណ្ដា​ល​នៅ ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស នេះ បានឱ្យដឹងថា ទុន​ដែល​ប្រមូលបាន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ សហរដ្ឋ​អាម៉េរិក និង​វិនិយោគ​ទៅលើ​វិស័យ​បច្ចេកវិទ្យា។

ទ្រព្យ​ដែល​បាន​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ Pousaz បើក​បាន​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់ខ្លួន Zinal Growth។ ក្រុមហ៊ុន​នេះ​វិនិយោគ​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (startup) មានដូចជា Ziina និង Wayflyer ក៏ដូចជា​ក្រុមហ៊ុន blockchain Snickerdoodle Labs ជាដើម។

បើទោះជា​មានទ្រព្យ​ច្រើន ប៉ុន្តែ Pousaz នៅតែ​រក្សា​ទម្លាប់​រស់នៅ​តាមបែប​សាមញ្ញ។ បច្ចុប្បន្ន គាត់ និង​គ្រួសារ រស់នៅក្នុង ទីក្រុង​ឌូ​បៃ របស់ ប្រទេស​អារ៉ាប់​រួម (United Arab Emirates) ដើម្បី​គ្រប់គ្រង​មុខ​ជំនួញ​នៅ មជ្ឈិមបូព៌ា៕

Advertisement