«កុំ​សន្សំ​ប្រាក់​សម្រាប់កូនៗ មុនពេល​សន្សំទ្រព្យ​សម្រាប់​ខ្លួនឯង» នេះ​ជា​អនុសាសន៍​របស់​អតីត​មេដឹកនាំ​មួយរូប នៃ​ក្រុមហ៊ុន​អាម៉េរិក JPMorgan

Anne Lester អតីត​ប្រធាន​ផ្នែក​ដំណោះស្រាយ​សម្រាប់​ការចូលនិវត្តន៍​របស់​ក្រុមហ៊ុន JPMorgan Asset Management បានលើកឡើង​នូវ​អនុសាសន៍​ចំនួន ៦ ប្រការ​ដែល​ទាក់ទង​នឹង​ការត្រៀម​សម្រាប់​អនាគត។

ក្នុងចំណោម​អនុសាសន៍​ទាំងនេះ យើង​ឃើញថា អនុសាសន៍​ទី ៦ ដែល​និយាយ​អំពី «ការ​សន្សំ​ប្រាក់​សម្រាប់កូនៗ មុន​ការ​សន្សំទ្រព្យ​សម្រាប់​ខ្លួនឯង» គឺជា​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍។

អ្នកស្រី Anne Lester លើកឡើងថា នៅពេល​អ្នក​បាន​ក្លាយជា​ឪពុក ឬ​ម្ដាយ​គេ អ្នក​ប្រាកដជា​មានបំណង​លើកយក​តម្រូវការ​រប​ស់កូនៗ ដាក់​ទៅក្នុង​បញ្ជី​អាទិភាព ជាជាង​តម្រូវការ​របស់ខ្លួន។ ប៉ុន្តែ ការ​សន្សំ​ប្រាក់​សម្រាប់​បង់ថ្លៃ​សាលា​មហាវិទ្យាល័យ​ឱ្យកូនៗ នៅមុន​ការ​សន្សំ​ប្រាក់​សម្រាប់​ដំណាក់កាល​ចូលនិវត្តន៍​របស់ខ្លួន គឺជា​កំហុសឆ្គង​មួយ​ដ៏​ធំ។

អ្នកស្រី Anne Lester កាល​នៅ​ធ្វើ​ការ​ឱ្យ​ J.P.Morgan

«មាន​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ការបង់ថ្លៃ​សាលា​នាពេល​អនាគត​របស់កូនៗ ដូចជា ការចូលរួម​ប្រកួតប្រជែង​យក​អាហារូបករណ៍ និង​ការជ្រើសរើស​សាលា​ដែលមាន​ថ្លៃ​សិក្សា​ទាប ឬ​កម្ចី​ឥណទាន​ជាដើម» អ្នកស្រី Anne Lester និយាយ​ដូច្នេះ និង​បន្តថា៖ «កូន​ម្នាក់​របស់ខ្ញុំ​បាន​ចូល​សាកលវិទ្យាល័យ​សាធារណៈ ហើយ​មួយចំនួនទៀត​បានទទួល​អាហារូបករណ៍​រៀន​នៅ​សាលា​មួយចំនួន»។

ការសិក្សា​នាពេល​អនាគត​របស់កូនៗ គឺមាន​វិធី​ជាច្រើន​ដើម្បី​រកប្រាក់​មក​បង់ថ្លៃ​សាលា ប៉ុន្តែ ការចំណាយ​នៅក្នុង​ដំណាក់កាល​ចូលនិវត្តន៍​របស់​អ្នក ទំនងជា​មិនមាន​វិធីសាស្ត្រ​ច្រើន​នោះទេ ក្រៅតែពី​ការ​សន្សំទ្រព្យ​ពេល​ខ្លួន​នៅមាន​សមត្ថភាព​រកប្រាក់។

ក្រៅពី​ការណែនាំ​ខាងលើ អតីត​មេដឹកនាំ​មួយរូប​របស់ JPMorgan ក៏បានផ្ដល់​អនុសាសន៍​មួយចំនួនទៀត រួមមាន៖

១-គួរ​មាន​ខ្ទង់​សន្សំ​សម្រាប់​បញ្ហា​បន្ទាន់
២-គួរ​មាន​សេវា​ធានារ៉ាប់រង​សុខភាព
៣-គួរ​ទូទាត់​បំណុល​ដែលមាន​ការប្រាក់​ខ្ពស់​ឱ្យបាន​ឆាប់
៤-គួរ​កុំ​ទិញ​ផ្ទះ​លើសពី​តម្រូវការ
៥-គួរ​សកម្ម​ក្នុងការ​សន្សំទ្រព្យ​សម្រាប់​ដំណាក់កាល​ចូលនិវត្តន៍

Advertisement