ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ កំពុង​រៀប​​ចំ​ផែនការ​​បោះផ្សាយ​មូល​ប​ត្រ​បំណុល Bitcoin

កាលពី​ថ្ងៃទី ៤ មករា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់ អែល​សាល់​វ៉ា​ឌ័​រ (El Salvador) លោក Alejandro Zelaya បានប្រកាសថា រដ្ឋាភិបាល​ប្រទេស​អាម៉េរិក​ភាគ​កណ្ដាល​នេះ នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល Bitcoin នៅ​អំឡុង​ខែកុម្ភៈ និង​ខែមីនា​ខាងមុខ ដើម្បី​ប្រមូល​ទុន​សម្រាប់​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

ប្រភពព័ត៌មាន​ពី អាម៉េរិក​ឡាទីន បានឱ្យដឹងថា រដ្ឋមន្ត្រី Zelaya ថ្លែងថា បើទោះជា​ការស្ទង់មតិ​លើ​ក្រុម​អ្នកវិនិយោគ​ស្ដីអំពី​លទ្ធភាព​នៃ​តម្រូវការ​លើ​មូល​ប​ត្រ​នេះ​ស្ថិតនៅក្នុង​កម្រិត​ជាង ២០០ លាន​ដុល្លារ​អាម៉េរិក ក៏ដោយ ក៏​រដ្ឋាភិបាល​អែល​សាល់​វ៉ា​ឌ័​រ នៅតែ​រៀប​ផែនការ​បោះផ្សាយ​មូល​ប​ត្រ Bitcoin តម្លៃ ១ ពាន់​លាន​ដុល្លារ។ រដ្ឋមន្ត្រី Zelaya វាយតម្លៃថា ការបោះ​ផ្សាយ​មូល​ប​ត្រ Bitcoin បាន​ជោគជ័យ នឹង​បើកផ្លូវ​ឱ្យ​មានឱកាស​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ថ្មី ទន្ទឹមនឹង​ការបន្ត​បោះផ្សាយ​មូល​ប​ត្រ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។

កាលពី​ខែកញ្ញា ឆ្នាំ ២០២១ អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin ជា​ផ្លូវការ​សម្រាប់​ការជួញដូរ បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​ច្បាប់ Bitcoin កាលពី​ថ្ងៃទី ៩ មិថុនា ២០២១។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ អែលសាល់វ៉ាឌ័រ លោក Alejandro Zelaya

យោងតាម​ច្បាស់​នេះ Bitcoin ត្រូវបាន​ប្រើប្រាស់​ស្របច្បាប់ មិនមាន​កំណត់​នៅក្នុង​ការជួញដូរ​ណាមួយ និង​ចំពោះ​រាល់​មុខតំណែង​ដែល​រូបវន្តបុគ្គល និង​នីតិបុគ្គល​របស់​រដ្ឋ ឬ​ឯកជន​ស្នើ​អនុវត្ត។ ទន្ទឹមនឹងនេះ ច្បាប់​របស់ អែល​សាល់​វ៉ា​ឌ័​រ ក៏បាន​កំណត់ថា ការជួញដូរ​រវាង Bitcoin និង​រូបិយវត្ថុ​ដុល្លារ​អាម៉េរិក នឹងត្រូវ​បានធ្វើ​ឡើង​ដោយ «សេរី ទៅតាម​ទីផ្សារ» ហើយនឹង​មិនត្រូវ​ជាប់​ពន្ធ​លើ​ទុន​បន្ថែម​ដូច​ទៅនឹង​ប្រភេទ​រូបិយវត្ថុ​ស្របច្បាប់​ដទៃ៕

Advertisement