អ៊ីឡុន ម៉ាស (Elon Musk) បាន​លក់​ភាគហ៊ុន Tesla តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២ ខែ​មកនេះ

មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក ជិត​បានសម្រេច​កិច្ច​ការលក់​ភាគហ៊ុន​ចំនួន ១០% ក្នុងចំណោម​ភាគហ៊ុន​របស់លោក នៅក្នុង​ក្រុមហ៊ុន Tesla ទៅតាម​ការសន្យា​នៅក្នុង​ការស្ទង់មតិ​លើ Twitter កាលពី​ខែ​មុន។

យោងតាម​ឯកសារ​ដែល​បានដាក់​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នាយក​ប្រតិបត្តិ​របស់ Tesla លោក អ៊ីឡុន ម៉ាស ទើបតែ​បាន​លក់​ភាគហ៊ុន Tesla ចំនួន ៩៣៤,០០០ ហ៊ុន​ថែមទៀត ធ្វើឱ្យ​ភាគហ៊ុន​សរុប​ដែល​លោក​បាន​លក់​ចាប់តាំងពី​ខែវិច្ឆិកា មកដល់​បច្ចុប្បន្ន ឡើងដល់ ១៥.៦ លាន​ហ៊ុន។ តួលេខ​ភាគហ៊ុន​នេះ​ប្រហាក់ប្រហែល​នឹង​ទឹកប្រាក់ ១៦.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​រូបនេះ​ត្រូវ​ការលក់​ភាគហ៊ុន Tesla ប្រហែល ១៧ លាន​ហ៊ុន ទើបត្រូវ​ទៅតាម​ការសន្យា​លក់​ភាគហ៊ុន ១០% ដែល​លោក​បាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា។

នៅក្នុង​ការស្ទង់មតិ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ខែវិច្ឆិកា ២០២១ ពាក់ព័ន្ធ​នឹង កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme) មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ អ៊ីឡុន​ ម៉ាស បាន​សួរ​អ្នកលេង​បណ្ដាញ​សង្គម​ថា គួរតែ​លក់​ភាគហ៊ុន Tesla ១០% ឬទេ។ ភាគហ៊ុន Tesla បាន​កើនឡើង​ជាង ២,៣០០% ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ។ កាលពី​សប្ដាហ៍​កន្លងទៅ លោក Musk បានប្រកាសថា លោក​ជិត​សម្រេចបាន​គោលដៅ​នៃ​ការលក់​ភាគហ៊ុន​នេះហើយ។

កាលពី​សប្ដាហ៍​កន្លង CEO របស់ Tesla បាន​អះអាងថា លោក​នឹង​បង់ពន្ធ​ជាង ១១ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ។

បច្ចុប្បន្ន មហាសេដ្ឋី អ៊ីឡុន ម៉ាស គឺជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប ២៧៩ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។ ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ជិត ៨០% នៅក្នុង​ឆ្នាំ ២០២១៕

Advertisement