នាយករដ្ឋមន្ត្រី Modi ប្រកាសថា ឥណ្ឌា បានទទួលស្គាល់ និងទិញ ៥០០ Bitcoin?

ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត (Hacker) បាន​ហែក​ចូល និង​គ្រប់គ្រង​គណនី​បណ្ដាញ​សង្គម​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ហើយ​ប្រកាសថា ប្រទេស​នេះ​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin និង​ទិញ​ប្រាក់​នេះ​ចំនួន ៥០០ Bitcoin។

សារព័ត៌មាន CNN បាន​រាយការណ៍​ថា ការិយាល័យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ឱ្យដឹងថា គណនី Twitter របស់លោក Narendra Modi ត្រូវបាន​គេ​លួច​ចូល​គ្រប់គ្រង​យ៉ាង​លឿន បន្ទាប់ពី​សារ​មួយ​ត្រូវបាន​បង្ហោះ​លើ Twitter និយាយថា ប្រទេស​នេះ​បានទទួល​ស្គាល់​រូបិយវត្ថុ​ឌីជីថល Bitcoin ហើយ​ថា នឹង​បែង​ចែកជូន​ប្រជាជន។

«បញ្ហា​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុមហ៊ុន Twitter ហើយ​គណនី​ក៏ត្រូវ​បាន​យកមក​វិញភ្លាម។ នេះ​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែល​បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ។

រូបភាព​ដែល​ថត​បាន​ពី​អេក្រង់​ស្ដីពី​គណនី Twitter របស់ នាយករដ្ឋមន្ត្រី​ឥណ្ឌា បង្ហាញ​ខ្លឹមសារ​ថា៖ «ឥណ្ឌា បាន​យល់ព្រម​ចាត់ទុក Bitcoin ជា​មធ្យោបាយ​ទូទាត់​ស្របច្បាប់។ រដ្ឋាភិបាល​បាន​ទិញ ៥០០ BTC» ហើយ​ថា នឹង «បែងចែក​វា​ឱ្យទៅ​ពលរដ្ឋ​របស់​ប្រទេស​នេះ»។

បច្ចុប្បន្ន សារ​ខាងលើនេះ​ត្រូវបាន​លុបចោល​រួចហើយ។ ទន្ទឹមនឹង​សារ​ខាងលើ តំណ​ភ្ជាប់ (link) ឆបោក​មួយ​ក៏​ទំនងជា​ត្រូវបាន​គេ​ភ្ជាប់​មកជា​មួយ។

គណនី Twitter របស់លោក Modi មាន​អ្នកតាមដាន​ជាង ៧០ លាន​នាក់ ដែល​នេះ ស្ថិតក្នុង​ចំណោម​គណនី​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​ក្នុង​ពិភពលោក។

បច្ចុប្បន្ន ប្រទេស​ឥណ្ឌា មិនទាន់​ទទួលស្គាល់ Bitcoin ជា​មធ្យោបាយ​ទូទាត់​ស្រាប​ច្បាប់​នៅឡើយ៕

Advertisement