កំលោះ​ជា​និស្សិត​ខ្សត់​ប្រាក់ ដឹកនាំ​ក្រុមការងារ​ដែល​ខ្វះ​លុយ រហូត​ក្លាយជា CEO របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី តម្លៃ 6.3 ពាន់​លាន​ដុល្លារ៖ ពេលខ្លះ​នៅក្នុង​គណនី​ធនាគារ​របស់​ក្រុមហ៊ុន នៅសល់តែ​ជាង 200 ដុល្លារ​គត់!

លោក​ Hanno Renner ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Personio

សហ​ស្ថាបនិក​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា Personio និយាយថា៖ គាត់​នៅ​រក្សា​រូប​ដែល​បាន​ថត​ពី​អេក្រង់ ទាក់ទង​នឹង​គណនី​ធនាគារ​ដែល​នៅសល់តែ​ជាង 200 ដុល្លារ​ប៉ុណ្ណោះ ដែល​នោះ​គឺជា​អនុស្សាវរីយ៍​មិនអាច​ភ្លេច​បាន។

គ្រាន់តែ​រយៈពេល 6 ឆ្នាំ​សោះ Personio បាន​ក្លាយជា startup មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែលមាន​តម្លៃ​ជាងគេ​នៅ ទ្វីបអឺរ៉ុប ដោយ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 6.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ មុនពេល​រកឃើញ​ជោគជ័យ​នោះ CEO Hanno Renner បាន​ឆ្លងកាត់​ដំណាក់កាលលំបាកៗជាច្រើន​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស។

Renner បាន​ប្រាប់ CNBC ថា៖ «មាន​ពេល​មួយ​នោះ យើង​នៅសល់តែ 226 ដុល្លារ​គត់ ក្នុង​គណនី​ធនាគារ មុនពេល​បានទទួល​ប្រាក់​វិនិយោគ​ដំបូង»។

លោក​ Renner រួម​នឹង Roman Schumacher, Arsenity Vershinin និង Ignaz Forstmeier បាន​បង្កើត​ក្រុមហ៊ុន Personio នៅក្នុង​ទីក្រុង Munich (ប្រទេស​អាល្លឺម៉ង់) កាលពី​ឆ្នាំ 2015។ ពួកគេ​បាន​ជួបគ្នា​នៅពេល​កំពុង​សិក្សា​ផ្នែក​បច្ចេកវិទ្យា នៅឯ​សាកលវិទ្យាល័យ​មួយ​នៅ Munich។

Personio ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​ម្នាក់​ក្នុងចំណោម​ពួកគេ​និយាយ​អំពី​ឧបសគ្គ​ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស​នៅក្នុង​ក្រុមហ៊ុន ព្រោះតែ​មិនមាន​កម្មវិធី​ផ្នែក​ទន់ (software) ដែល​ជួយ​ដល់​កិច្ចការ​នោះ។

ដោយសារតែ​នៅ​ជា​និស្សិត និង​ពុំទាន់​មានលទ្ធភាព​ជួល​ការិយាល័យ​សម្រាប់​ធ្វើការ​នឹង​គេ ដូច្នេះ ពួកគេ​ត្រូវ​ធ្វើការ​នៅ​កន្លែង​ណា​ក៏បាន ឱ្យតែ​អាច​បង្កើតបាន​ផលិតផល​ដំបូង។ ពួកគេ​ត្រូវ​ប្រើប្រាស់​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការចំណាយ។

ក្រោយពី​ទទួលបាន​ប្រាក់​ពី​អតិថិជន ពួកគេ​ក៏​យកប្រាក់​ចំណូល​នោះ​ទៅ​ចុះឈ្មោះ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់ ជួល​បន្ទប់​ការិយាល័យ​តូច​មួយ និង​ជ្រើសរើស​បុគ្គលិក​មួយចំនួន។ ឆ្នាំ 2016 Personio ប្រមូល​ទុន​បាន 2.1 លាន​ដុល្លារ ពី Global Founders Capital ជា​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​ទៅលើ LinkedIn និង Facebook។

សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Personio

មុនពេលអ្វីៗដំណើរការ​ដោយ​រលូន សហ​ស្ថាបនិក​របស់ Personio ត្រូវ​ដោះស្រាយ​បញ្ហា​ជាច្រើន ក្នុងនោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ​គឺជា​រឿង​ធំ។

«ខ្ញុំ​នៅ​រក្សា​រូប​ដែល​ថត​បាន​ពី​អេក្រង់​ស្ដីពី​គណនី​ធនាគារ​ដែល​នៅសល់តែ​ជាង 200 ដុល្លារ​ប៉ុណ្ណោះ។ នោះ​គឺជា​អនុស្សាវរីយ៍​ដែល​មិនអាច​ភ្លេច​បាន» Renner និយាយ​ដូច្នេះ។

ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Personio បាន​ប្រែប្រួល​ខ្លាំង​បន្ទាប់ពី​ទទួលបាន​ខ្ទង់​វិនិយោគ 2.1 លាន​ដុល្លារ។ ក្នុងការ​ប្រមូល​ទុន​ថ្មី​បំផុត​នៃ​ស៊េរី E កាលពី​ខែ​មុន ក្រុមហ៊ុន Personio រកបាន​ទុនវិនិយោគ 270 លាន​ដុល្លារ និង​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 6.3 ពាន់​លាន​ដុល្លារ។ នេះ​គឺជា​ជំហាន​ដ៏​វែង​សម្រាប់ Personio ព្រោះថា កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​ត្រូវបាន​កំណត់​តម្លៃ​ត្រឹមតែ 1.7 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

គិត​មកដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Personio ប្រមូល​ទុន​​​បាន​សរុប​ចំនួន​​ជាង 500 លាន​ដុល្លារ​អាម៉េរិក ពី​ក្រុម​អ្នកវិនិយោគ។

ខ្ទង់​​ប្រាក់​វិនិយោគ​ថ្មី​បំផុត​​ដែល​​ប្រមូល​បាន​ កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​ប្រភេទ​កម្មវិធី​ថ្មី​ដែលមាន​ឈ្មោះថា People Workflow Automation។ កម្មវិធី​នេះ​នឹង​ជួយ​លុបបំបាត់​រនាំង​រវាង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស និង​ផ្នែកផ្សេងៗរបស់​ក្រុមហ៊ុន។

Renner បាន​បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំ ការបង្កើត​ក្រុមហ៊ុន​មួយ​ឡើង មិនមែន​ដើម្បី​ក្លាយជា​ថៅកែ​របស់​គ្រប់គ្នា​នោះទេ។ ខ្ញុំ​​តែង​តែ​​មាន​បំណង​ធានា​ឱ្យ​ប្រាកដថា បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន ទទួលបាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ ក៏ដូចជា​ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ម្ចាស់​អាជីវកម្ម​មួយរូប​ពិតប្រាកដ»៕

Advertisement