ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ នឹង​សាង​សង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក

ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មាន​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក ដោយ​ប្រភព​ទុនវិនិយោគ​ដំបូង​នឹង​ត្រូវបាន​ប្រមូល​ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់​ប្រាក់​ឌីជីថល​មួយ​នេះ។

ប្រធានាធិបតី Nayib Bukele នៃ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ (El Salvador) កាលពី​ថ្ងៃទី 20 វិច្ឆិកា បានប្រកាស​អំពី​ព័ត៌មាន​ខាងលើ​នៅក្នុង​គ្រា​ដែល​ប្រទេស​អាម៉េរិក​ខាងត្បូង​នេះ រួម​ជាមួយនឹង​ប្រទេសផ្សេងៗក្នុង​តំបន់ កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​វិស័យ​ប្រាក់​ឌីជីថល។

លោក Nayib Bukele បាន​ថ្លែងថា ប្រទេស​របស់លោក​នឹង​ចាប់ផ្ដើម​ប្រមូល​ទុនវិនិយោគ​ពី​ប្រភព​មូល​ប​ត្រ​បំណុល Bitcoin នៅពេល​វា​ត្រូវបាន​បោះផ្សាយ​ក្នុង​ឆ្នាំ 2022។

ទីក្រុង​នេះ​នឹង​មាន​រូប​រាង​មូល​ តំណាង​ឱ្យ​រូប​រាង​របស់​កាក់​ ហើយ​នឹង​ត្រូវ​បាន​សាង​សង់​នៅ​​ភាគ​អាគ្នេយ៍នៃ​តំបន់​ La Unión ​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ លោក Nayib Bukele។

ប្រធានាធិបតី Nayib Bukele នៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador)

ទន្ទឹមនឹង​ការប្រកាស​របស់​មេដឹកនាំ​នៃ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ប្រធាន​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Blockstream លោក Samson Mow ឱ្យដឹងថា ចំពោះមុខ អែល​សាល់​វ៉ា​ឌ័​រ នឹង​បោះផ្សាយ​មូល​ប​ត្រ Bitcoin តម្លៃ 1,000 លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្រមូល​ទុនវិនិយោគ​សម្រាប់​គម្រោង​សាងសង់​ខាងលើ។

សូម​រំលឹកថា កាលពី​ខែកញ្ញា ឆ្នាំ 2021 ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅក្នុង​ការជួញដូរ ទូទាត់ បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​ច្បាប់ Bitcoin កាលពី​ថ្ងៃទី 9 មិថុនា 2021៕

Advertisement