ចំនួន​អ្នក​មាននៅ កូរ៉េខាងត្បូង កើនឡើង​ច្រើន​ដោយសារ​វិនិយោគ​លើ​ភាគហ៊ុន

ចំនួន​អ្នកវិនិយោគ​លើ​ភាគហ៊ុន​នៅ កូរ៉េខាងត្បូង បាន​កើនឡើង​ច្រើន បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ។

យោងតាម​របាយការណ៍​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 14 វិច្ឆិកា ចំនួន​អ្នកមាន​ទ្រព្យ​ចាប់ពី 1 ពាន់​លាន​វ៉ុ​ន (ប្រហែល 847,000 ដុល្លារ​អាម៉េរិក) ឡើងទៅ នៅ កូរ៉េខាងត្បូង បាន​កើន​ជិត 11% កាលពី​ឆ្នាំ 2020 ធៀប​នឹង​ឆ្នាំ 2019 ដែល​នេះ ភាគច្រើន​គឺ​ដោយសារ​ភាគហ៊ុន​ឡើងថ្លៃ។

ជាក់ស្ដែង បើ​យោងតាម Korea Wealth Report 2021 របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ KB តួលេខ​នេះ​បាន​កើន 10.9% ឡើងដល់ 39,300 នាក់​ក្នុង​ឆ្នាំ 2020 ប្រហាក់ប្រហែល​នឹង 0.76% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 52 លាន​នាក់​របស់ កូរ៉េខាងត្បូង។ ក្រៅពីនេះ អត្រាកំណើន​នៃ​អចលនទ្រព្យ​ក្នុង​បញ្ជី​វិនិយោគ​របស់​ពួកគេ​ក៏បាន​កើនឡើង មួយផ្នែក​គឺ​ដោយសារ​ត្រូវបាន​ជំរុញ​ដោយ​លំនៅឋាន​ឡើងថ្លៃ​ខ្ពស់។

របាយការណ៍​បានឱ្យដឹងថា ទ្រព្យសម្បត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ក្រុម​អ្នក​មាននៅ កូរ៉េខាងត្បូង បាន​កើន 21.6% ធៀប​នឹង​ឆ្នាំមុន ដោយ​ឡើងដល់ 2,618 ពាន់​លាន​វ៉ុ​ន ក៏ដោយ​សារ​មូល​ប​ត្រ​ឡើងថ្លៃ​ខ្លាំង។ ក្នុងចំណោម​នេះ 59% នៃ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន បានមកពី​អចលនទ្រព្យ ខណៈ 36.6% ត្រូវបាន​វិនិយោគ​ទៅលើ​ទ្រព្យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

អ្នក​មាននៅ កូរ៉េខាងត្បូង វិនិយោគ​ទៅក្នុង​វិស័យ​អចលនទ្រព្យ​នៅពេល​ទីផ្សារ​អចលនទ្រព្យ​នៅ​ជនបទ​ឡើងថ្លៃ។ ចំណែក​ជនជាតិ​កូរ៉េខាងត្បូង ដែលមាន​ទ្រព្យ​ក្រោម 1 ពាន់​លាន​វ៉ុ​ន វិនិយោគ 78.2% ទៅលើ​អចលនទ្រព្យ និង​ត្រឹមតែ 17.1% ប៉ុណ្ណោះ​ដែល​ត្រូវបាន​វិនិយោគ​ទៅលើ​ទ្រព្យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

នៅក្នុង​ការស្ទង់មតិ​មួយ​របស់ KB ដែល​បាន​ធ្វើឡើង​ចំពោះ​មនុស្ស​ជាង 400 នាក់​នៅ កូរ៉េខាងត្បូង បាន​បង្ហាញថា អត្រា​នៃ​ចំនួន​មនុស្ស​ដែល​វិនិយោគ​ទៅលើ​ភាគហ៊ុន បាន​កើន 5.2% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ 2019៕

Advertisement