អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី សង់​​​បាន​ 26% ហើយ​ ខណៈ​​វិស័យ​ឯកជន បោះទុន​ 15 លាន​ដុល្លារ​ថែម​ទៀត​

វិស័យ​ឯកជន​បាន​បោះទុន​វិនិយោគ 15 លាន​ដុល្លារ​អាម៉េរិក លើ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន CAIC ដោយ​ធនាគារ​ព្រី​នស៍ សម្រាប់​គម្រោង​សាងសង់​សំណង់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្ដ​កណ្ដាល បន្ទាប់ពី កម្ពុជា សម្រេច​បើក​ប្រទេស​ឡើងវិញ។

ពិធី​ចុះហត្ថលេខា​មួយ រវាង​លោក Honn  Sorachna នាយក​ធនាគារ ធនាគារ Prince Bank និង​លោក Charles Vann នាយក​ក្រុមហ៊ុន OCIC ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី  3 ខែវិច្ឆិកា ដោយមាន​វត្តមាន​រប​ស់​អ្នកឧកញ៉ា ពុង ឃែ​វ​សែ នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​កាណាឌីយ៉ា ផងដែរ។

ការចុះហត្ថលេខា​ខាងលើនេះ​គឺជា​ការបញ្ជាក់​អំពី​ការវិនិយោគ​ដោយ​ទឹកប្រាក់ 15 លាន​ដុល្លារ ទៅលើ​មូល​ប​ត្រ​បំណុល​របស់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី (New Phnom Penh International Airport/NPPIA)។ ទឹកប្រាក់​ដែល​ប្រមូលបាន​ពី​កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ និង​ការអភិវឌ្ឍន៍ NPPIA។

គម្រោង NPPIA ដែល​បច្ចុប្បន្ន​សម្រេចបាន 26% លើទឹក​ប្រាក់​ប្រមាណ 346 លាន​ដុល្លារ​អាម៉េរិក (មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​រួច​ដោយ CAIC) នេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ 2023។ នេះ​បើតាម លោក Honn Sorachna នាយក​ធនាគារ Prince។

សូមបញ្ជាក់ថា NPPIA គឺជា​គម្រោង​ធំ​មួយ​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation) ខណៈ​ក្រុមហ៊ុន CAIC ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ឱ្យ​កាន់កាប់​រចនា​​នៃ​​ការ​សាង​សង់ ​ធ្វើ​ហិរញ្ញប្បទាន និង​គ្រប់គ្រង​ប្រតិបត្តិការ​គម្រោង​នេះ។

Advertisement