កំពូល​ស្ត្រី​ឆបោក! បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ធ្វើឱ្យ​ក្រុមហ៊ុន​នានា ខាត​រាប់សិប​លាន​ដុល្លារ

(សហរដ្ឋ​អាម៉េរិក)-Talens អាយុ 41 ឆ្នាំ រស់នៅក្នុង​រដ្ឋ Virginia បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ផលិតផល (voucher) ក្លែងក្លាយ ដើម្បី​លក់​យកប្រាក់ ធ្វើឱ្យ​ក្រុមហ៊ុន​នានា​នៅ សហរដ្ឋ​អាម៉េរិក ខាតបង់​ជិត 32 លាន​ដុល្លារ។

ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) របស់​សហរដ្ឋ​អាម៉េរិក កាលពី​ចុង​សប្ដាហ៍​មុន បានប្រកាសថា បាន​រកឃើញ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ដែលមាន​តម្លៃ​ជាង 1 លាន​ដុល្លារ នៅពេល​ឆែកឆេរ​ផ្ទះ​របស់​នាង Lori Ann Talens និង​ប្ដី​ឈ្មោះ Pacifico Talens នៅឯ ទីក្រុង Virginia Beach រដ្ឋ Virginia។

អធិការ​ប្រៃសណីយ៍ Jason Thomasson ឱ្យដឹងថា៖ «ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ទាំងនេះ​ត្រូវបាន​ញាត់​ជាបាច់ៗចូលក្នុង​ហោប៉ៅ ដាក់​គរ​ក្នុង​រថយន្ត​របស់​ពួកគេ»។ សមត្ថកិច្ច​ក៏បាន​រកឃើញថា ក្នុង​កុំព្យូទ័រ​របស់ Talens ក៏មាន​គំរូ​ដែល​អាចជួយ​ឱ្យ​ស្ត្រី​រូបនេះ បោះ​ពុ​ម្ភ​ប័ណ្ណ បញ្ចុះតម្លៃ​ក្លែងក្លាយ​របស់​ផលិតផល​ជាង 13,000 ប្រភេទ ដោយ​ខ្លួន​នាង​ផ្ទាល់។

«នាង​រៀន​បច្ចេកទេសផ្សេងៗគ្នា​ដោយ​ខ្លួនឯង ដើម្បី​ធ្វើឱ្យ​កូដ​នៅលើ ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ដំណើរការ» សមត្ថកិច្ច​ម្នាក់​ឈ្មោះ Shannon Brill ប្រាប់​សារព័ត៌មាន​ដូច្នេះ។

នាង Talens ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្កើត​កូដ​លើ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ជិត​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​លក់រាយ​របស់​ផលិតផល​ជាក់ស្ដែង​មួយ​មុខ​ទៀតផង។ Thomasson ឱ្យដឹងថា៖ «នាង​បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ ដែលមាន​តម្លៃ 24.99 ដុល្លារ សម្រាប់​ខោ​ទឹកនោម​មួយកញ្ចប់​តម្លៃ 25 ដុល្លារ ហើយ​អាចយ​កវា​ចេញ​ទៅដោយ​ស្ទើរតែ​មិនត្រូវ​ចំណាយ​ប្រាក់»។

បុគ្គលិក​ផ្នែក​គិតលុយ​របស់​ហាង​នានា មិន​យកចិត្តទុកដាក់​ចំពោះ​ប័ណ្ណ​បញ្ចុះតម្លៃ​នោះទេ ឱ្យតែ​ម៉ាស៊ីន​ស្កេ​ន​ស្គាល់​កូដ​លើ​ប័ណ្ណ​នោះ។ ប័ណ្ណ​បញ្ចុះតម្លៃ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញថា​ក្លែងក្លាយ​នៅពេល​វា​ត្រូវបាន​ប្រមូល​បញ្ជូន​ទៅកាន់​ក្រុមហ៊ុន ប៉ុន្តែ វា​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ ហើយ​ស្ទើរតែ​មិនអាច​រកឃើញ​ប្រភព។

Talens មិនបាន​ប្រើប្រាស់​ប័ណ្ណ​បញ្ចុះតម្លៃ​នេះ​ទាំងស្រុង​នោះទេ តែ​នាង​លក់​វា​នៅលើ​បណ្ដាញ​សង្គម ហើយ​ទាក់ទង​អ្នកទិញ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​ដែល​បាន​បំប្លែង​ជា​កូដ។ ប័ណ្ណ​ក្លែងក្លាយ ក្រោយមក​នឹងត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍​ទៅឱ្យ​អ្នកទិញ។

FBI ឱ្យដឹងថា Talens រកបាន​ប្រាក់ចំណេញ​ជាង 400,000 ដុល្លារ តាមរយៈ​ប្រាក់​ឌីជីថល ដូចជា bitcoin ជាដើម ហើយ​ពេលខ្លះ​នាង​ប្ដូរ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​នេះ​ដើម្បី​យក​ក្រដាស​ពិសេស​សម្រាប់​បោះ​ពុ​ម្ភ​ប័ណ្ណ​នេះ»។

ករណី​ឆបោក​នេះ​កើតឡើង​អស់​រយៈពេល 3 ឆ្នាំ រហូតដល់​ថ្ងៃមួយ មាន​អ្នកទិញ​ម្នាក់​សង្ស័យថា នេះ​គឺជា​ប័ណ្ណ​ក្លែងក្លាយ ហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

គ្រួសារ​នាង Talens

កាលពី​ខែកញ្ញា ឆ្នាំ 2021 នាង Talens ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ 12 ឆ្នាំ ដោយសារតែ​បាន​បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ធ្វើឱ្យ​ហាង​លក់រាយ និង​ក្រុមហ៊ុន​ផលិត ខាតបង់​ប្រាក់ 31.8 លាន​ដុល្លារ។ ចំណែក​ប្ដី​របស់ Talens ក៏ត្រូវ​ជាប់ពន្ធនាគារ 7 ឆ្នាំ ព្រោះតែ​ទោស «បានដឹង​អំពី​សកម្មភាព​របស់​ប្រពន្ធ ប៉ុន្តែ​មិន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ទទួលផល​ប្រយោជន៍​ពី​អំពើ​នេះ» នេះ​បើតាម​ក្រសួងយុត្តិធម៌​សហរដ្ឋ​អាម៉េរិក។

ស្ត្រី​ជា​ជនល្មើស​បាន​សារភាពថា នាង​មានការ «ខ្មាសអៀន​ខ្លាំងណាស់» ចំពោះ​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន៕

Advertisement