Facebook នឹង​បង់ថ្លៃ​អត្ថបទ​ឱ្យ​ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​បារាំង

ក្រុមហ៊ុន Facebook សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​មួយចំនួន​នៅ ប្រទេស​បារាំង ទាក់ទង​នឹង​ការទូទាត់​ថ្លៃ​ខ្លឹមសារ​អត្ថបទ​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ចែករំលែក។

កាលពី​ថ្ងៃទី 21 តុលា Facebook បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ផ្ដល់​ការអនុញ្ញាត​ជាមួយនឹង​សម្ព័ន្ធ​សារព័ត៌មាន APIG របស់ បារាំង រួមមាន​បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​តំបន់ ដែល​នេះ «មានន័យថា អ្នកប្រើប្រាស់ Facebook អាច​បង្ហោះ និង​ចែករំលែក​អត្ថបទ​សារព័ត៌មាន​ដោយ​សេរី ទន្ទឹមនឹងនេះ​ក៏​ធានា​នូវ​កម្មសិទ្ធិបញ្ញា​របស់​ដៃគូ​ដែលជា​អ្នក​ផលិត​អត្ថបទ» ផងដែរ។

ជាមួយនឹង​ការដែល​ត្រូវ​បង់ប្រាក់​សម្រាប់​អត្ថបទ​សារព័ត៌មាន​របស់ បារាំង ក្រុមហ៊ុន Facebook ក៏​នឹង​បញ្ចេញ​សេវាកម្ម​ព័ត៌មាន​ជា​ភាសា​បារាំង ដែល​ហៅថា Facebook News នៅ​ខែមករា ឆ្នាំ 2022 ដើម្បី «ផ្ដល់​កន្លែង​សម្រាប់​អ្នកប្រើប្រាស់​ចូលទៅ​អាន​ព័ត៌មាន​ដែលមាន​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មានល្បីៗ និង​គួរ​ជាទី​ទុកចិត្ត»។

ការដោះដូរ​នេះ​ត្រូវបាន​គេ​យល់ថា​ជា ជោគជ័យ​មួយ​ចំពោះ​ការតវ៉ា​ដើម្បី​ការពារ​សិទ្ធិ​ក្នុង​ការផលិត​ព័ត៌មាន​របស់​បណ្ដាញសារព័ត៌មាន​នានា​នៅ ប្រទេស​បារាំង។ កាលពី​ខែមករា ក្រុមហ៊ុន Google ក៏បាន​ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​លើ​សេចក្ដីព្រាង​ជាមួយ APIG ក្នុងការ​បង់ប្រាក់​សម្រាប់​អត្ថបទ​របស់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​ដែល​បង្ហាញខ្លួន​នៅលើ​ឧបករណ៍​រុករក​នេះ​ផងដែរ។

ឆ្នាំ 2019 បារាំង បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង សហភាព​អឺរ៉ុប (EU) ដែល​បានធ្វើឱ្យ​បទបញ្ជា​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ក្លាយទៅជា​ច្បាប់​របស់​រដ្ឋ៕

Advertisement