មហាសេដ្ឋី Gautam Adani ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី

មហា​សេដ្ឋី Gautam Adani

មហាសេដ្ឋី Gautam Adani នៅ ប្រទេស​ឥណ្ឌា រួម​នឹង​គ្រួសារ​របស់លោក រកបាន 10 ពាន់​លាន​រូពី (134 លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​កន្លង ដូច្នេះ ទ្រព្យសម្បត្តិ​របស់​ពួកគេ កើន​លើស​មួយឆ្នាំ​មុន​ជិត 4 ដង ពោលគឺ​ពី 1.4 ទ្រី​លាន​រូពី (ជិត 19 ពាន់​លាន​ដុល្លារ) កាល​ពីមួយ​ឆ្នាំមុន ឡើងដល់​ជាង 5 ទ្រី​លាន​រូពី (68 ពាន់​លាន​ដុល្លារ) នាបច្ចុប្បន្ន។

បញ្ជី​ឈ្មោះ​នៃ​ក្រុម​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា របស់ IIFL Wealth-Hurun India ឆ្នាំ 2021 បានឱ្យដឹងថា ទំហំ​ទ្រព្យសម្បត្តិ​ខាងលើ បាន​ជួយ​ឱ្យ Adani ក្លាយជា​ត្រកូល​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅ ឥណ្ឌា ហើយ Gautam Adani វ័យ 59 ឆ្នាំ បាន​យកឈ្នះ​លើ​ថៅកែ​ក្រុមហ៊ុន​ផលិត​ទឹក​ច្រក​ដប Zhong Shanshan របស់ ប្រទេស​ចិន និង​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ប្រចាំ ទ្វីបអាស៊ី។

នេះ​គឺជា​លើកដំបូង​ហើយ ដែល​ទាំង Gautam Adani និង​បងប្រុស Vinod Shantilal Adani មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ទាំង 10 រូប នៅ ឥណ្ឌា ឆ្នាំ 2021 ក្នុងនោះ Gautam Adani បាន​ឡើងដល់​លំដាប់​ទី 2 ក្នុង​គ្រា​ដែល Vinod Adani និង​គ្រួសារ លោត​ឡើង​បាន 12 កាំ​ថែមទៀត ហើយ​ឈរ​លំដាប់​ទី 8។

មហា​សេដ្ឋី Muskesh Ambani

ទ្រព្យ​របស់​គ្រួសារ Vinod Adani បច្ចុប្បន្ន​មាន​ជាង 1.3 ទ្រី​លាន​រូពី កើន 21%។ ចំណែក​គ្រួសារ​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា Muskesh Ambani រកបាន 1.7 ពាន់​លាន​រូពី/ថ្ងៃ ក្នុង​ឆ្នាំ​កន្លង ហើយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន 9%។

យោងតាម IIFL Wealth-Hurun India ឈ្មោះ​ថ្មី​ចំនួន 229 នាក់ ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​ជាងគេ​នៅ ឥណ្ឌា នា​ឆ្នាំនេះ​ផងដែរ។ ក្រុម​អ្នកមាន​ថ្មី​នេះ​គឺជា​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការធ្វើ IPO (ព្រឹត្តិការណ៍​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​លើកដំបូង) កាលពីពេលថ្មីៗនេះ និង​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែលមាន​កាន់តែច្រើន​នៅ ឥណ្ឌា។

ក្នុងចំណោម​ក្រុម​អ្នកមាន​ថ្មី​នៅ ឥណ្ឌា ខាងលើនេះ មាន 42 នាក់ នៅក្នុង​វិស័យ​គីមី & ប្រេង​គីមី, 33 នាក់​ក្នុង​វិស័យ​ផ្នែក​ទន់ (software) និង​សេវាកម្ម និង 15 នាក់​នៅក្នុង​វិស័យ​សំណង់ & បច្ចេកទេស៕

Advertisement