ម្ចាស់​គ្លីនិក​មួយ​នៅ​ កម្ពុជា​ ក្លាយ​ជា​មហា​សេដ្ឋី​ ក្នុងអំឡុង​ COVID-19

តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ​របស់​វេជ្ជបណ្ឌិត​ Loo Choon Yong បាន​កើន​ឡើង​ដល់​ 1.1​ ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​ក្រុម​ហ៊ុន​របស់​លោក​ បាន​ជួយ​​ដល់​ដំណើរ​ការ​​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ COVID-19 នៅ​ សិង្ហបុរី​។

នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​​របស់​ទស្សនាវដ្ដី Bloomberg ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ម្សិល​មិញ (06 សីហា) ទ្រព្យ​​របស់​វេជ្ជបណ្ឌិត​ Loo Choon Yong នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Raffles Medical បាន​កើន​ឡើង​លើស​ពី​ 1 ពាន់​លាន​ដុល្លារ​ ក្រោយ​ពី​ប្រាក់​ចំណូល​សុទ្ធ​របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​​សុខាភិបាល​នេះ​ កើន​ឡើង​ជាង​ទ្វេដង​ នៅក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ 2021​ ខណៈ​មូលបត្រ​ក៏​បាន​កើន​ 104% ធៀប​នឹង​​ខែ​មីនា​ ឆ្នាំ​ 2020​។

ក្រុម​ហ៊ុន​ Raffles Medical កំពុង​គ្រប់​គ្រង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​ 15​ នៅ​ប្រទេស​សិង្ហបុរី​ និង​ជួយ​ដល់​សកម្មភាព​ចម្រាញ់​រក​អ្នក​ផ្ទុក​វីរុស​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ ក៏​ដូចជា​ផ្ដល់​សេវាកម្ម​​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ផងដែ​រ។ ក្រុមហ៊ុន​នេះ​ ក៏​កំពុង​ដំណើរ​ការ​គ្លីនិក​ជាង​ 80 និង​មន្ទីរ​ពេទ្យ​ចំនួន​ 1 នៅ​ សិង្ហបុរី​។

វេជ្ជបណ្ឌិត Loo Choon Yong

វេជ្ជបណ្ឌិត​ Loo Choon Yong មាន​ភាគ​ហ៊ុន​ប្រមាណ​ 52% នៅ​ក្នុង​ក្រុមហ៊ុន Raffles Medical។ វេជ្ជបណ្ឌិត​វ័យ​ 72 ឆ្នាំ​ ​រូប​នេះ​ បាន​សហការ​បង្កើត​ក្រុម​ហ៊ុន​​នេះ​ ជាមួយមិត្ត​ម្នាក់​ឈ្មោះ Alfred Loh កាល​ពី​ឆ្នាំ​ 1976​។ ដំបូង​ ពួក​គេ​បាន​ទិញ​បន្ទប់​ពិគ្រោះ​ជំងឺ​ចំនួន​​ 2 ផ្សេង​គ្នា​ ហើយ​ចាប់​ផ្ដើម​កសាង​ក្រុមហ៊ុន​នេះ​ទៅ​តាម​ដំណាក់​កាល​។​ ក្រៅ​ពី​ សិង្ហបុរី ក្រុម​ហ៊ុន​ Raffles Medical ក៏​មាន​មន្ទីរពេទ្យ​ចំនួន​ 3 នៅ​​ប្រទេស​ចិន និង​ពង្រីក​អាជីវកម្ម​ទៅ​កាន់​​ប្រទេស​ជប៉ុន និង​ កម្ពុជា​ ផងដែរ​។ នៅ​ភ្នំ​ពេញ​ Raffles Medical មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌពេញ​។

វេជ្ជបណ្ឌិត​ Loo ឱ្យ​ដឹង​ថា៖ «នៅ​ក្នុង​អំឡុង​ COVID-19 អ្នក​ជំងឺ​មាន​ការ​ព្រួយបារម្ភ​ និង​ចង់​តែ​នៅ​ផ្ទះ​ មិន​ចង់​ទៅ​ពិនិត្យ​សុខភាព​ នៅ​ចំពោះ​មុខ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​»។

ដូច្នេះ​ហើយ​ ក្រុម​ហ៊ុន​ក៏​ទទួល​បាន​ការ​អនុញ្ញាត​​ក្នុង​ការ​បញ្ជូន​ក្រុម​វេជ្ជបណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ ទៅ​កាន់​តំបន់​នានា ដើម្បី​ធ្វើ​តេស្ត​រក COVID-19 និង​ចម្រាញ់​រក​អ្នក​ឆ្លង​វីរុស​ នៅ​ព្រលាន​យន្ត​ហោះ​។ ជា​លទ្ធផល​ ប្រាក់​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ​ដែល​ក្រុ​មហ៊ុន​នេះ​រក​បាន​ក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ 2021 នេះ​ ​ឡើង​ដល់​ 28.7​ លាន​ដុល្លារ​អាមេរិក​ កើន​ 138% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ ក្នុង​ឆ្នាំ​ 2020​។ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ ក៏​​បាន​កើន 42% ឡើង​ដល់​ 254.4​ លាន​ដុល្លារ​អាមេរិក​៕

Advertisement