ចំនួន​សេដ្ឋី​ក្នុង​ពិភពលោក នៅតែ​កើនឡើង​ច្រើនជាងពេលណាៗទាំងអស់ បើទោះ​ COVID-19 កំពុង​រាតត្បាត​ខ្លាំង​

មនុស្ស​ជាង 5 លាន​នាក់ បាន​ក្លាយជា​សេដ្ឋី​ដុល្លារ ចាប់ពី​ឆ្នាំ 2019 ដល់​ឆ្នាំ 2020 ដែល​នេះ​ធ្វើឱ្យ​ពិភពលោក មាន​ប្រជាជន​ពេញវ័យ​ជាង 1% ក្លាយជា​សេដ្ឋី​ដុល្លារ។

ក្នុង​រយៈពេល 17 ខែ រាប់​ចាប់តាំងពី COVID-19 បានបង្ហាញ​ខ្លួន មនុស្ស​រាប់សិប​លាន​នាក់ បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​លំបាក​ខ្លាំង ប៉ុន្តែ ក៏មាន​មនុស្ស​រាប់លាន​នាក់ បាន​ក្លាយជា​សេដ្ឋី​ផងដែរ។ យោងតាម​ទិន្នន័យ​ពី​ធនាគារ​ស្វី​ស Credit Suisse ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ខែមិថុនា​កន្លងទៅ មនុស្ស​ជាង 5 លាន​នាក់ បាន​ក្លាយជា​សេដ្ឋី រាប់​ចាប់ពី​ឆ្នាំ 2019 ដល់​ឆ្នាំ 2020 បើទោះជា COVID-19 កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ត្រូវ​ដាំ​ក្បាល។

ចក្រភព​អង់គ្លេស មាន​សេដ្ឋី​ថ្មី ចំនួន 258,000 នាក់​បន្ថែមទៀត នាំឱ្យ​ចំនួន​សេដ្ឋី​នៅ​ប្រទេស​នេះ កើនឡើង​ដល់ 2.5 លាន​នាក់។ យោងតាម Vice នេះ​គឺជា​លើកដំបូង​ហើយ ដែល​ពិភពលោក​ទាំងមូល មាន​ប្រជាជន​ជាង 1% ក្លាយជា​សេដ្ឋី​ប្រាក់​ដុល្លារ។

មិន​ត្រឹមតែ​សេដ្ឋី​នោះទេ ដែល​កើនឡើង​ច្រើន ប៉ុន្តែ ចំនួន​មហាសេដ្ឋី​របស់​ពិភពលោក ក៏បាន​​ និង​កំពុង​កើន​ឡើង​​ច្រើន​​គួរ​ឱ្យ​កត់​សម្គាល់។ តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ប្រចាំឆ្នាំ លើក​ទី 35 របស់​ទស្សនាវដ្ដី Forbes ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ 2020 បង្ហាញថា រៀងរាល់ 17 ម៉ោង ពិភពលោក​ក៏មាន​មហាសេដ្ឋី​ម្នាក់​បង្ហាញខ្លួន។ ធៀប​នឹង​ឆ្នាំ 2019 Forbes បាន​បន្ថែម​មហាសេដ្ឋី​ថ្មី​ចំនួន 660 នាក់​ទៅក្នុង​តារាង​ចំណាត់ថ្នាក់ សម្រាប់​ឆ្នាំ 2020។

នៅក្នុង​របាយការណ៍ Credit Suisse បានឱ្យដឹងថា ការកើនឡើង​នៃ​ចំនួន​សេដ្ឋី ភាគច្រើន​ទាក់ទង​នឹង​អចលនទ្រព្យ​ដែល​ពួកគេ​កំពុង​កាន់កាប់។

អតីត CEO របស់ Black Rock លោក Morris Pearl

Nannette Hechler-Fayd’herbe ប្រធាន​ផ្នែក​សេដ្ឋកិច្ច និង​ស្រាវជ្រាវ​សកល ប្រចាំ​ធនាគារ Credit Suisse ឱ្យដឹងថា ចំនួន​សេដ្ឋី​ដែល​នៅតែ​កើនឡើង​នេះ មួយផ្នែក​ក៏​ទាក់ទង​នឹង​ការដែល​រដ្ឋាភិបាល​បណ្ដា​ប្រទេស ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច និង​ហានិភ័យ​នៃ​អតិ​ភរ​ណា ក្នុងនោះ ក៏មាន​ការជួយ​ជា​ថវិកា​ជំរុញ​សេដ្ឋកិច្ច ដែល​បណ្ដា​ក្រុមហ៊ុន​ជា​​អ្នក​ទទួល​ផល​​ផង​ដែរ។

ចែករំលែក​ជាមួយ Vice អតីត CEO របស់ Black Rock លោក Morris Pearl បាន​និយាយថា៖ «ពុំមាន​អ្វី​អាក្រក់​នោះទេ នៅពេល​គ្រប់គ្នា​មានទ្រព្យ​ច្រើនជាង​មុន។ ប៉ុន្តែ ប្រការ​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់ នោះ​គឺ បញ្ហា​វិសមភាព។ យើង​មិន​ចង់ឃើញ​ទិដ្ឋភាព​សេដ្ឋី​កាន់តែ​មាន​ចំនួនច្រើនឡើងៗ ចំណែកឯ​អ្នក​គ្មាន​ផ្ទះសំបែង​ក៏​ចេះតែ​កើនឡើង​ច្រើន ពីមួយថ្ងៃ ទៅមួយថ្ងៃ»។

លោក Morris Pearl គឺជា​មនុស្ស​ម្នាក់ នៅ​ក្នុងចំណោម​សេដ្ឋី​​ជនជាតិ​អាមេរិក ជាច្រើន​រូប​ ដែល​កំពុង​អំពាវនាវ​ឱ្យ​​រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក ចាត់វិធានការ​ដែលមាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ។

សាស្ត្រាចារ្យ​មួយរូប ថ្លែងថា៖ «ការពិត​មួយ​ដ៏​គួរឱ្យ​ស្រពោន​ចិត្ត នោះ​គឺថា ក្រុម​អ្នកមាន​លំដាប់​កំពូល មិនបាន​​យក​ចិត្ត​ទុក​ដាក់​​លើ​​បញ្ហា​គ្រប់យ៉ាង​ដែល​គ្រប់គ្នា​គិត​នោះឡើយ។ មហាសេដ្ឋី និង​សេដ្ឋី​មិនតិច​នោះទេ ដែល​បាន​ឈប់​គិត ឬ​មិន​អើពើ​ដល់​ផលប្រយោជន៍​សាធារណៈ ព្រោះ​ពួកគេ​ធ្វើ​សកម្មភាព​ជំនួញ​បានល្អ​ណាស់​នៅក្នុង​គ្រានេះ បើទោះជា​មនុស្ស​ជាច្រើន​កំពុង​ជួប​ការលំបាក​ខ្លាំង​ក៏ដោយ»៕

Advertisement