សហរដ្ឋអាមេរិក ចាប់ផ្ដើម​ពិនិត្យ​លើ​ការបង្កើត “​ប្រាក់​ដុល្លារ​អេឡិចត្រូនិក”

សហរដ្ឋអាមេរិក ចាប់ផ្ដើម​ការពិនិត្យ និង​ពិភាក្សា​ថ្នាក់ជាតិ ស្ដីពី​លទ្ធភាព​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិច​ត្រូនិក ឬ​ហៅថា រូបិយវត្ថុ​ឌីជីថល (CBDC) របស់​ធនាគារជាតិ នៃ​ប្រទេស​នេះ។

គណៈកម្មការ​ធនាគារ នៃ​សភាព​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី9 ខែមិថុនា បានធ្វើ​សវនកម្ម​មួយ ស្ដីពី​ប្រធានបទ​ខាងលើនេះ ក្រោម​ការចាត់ចែង​រប​ស់ Elizabeth Warren ដែលជា​តំណាងរាស្ត្រ​មកពី​បក្ស​ប្រជាធិបតេយ្យ។ នាពេលខាងមុខ ធនាគារកណ្ដាល​របស់ សហរដ្ឋអាមេរិក (FED) ក៏​នឹង​ប្រកាស​របាយការណ៍​មួយ ដែល​​លើកឡើង​អំពី​វិធី​គ្រប់គ្រង​របស់ FED ទៅលើ​ការដាក់​ឱ្យប្រើ​ប្រាក់​ដុល្លារ​អេឡិចត្រូនិក​នេះ​ផងដែរ។

ឥរិយាបថ​ខាងលើ បានកើត​មាននៅ​ក្នុង​គ្រា​ដែល​ការប្រកួតប្រជែង​លើ​ទីផ្សារ​នៃ​ប្រាក់​អេឡិចត្រូនិក របស់​ធនាគារកណ្ដាល​នានា (Central Bank Digital Currency / CBDC) កំពុង​កើតឡើង​យ៉ាង​ពុះកញ្ជ្រោល ដោយមាន​ធនាគារកណ្ដាល​ប្រមាណ 60 បាន និង​កំពុង​សម្ដែង​ការចាប់អារម្មណ៍ ឬ​មាន​គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ ខណៈដែល​ប្រទេស​មួយចំនួន បានដាក់​ឱ្យប្រើ​កំណែ​ដំបូង​របស់ CBDC សម្រាប់​ប្រទេស​ពួកគេ។

កន្លងមក ប្រទេស​ចិន បានដាក់​ឱ្យ​ដំណើរការ​ប្រាក់​យុន​អេឡិចត្រូនិក​របស់ខ្លួន នៅក្នុង​ទីក្រុងធំៗមួយចំនួន រួមមាន ប៉េកាំង, សិន​ជិន និង​សៀង​ហៃ​ជាដើម ក្រោមរូបភាព​ឆ្នោត ដែលមាន​រង្វាន់​ជា​កាបូប​អេឡិចត្រូនិក អម​ជាមួយនឹង​ប្រាក់​ខ្ទង់រយ​យុន។ «ស្រោមសំបុត្រ​ក្រហម» នឹងត្រូវ​បាន​ចែកជូន​ពលរដ្ឋ និង​អ្នកឈ្នះ ហើយ​ពួកគេ​ត្រូវ​ទាញយក​កម្មវិធី​ក្នុង​ទូរស័ព្ទ ដើម្បី​ទិញ​ទំនិញ​នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់។

ធនាគារកណ្ដាល​របស់​ចិន បានកំណត់​គោលដៅ ក្លាយជា​ធនាគារជាតិ​ធំ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ដាក់ឱ្យ​ប្រើប្រាស់ CBDC។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ក្នុងការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​ប្រាក់​យុន ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ធនាគារ ការទូទាត់​ជាស​កល ដែល​ប្រាក់​ដុល្លារ​អាមេរិក កំពុងមាន​ប្រៀប​ជាងគេ។

មិន​ដូច​ទៅនឹង​ប្រាក់​អេឡិចត្រូនិកផ្សេងៗដូចជា Bitcoin ជាដើម​នោះទេ ប្រាក់ CBDC ត្រូវបាន​ធានា​ដោយ​ច្បាប់ ហើយ​តម្លៃ​របស់​វា នឹងមាន​ស្ថិរភាព​ដូច​រូបិយវត្ថុ​ប្រភេទ​ក្រដាស ដែល​គេ​ប្រើ​សព្វថ្ងៃ ព្រមទាំង​មិន​លាក់បាំង​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។ សម្រាប់ សហរដ្ឋអាមេរិក ប្រាក់ CBDC នេះ នឹង​ជា​កំណែ​មួយ​របស់​ប្រាក់​ដុល្លារ តែ​ជា​ទម្រង់​ឌីជីថល ខណៈដែល​តម្លៃ​របស់​វា ស្មើនឹង​តម្លៃ​នៃ​ក្រដាសប្រាក់​ដុល្លារ និង​ប្រាក់​កាក់ ព្រោះថា វា​សុទ្ធតែជា​ប្រាក់​ដុល្លារ​អាមេរិក។

យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​សវនកម្ម PwC ធនាគារកណ្ដាល​របស់​សហរដ្ឋ​​អាមេរិក (FED) បានចាប់ផ្ដើម​សិក្សា​អំពី​រូបិយវត្ថុ​ដុល្លារ​ទម្រង់​ឌីជីថល តាំងពី​ឆ្នាំ2018 ប៉ុន្តែ​ការសិក្សា​នេះ ដំណើរការ​យឺត​ជាង បើ​ធៀប​នឹង​ធនាគារជាតិ​មួយចំនួន នៅលើ​ពិភពលោក៕

ប្រភព៖ Axios, VOA
ប្រែ​សម្រួល៖ បុត្រា

Advertisement