ទីផ្សាររូបិយវត្ថុអេឡិចត្រូនិក បាត់បង់ 1,000,000,000,000 ដុល្លារអាមេរិក ចាប់តាំងពីតម្លៃឡើងដល់កំពូល ​កាល​ពី​ខែ​មេសា

ការធ្លាក់​ថ្លៃ​ដ៏​ខ្លាំង​នៃ​រូបិយ​វត្ថិ​អេឡិចត្រូនិក Bitcoin កាលពី​ម្សិលមិញ (19 ឧសភា) បាន​នាំឱ្យ​ទីផ្សារ​រូបិយ​វត្ថិ​អេឡិចត្រូនិក (cryptocurrency) ទាំងមូល បាត់បង់​ជិត 1ម៉ឺន​កោដិ​ដុល្លារ​អាមេរិក (1,000,000,000,000 ដុល្លារ​អាមេរិក/ជាង 4,073,000,000,000,000 រៀល) បើ​ធៀប​នឹង​តម្លៃ​ដែល​ឡើងដល់​កំពូល កាលពី​ខែមេសា ឆ្នាំ2021។

នៅក្នុង​អំឡុងពេល​ធ្លាក់​ថ្លៃ​ចុះ​ទាប​បំផុត តម្លៃ​របស់ Bitcoin បាន​ថយចុះ 12,000ដុល្លារ ប្រហាក់ប្រហែល​នឹង 30% ហើយ​ត្រូវ​ជួញដូរ​ក្នុងតម្លៃ​ត្រឹមតែ​ជាង 30,000ដុល្លារ​អាមេរិក/bitcoin។ ចំណែក Ether ដែលជា​រូបិយវត្ថុ​អេឡិចត្រូនិក​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី Bitcoin ក៏បាន​ធ្លាក់​ថ្លៃ​ប្រមាណ 40% ខណៈ​រូបិយវត្ថុ​អេឡិចត្រូនិក Dogecoin ដាំ​ក្បាល​ចុះ​រហូតដល់ 50%។

ទូរទស្សន៍ RT របស់​រុស្ស៊ី​វិញ បាន​រាយការណ៍​ថា គិត​មកដល់​ម៉ោង 13និង58នាទី នៃ​ថ្ងៃទី19 ខែឧសភា (ម៉ោង​ 20​និង​58​នាទី នៅ​កម្ពុជា) Bitcoin បាន​ធ្លាក់​ថ្លៃ​រហូតដល់ 50% ធៀប​នឹង​តម្លៃ​ខ្ពស់បំផុត (ជិត 65,000 ដុល្លារ/bitcoin) កាលពី​ខែមេសា។

ការដាំ​ក្បាល​ចុះ​នេះ បានកើត​ឡើង បន្ទាប់ពី​ធនាគារ​ប្រជាជន​ចិន ប្រកាសថា មិន​ទទួលយក​រូបិយវត្ថុ​អេឡិចត្រូនិក សម្រាប់​ការទូទាត់។ ស្ថាប័ន​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ បានឱ្យដឹងថា រូបិយវត្ថុ​អេឡិចត្រូនិក មិនមាន​ពិតប្រាកដ ហើយ​ប្រកាសថា មិនអាច​ប្រើប្រាស់​វា​ដើម្បី​ជួញដូរ​ក្នុង​ទីផ្សារ។

រូបិយវត្ថុ​អេឡិច​ត្រូនិក នៅ​លើ​ទីផ្សារ​​ «នាំគ្នា» ឡើង​ពណ៌​ក្រហម គួរ​ឱ្យ​ព្រួយ​បារម្ភ

ទាក់ទិន​នឹង​ការប្រកាស​របស់​ចិន លោក Paul Haswell អ្នកជំនាញ​មកពី​ក្រុមហ៊ុន​ច្បាប់ Pinsent Masons នៅ​ទីក្រុង​ហុងកុង បាន​ប្រាប់​សារព័ត៌មាន Financial Times ថា៖ «មូលហេតុ​គឺ​ដោយសារ​ពួកគេ​មាន​ប្រាក់​យ៉​ន់​អេឡិចត្រូនិក​ផ្ទាល់ខ្លួន និង​មួយផ្នែក​ទៀត​គឺ​ដោយសារ​កង្វះ​ការគ្រប់គ្រង​លើ​លំហូរ​ប្រាក់។ ក្រៅពីនេះ ពួក (អាជ្ញាធរ​ចិន) ព្យាយាម​ធានា​ឱ្យបាន​ប្រាកដថា គ្រប់គ្នា​មិន​ចាញ់បោក​គេ»។

ការប្រកាស​ខាងលើ​របស់​ធនាគារកណ្ដាល​ចិន បានធ្វើឱ្យ​រលក​នៃ​ការលក់​ចេញ Bitcoin របស់​ក្រុម​អ្នកវិនិយោគ កាន់តែ​កើនឡើង​ច្រើនជាង​មុន ក្នុង​គ្រា​ដែល​មួយ​សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន Tesla បានប្រកាស​ផ្អាក​គម្រោង​ទទួលយក​ការទូទាត់​ដោយ​ប្រើ Bitcoin របស់​អតិថិជន​ដែល​ទិញ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ។

មុននេះ Tesla ក៏បាន​ធ្វើឱ្យ Bitcoin ធ្លាក់​ថ្លៃ 10% បន្ទាប់ពី​មាន​ដំណឹង​ចចាមអារ៉ាម​ថា Tesla ទំនងជា​បាន​លក់ ឬ​កំពុងមាន​គម្រោង​លក់ Bitcoin ដែល​ពួកគេ​បាន​ទិញ​ក្នុងតម្លៃ 1.5ពាន់​លាន​ដុល្លារ កាលពីដើម​ខែកុម្ភៈ។ ក្រោយមក តម្លៃ​របស់ Bitcoin បាន​ងើបឡើង​បន្តិច បន្ទាប់ពី​មហាសេដ្ឋី Elon Musk ច្រានចោល​ព័ត៌មាន​ចចាមអារ៉ាម​នេះ។

«ជាការ​ពិត នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល Elon Musk បានប្រកាស​មិន​ប្រកបដោយ​ឯកភាព​នៅលើ Twitter ហើយ​ពេលខ្លះ​ក៏​ខុស​ទាំងស្រុង​ទៀតផង» លោក Ulrik Lykke នាយក​ប្រតិបត្តិ​របស់​មូលនិធិ​វិនិយោគ​រូបិយវត្ថុ ARK36 មាន​យោបល់​ដូច្នេះ។ លោក​ពន្យល់ថា ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក ត្រូវបាន​រុញច្រាន​ទៅតាម​អារម្មណ៍ ខណៈដែល​អ្នកចូលរួម​ជួញដូរ​ប្រាក់​នេះ មាន​និន្នាការ​ប្រតិកម្ម​ជ្រុល​ទៅនឹង​ព្រឹត្តិការណ៍​ដែល​ពួកគេ​យល់ថា អវិជ្ជមាន៕

ប្រភព៖ Financial Times, CoinDesk
ប្រែ​សម្រួល៖ បុត្រា

Advertisement