Pfizer រកចំណូលបាន 3.5ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19 ក្នុង​ត្រីមាស​ទីមួយ

Pfizer បានប្រកាសថា រកបាន​ប្រាក់ចំណូល 3.5ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង Covid-19 នៅក្នុង​រយៈពេល 3ខែ​ដើមឆ្នាំ2021 ក្នុងនោះ ក្រុមហ៊ុន​អាច​ចំណេញ 900លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​ដែល​ត្រូវបាន​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក ប្រកាស​កាលពី​ម្សិលមិញ ខ្ទង់​ចំណូល​បានមកពី​វ៉ាក់សាំង Covid-19 ក្នុង​ត្រីមាស​ទីមួយ ស្មើនឹង ¼ នៃ​ចំណូល​សរុប​របស់ Pfizer។ ក្រុមហ៊ុន​នេះ មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ខ្ទង់​ចំណេញ​ដែល​បានមកពី​វ៉ាក់សាំង Covid-19 ប៉ុន្តែ បាន​រំលឹក​អំពី​ខ្ទង់​ចំណេញ​មុននេះ​គឺ 20% នៃ​ប្រាក់ចំណូល។

ដូច្នេះ ខ្ទង់​ចំណេញ​មុន​ការបង់ពន្ធ ដែល​បានមកពី​វ៉ាក់សាំង Covid-19 ក្នុង 3ខែ​ដំបូង​នៃ​ឆ្នាំ2021 របស់ Pfizer ត្រូវបាន​គេ​គណនា​ឃើញថា ឡើងដល់ 900លាន​ដុល្លារ។

យ៉ាងនេះ​ក្ដី ខ្ទង់​ចំណេញ​ជាក់ស្ដែង​របស់ Pfizer ត្រូវបាន​គេ​ជឿថា ខ្ពស់ជាង​នេះ​ឆ្ងាយ ព្រោះ​ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​ការចែករំលែក​ប្រាក់ចំណូល​ពី​ដៃគូ​សហការ BioNTech របស់​អាល្លឺម៉ង់ ដែល​ក្រុមហ៊ុន​នេះ នឹង​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាស​ទីមួយ នៅ​សប្ដាហ៍​ក្រោយ។ កាលពី​ខែមីនា BioNTech បានឱ្យដឹងថា ពួកគេ​រកបាន​ចំណូល​ជិត 10ពាន់​លាន​អឺរ៉ូ (11.8ពាន់​លាន​ដុល្លារ​អាមេរិក) ដោយយោង​ទៅតាម​ទិន្នន័យ​បញ្ជា​ទិញ​នៅ​អំឡុង​ពេលនោះ។

វ៉ាក់សាំង Covid-19 ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​រកចំណូលបាន​យ៉ាងច្រើន​សន្ធឹក​មកឱ្យ Pfizer និង BioNTech ពិសេស​គឺ​នៅពេលដែល​គ្រប់គ្នា​ត្រូវ​ការចាក់​រំលឹក​ជា​ទៀងទាត់។ Pfizer ព្យាករ​ថា វ៉ាក់សាំង Covid-19 នឹង​រក​ចំណូល​ឱ្យ​ពួកគេ​បាន 26ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ច្រើនជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​ព្យាករ 15ពាន់​លាន​ដុល្លារ​នាពេល​កន្លង។

ក្រុមហ៊ុន Pfizer ឱ្យដឹងថា ពួកគេ​បាន​បញ្ជូន​វ៉ាក់សាំង 430លាន​ដូ​ស​ទៅឱ្យ​ប្រទេស និង​ដែនដី​ចំនួន 91 រួចហើយ។ ប៉ុន្តែ Sharon Castillo ដែលជា​អ្នកនាំពាក្យ​របស់ Pfizer មិនបាន​បង្ហើប​ឱ្យដឹង​អំពី​តួលេខ​នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ជូនទៅឱ្យ​ប្រទេស​ក្រីក្រ ជា​កន្លែង​ដែល Pfizer ធ្លាប់បាន​ប្រកាសថា មិន​យកចំណេញ។

ចំណែក​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញថា Pfizer ផ្ដល់ជំនួយ​តែ 40លាន​ដូ​ស​ប៉ុណ្ណោះ សម្រាប់​កម្មវិធី Covax របស់ WHO ដែល​ផ្ដល់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ ដែល​នេះ​មិនទាន់​ដល់ 2% នៃ​ប្រាក់ចំណូល​ដែល Pfizer រួម​នឹង BioNTech បានកំណត់​គោលដៅ​ក្នុង​ការផលិត​នៅក្នុង​ឆ្នាំនេះ។

សារព័ត៌មាន​ជាច្រើន បានឱ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិក​ត្រូវ​ទិញ​វ៉ាក់សាំង Pfizer ក្នុងតម្លៃ 19.50ដុល្លារ/ដូ​ស ខណៈដែល​អ៊ីស្រាអែល យល់ព្រម​ទិញ​ក្នុងតម្លៃ 30ដុល្លារ។ ចំណែក​សហភាព​អឺរ៉ុប​វិញ ថ្មីៗនេះ បានសម្រេច​ទិញ 1.8ពាន់​លាន​ដូ​ស ប៉ុន្តែ Pfizer មិនបាន​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ​នោះទេ៕

ប្រភព​៖ NY Times
ប្រែសម្រួល​៖ បុត្រា

Advertisement