ត្រូវ​តំណាងរាស្ត្រ​រិះគន់ថា «មាន​ហូ​សហេតុ» Elon Musk ថា «ខ្ញុំ​កំពុង​សន្សំ​ប្រាក់​ដើម្បី​ជួយ​ដល់​មនុស្សជាតិ»

ដោយមាន​ទ្រព្យ​សរុប​ចំនួន 170ពាន់​លាន​ដុល្លារ​អាមេរិក មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក លោក Elon Musk បាន​អះអាងថា ទ្រព្យ​ដែល​លោក​មាន​គឺ​ទុក​សម្រាប់ «ជួយ​ដល់​មនុស្សជាតិ» ដើម្បី​បានរស់នៅ​លើ «ពហុ​ភព»។

ថ្មីៗនេះ CEO របស់ Tesla លោក Elon Musk បាន​ឆ្លើយតប​នឹង​ការរិះគន់​របស់​តំណាងរាស្ត្រ​អាមេរិក Bernie Sanders ទាក់ទិន​នឹង​ទ្រព្យសម្បត្តិ​របស់លោក។ លោក Musk ប្រាប់ថា លោក​នឹង​ប្រើប្រាស់​ប្រាក់​ទាំងនេះ​ដើម្បី​ជួយ​ដល់​មនុស្សជាតិ។ «ខ្ញុំ​កំពុង​សន្សំ​ប្រាក់​ពី​ប្រភព​មួយចំនួន​ដើម្បី​ជួយ​បង្កើត​ជីវភាព​រស់នៅ​នៅលើ​អន្តរ​ភព និង​ពង្រីក​ការយល់ដឹង​អំពី​តារា» លោក Musk បាន​សរសេរ​ឆ្លើយតប​ដូច្នេះ​នៅលើ Twitter។ យោងតាម​ស្ថិតិ​របស់ Bloomberg បច្ចុប្បន្ន​លោក Elon Musk កំពុង​កាន់កាប់​ទ្រព្យ​ក្នុង​ដៃ​ចំនួន 170ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​មហាសេដ្ឋី Jeff Bezos។

តំណាងរាស្ត្រ​មួយចំនួន​នៅ​សភា​អាមេរិក​តែងតែ​ស្នើឱ្យ​មានការ​យកពន្ធ​ច្រើន​ពី​ក្រុម​មហាសេដ្ឋី។ «យើង​កំពុង​ស្ថិតក្នុង​យុគសម័យ​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​មនុស្ស​ពីរ​នាក់ រួមមាន Elon Musk និង Jeff Bezos មានទ្រព្យ​ច្រើនជាង​អ្នកក្រ​បំផុត​ចំនួន​ជាង40% នៅ​សហរដ្ឋអាមេរិក​ទៅទៀត» Bernie Sanders ដែលជា​តំណាងរាស្ត្រ​នៅ​ព្រឹទ្ធសភា បាន​និយាយ​ដូច្នេះ។

លោក Bernie Sanders បន្ថែមថា៖ «កម្រិត​នៃ​ការ​លោភលន់ និង​មិន​ស្មើភាព​គ្នា មិន​ត្រឹមតែ​មិន​ប្រកបដោយ​សីលធម៌​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មិនអាច​ព្យាបាល​បាន​ទៀតផង»។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Musk បានឱ្យដឹងថា លោក​មាន​គម្រោង​ប្រើប្រាស់​ខ្ទង់​ប្រាក់​របស់ខ្លួន​ដើម្បី​បង្កបង្កើត​ជីវភាព​រស់នៅ​លើ​ពហុ​ភព។ កាលពី​ឆ្នាំមុន លោក Musk បាន​រៀប​គម្រោង​នាំ​មនុស្ស​ចំនួន1លាន​នាក់​ឡើងទៅ​រស់នៅ​លើ​ភព​ព្រះ​អង្គារ​នា​ឆ្នាំ2050 និង​បង្កើត​ការងារ​នៅលើ​ភព​ក្រហម​នេះ។ លោក Musk និយាយថា «មាន​ជំនឿ​យ៉ាង​មុតមាំ» ថា យានអវកាស Starship ដំបូង​របស់ SpaceX អាច​ចុះចត​នៅលើ​ភព​អង្គារ​ក្នុង​ឆ្នាំ2026។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​ខាង​អវកាស​បាន​សំដែង​ការសង្ស័យ​ទៅលើ​ពេលវេលា​ដែល​លោក Musk បានលើកឡើង។

លោក Musk និយាយថា «មានជំនឿយ៉ាងមុតមាំ» ថា យានអវកាស Starship ដំបូងរបស់ SpaceX អាចចុះចតនៅលើភពអង្គារក្នុងឆ្នាំ2026

មហាសេដ្ឋី Elon Musk បានបញ្ជាក់យ៉ាងច្បាស់ៗថា លោក​កំពុង​ប្រឹងប្រែង​សន្សំទ្រព្យ​សម្រាប់​សម្រេច​គោលដៅ​ចុងក្រោយ នោះ​គឺ​ទៅ​រស់​នៅលើ​ភព​ព្រះ​អង្គារ។

លោក Elon Musk និយាយថា «ខ្ញុំ​គិតថា ប្រការ​ដែល​សំខាន់​គឺ​មនុស្សជាតិ​ត្រូវតែ​ក្លាយជា​អរិយធម៌​ដែលមាន​សមត្ថភាព​ដើរទេស​ចរណ៍​នៅ​ទី​អវកាស ឬ​ជា​សត្វលោក​ដែល​រស់​នៅលើ​ពហុ​ភព។ ដើម្បី​កសាង​ទីក្រុង​មួយ​នៅលើ​ពិភព​អង្គារ​គឺ​ត្រូវការ​ប្រភពធនធាន​ច្រើន ហើយ​ខ្ញុំ​មានបំណង​ចូលរួមចំណែក​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន»។

មហាសេដ្ឋី Elon Musk និង Jeff Bezos កំពុងតែ​ប្ដូរ​វេន​គ្នា​កាន់កាប់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភព​លោក។ លោក Musk ធ្លាប់​ដណ្ដើមបាន​តំណែង​នេះ​ពី Bezos កាលពី​ខែមករា នៅពេល​ទ្រព្យ​របស់លោក​បាន​ឡើងដល់188ពាន់​លាន​ដុល្លារ​អាមេរិក។

កាលពី​សប្ដាហ៍​មុន តំណាងរាស្ត្រ Sanders បានដាក់​សំណួរ​ជាច្រើន​អំពី​ទ្រព្យសម្បត្តិ​របស់ Bezos តាមរយៈ Twitter ហើយ​ក្រោយមក លោក​ក៏បាន​និយាយ​ដល់​ទ្រព្យ​របស់​មហាសេដ្ឋី​ទាំងពីរ​គឺ Musk និង Bezos នៅក្នុង​សវនាការ​មួយ​របស់​សភា​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

តំណាងរាស្ត្រ Sanders និយាយថា៖ «Bezos និង Musk បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​ទ្រព្យ​របស់​អ្នកក្រ​បំផុត​ដែលមាន​ចំនួន40% នៅ​សហរដ្ឋអាមេរិក ក្នុង​គ្រា​ដែល​យើង​មើលឃើញថា មនុស្សម្នា​កំពុង​អត់ឃ្លាន​នៅ​សហរដ្ឋ​អាមេរិក​ច្រើនជាងពេលណាៗទាំងអស់»៕

ប្រភព៖ BI
ប្រែ​សម្រួល៖ បុត្រា

Advertisement