កម្ពុជា និងចិន ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មរួមគ្នាឱ្យដល់ 1ម៉ឺនលានដុល្លារនៅឆ្នាំ2021

ចិន ជា​ដៃគូ​យ៉ាងសំខាន់​មួយផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដោយពេលថ្មីៗនេះ​ប្រទេស​ទាំងពីរ​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ទូលាយ។

បន្ថែម​ពីលើ​នេះ នៅ​ចុងខែ​កក្កដា​នេះ កម្ពុជា-ចិន ក៏បាន​ប្តេជ្ញា​រួមគ្នា​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វា​ភាគី​ឱ្យបាន 1ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ 2021 ដោយ​ព្យាយាម​ព​ន្លឿ​ន​សកម្មភាព​មួយចំនួន​ដូចជា​ការចរចារ​ពិធីសារ អានា​ម័​យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​កម្ពុជា​ដើម្បី​នាំចូល​ក្នុង​ទីផ្សារ​ចិន។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា កម្ពុជា និង​ចិន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ 2013 និង​ឈានដល​ការបង្កើត​សហគមន៍​វាសនា​រួម​នៅ​ឆ្នាំ 2019។ ទំនាក់ទំនង​នេះ​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ទាំងសងខាង។ ជាក់ស្តែង​យើង​បានឃើញ​ហើយ​ថា នៅ​ឆ្នាំ 2018 ប្រទេស​ទាំង2សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាង 6ពាន់​លាន​ដុល្លារ។ ហេតុនេះហើយ​ទើប​មកដល់ពេលនេះ​ប្រទេស​ទាំងពីរ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ឱ្យដល់ 10ប៊ី​លាន​ដុល្លារ​នាពេលខាងមុខ។

ឯកឧត្តម​បាន​បញ្ជាក់ថា នៅ​ដំណាក់កាល​នេះ​ភាគី​កម្ពុជា​បានស្នើ​សុំ​ភាគី​ចិន​ជួយ​ព​ន្លឿ​ន​ការ ចរចា​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដើម្បី​ឈានទៅ​ចុះហត្ថលេខា​សម្រាប់​នាំចេញ​ដូចជា ផ្លែ​មៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និង​សំបុក​ទឹកមាត់​ត្រចៀកកាំ​ជាដើម។ កន្លងទៅ កម្ពុជា និង​ចិន បាន​ចុះ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​ជា​បន្តបន្ទាប់ ក្នុងការ​នាំចេញ​កសិផល ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រួមមាន អង្ករ ដំឡូង​មី ពោត ចេក និង​ផ្លែស្វាយ​រួចមកហើយ៕

Advertisement