វិបត្តិ Covid-19 ធ្វើវិស័យដឹកជញ្ជូនធ្លាក់ចុះ តែកម្ពុជានៅតែព្យាយាមភ្ជាប់ការដឹកជញ្ជូនដោយប្រុងប្រយ័ត្ន

ក្រោយពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ប្រែប្រួល​យ៉ាងខ្លាំង ដោយ​ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ជា​ផ្នែក​សំខាន់​មួយ​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ជំងឺ Covid-19 បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ដឹកជញ្ជូន​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស។ ជា​លទ្ធផល​នៅក្នុង​ឆមាស​ទី1 ដើមឆ្នាំ2020នេះ អ្នកដំណើរ​ដែល​ចូលមក​កាន់​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ 68% ដោយមាន​ចំនួន​ត្រឹមតែ 1.95លាន​នាក់​ប៉ុណ្ណោះ។ ចំណែក​ឯការ​ចរាចរណ៍​ទំនិញ​វិញ​ក៏មាន​ការធ្លាក់ចុះ​រហូត​ដល់​ទៅ 30% ដោយមាន​ចំនួន​ប្រមាណ 25,000តោន។

បញ្ហា​ទាំងអស់នេះ​ក៏មាន​ការចូល​រួមមួយ​ផ្នែក​ផងដែរ​ពី​ការបិទ​ច្រកទ្វា​ឆ្លងកាត់​ព្រំដែន​បណ្តោះអាសន្ន ដោយមាន​ការឯកភាព​គ្នា​ពី​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជំងឺ Covid-19។ ទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា​ក៏​ព្យាយាម​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដោយ​ចេញ​វិធានការសំខាន់ៗចំនួន3 ដើម្បី​ធានាថា​ការដឹកជញ្ជូន​ទំនិញ​នៅតែ​អាច​ធ្វើបាន ស្រប​ពេលដែល​ការការពារ​ពី​ជំងឺឆ្លង Covid-19 នៅតែ​ត្រូវបាន​អនុវត្ត។

វិធានការ​សំខាន់​ទី1 គឺ​ត្រូវ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ដឹកទំនិញ​របស់​ប្រទេស​នាំចេញ​ទៅកាន់​ប្រទេស​នាំចូល​នៅត្រង់​ទីតាំង​កំណត់​មួយ។

វិធានការ​ទី2 ត្រូវ​ប្តូរ​រ៉ឺម៉ក​សណ្តោង​នៅត្រង់​ទីតាំង​កំណត់​នោះ។

វិធានការ​ទី3 កំណត់​ចំនួន​រថយន្ត​ចេញ-ចូល​ឱ្យបាន​ច្បាស់លាស់​តាម​ពេល​ម៉ោង​ជាក់លាក់ និង​ការកំណត់​ចំនួន​មនុស្ស​ច្រើន បំផុត​ក្នុង​រថយន្ត​ត្រឹម​ចំនួន2នាក់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19៕

Advertisement