លោក Elon Musk ធ្លាប់​ប្រើ​កម្លាំង​បាយ​ដើម្បី​រក​ប្រាក់ មុន​នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ល្បី​ឈ្មោះ​ក្នុងពិភព​លោក

មុន​ពេល​ក្លាយ​ជា​មហា​សេដ្ឋី​ល្បី​ឈ្មោះ​នៅ​តំបន់​ Silicon ជាមួយ​នឹង​ក្រុម​ហ៊ុន Tesla និង SpaceX លោក Elon Musk ធ្លាប់​បាន​ធ្វើ​ការ​ងារ​ច្រើនដែល​មនុស្ស​ទូទៅ​យល់​ថា​ជា​ការ​ងារ​ប្រើ​កម្លាំង​បាយ​ដ៏​លំបាក ដែលក្នុង​នោះ​មាន​ដូច​ជា​ អ្នក​សម្អាត អ្នក​អារ​ឈើ អ្នក​ដាំ​បន្លែ។ល។

លោក​ Elon Musk កាល​ពី​នៅ​ក្មេង​ ធ្លាប់​បាន​ឆ្លង​កាត់​ការ​រក​លុយ​យ៉ាង​លំបាក

កាល​ពី​អាយុ 17​ឆ្នាំ លោក​ Elon Musk បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ទៅ​រស់​នៅ​ជា​មួយ​សាច់ញាតិ​របស់គាត់​នៅ​ប្រទេស​កាណាដា។ លោក​ Elon Musk បាន​ចាប់​ផ្ដើម​ការ​ងារ​ថ្មី​របស់​ខ្លួន​នៅ​ Waldeck (Saskatchewan, Canada) ដោយ​ធ្វើ​ជា​អ្នក​ដាំបន្លែ។ បន្ទាប់​មក លោក​ក៏​បាន​ចូល​រៀន​ផ្នែក​ជាង​អារ​ឈើ​នៅ​ ​Vancouver។ លោក​ Elon Musk បច្ចុប្បន្ន​ គឺជា​មនុស្ស​ឆ្លាត​វៃ ប៉ុន្តែកាល​ណោះ ដើម្បី​បាន​លុយ​ច្រើន លោក​បែរ​ជា​​សម្រេច​ជ្រើស​រើសធ្វើ​ការ​ងារ​ប្រើ​កម្លាំង​បាយ​ទៅ​វិញ ដោយ​ធ្វើ​​ជា​អ្នក​សម្អាត​ និង​រៀប​ចំ​ក្នុង​រោង​ចក្រ​អារ​ឈើ​។

មហា​​សេដ្ឋី​រូប​នេះ ធ្លាប់​បាន​ឱ្យ​ដឹង​ថា កន្លែង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​របស់​លោក គឺ​ជា​កន្លែង​ក្ដៅ​ខ្លាំង ហើយអាច​បាត់​បង់​ជីវិត ​បើ​សិន​អ្នក​ឈរ​នៅ​ទី​នោះតែ​កន្លះ​ម៉ោង​​។ យ៉ាង​នេះ​ក្ដី ប្រាក់ខែ​ដែល​លោក​ទទួល​បាន ​គឹ​ត្រឹម​តែ​ 18ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1​ម៉ោង​។

លោក​ Elon Musk បាន​បង្ហើប​ប្រាប់​អ្នក​កា​សែត​ថា លោក ​គឺជា​អ្នក​តស៊ូ​ម្នាក់​នៅ​ក្នុង​រោង​ចក្រ​នោះ ព្រោះ​ថា នៅ​ក្នុង​រោង​ចក្រ​នោះ មាន​តែ​លោក​ម្នាក់​គត់​ដែល​ធ្វើ​ការនេះ​បាន​យូរ​ជាង​គេ​។ ប៉ុន្តែក្រោយ​មក​ លោក​ក៏​បាន​សម្រេច​ចិត្ត​សុំ​ឈប់​ពីការ​ងារ​នោះ ហើយ​ក៏​ងាក​មក​រក​វិស័យ​បច្ចេក​វិទ្យាវិញម្ដង។

Tesla គឺជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គីសនី​ទំនើប​របស់​លោក​ Elon Musk

ឆ្នាំ​1997 ម្ចាស់​ក្រុម​ហ៊ុន SpacX រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Pennsylvania ហើយបន្ត​ការ​សិក្សា​នៅ​​សាកលវិទ្យា​ល័យ Stanford។ ក្រោយ​មក​ទៀត​ លោក​ក៏​បានដាក់​ពាក្យ​​សុំ​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន Netscape ព្រោះ​តែ​ស្រឡាញ់​វិស័យ​បច្ចេក​វិទ្យា។ ប៉ុន្តែបំណង​របស់​លោក​​ត្រូវ​គេ​បដិសេធ។ លោក​គិត​ថា នេះ​អាច​មក​ពី​លោក​មិន​មាន​សញ្ញាបត្រ​ ឬ​បទ​ពិសោធ​ទាក់​ទិន​នឹង​កុំព្យូទ័រ។

បើ​ទោះ​ជា​ការ​ចាប់​ផ្ដើម​របស់​លោក​មានការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែក្រោយ​មកលោក​ក៏​បាន​បង្កើត​ក្រុម​ហ៊ុន​ Zip2 និង​បាន​លក់​ទៅ​ឱ្យ​ Compaq​ ក្នុង​​ឆ្នាំ1999 ក្នុង​តម្លៃ 300លាន​ដុល្លារ​អាមេរិក។ លោក​បាន​បង្កើត Zip2 បន្ទាប់​ពី​បរាជ័យ​ក្នុងការចង់ធ្វើការនៅ Netscape។ មហា​សេដ្ឋី​រូប​នេះ ធ្លាប់​បាន​គិត​ថា ខ្លួន​ត្រូវ​តែ​បង្កើត​ក្រុម​ហ៊ុន​តូច​មួយ​ជា​មុនសិន ហើយ​បើ​បរាជ័យ លោក​អាច​វិល​ទៅ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យបានទៀត​។

Zip2 គឺជា​គេហ​ទំព័រ​មួយ​ដែល​ផ្ដល់​សេវា​ណែ​នាំ​ផ្នែក​ទេស​ចរណ៍​ឱ្យ​កាសែត​ New York Times និង Chicago Tribune។

ក្រោយ​មក​ទៀត​ បន្ទាប់​ពី​បាន​ប្រាក់​ពី​ការ​លក់ក្រុម​ហ៊ុន Zip2 លោក​ក៏​បាន​បង្កើត​ X.com ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្មផ្នែកហិរញ្ញ​វត្ថុ ដែល​ក្រោយ​មក​ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ PayPal​ រហូត​ដល់​បច្ចុប្បន្ន។ ឆ្នាំ2002 eBay បាន​ទិញយក PayPal ក្នុង​តម្លៃ​ទឹក​ប្រាក់ 1.5ពាន់​លាន​ដុល្លារ​អាមេរិក​។

នេះ​គឺជា​ក្រុម​ហ៊ុន​៊អវកាស SpaceX របស់​លោក​ Elon Musk

លោក Elon Musk បន្ត​បង្កើត​ក្រុម​ហ៊ុន SpaceX ក្នុង​ឆ្នាំ2002 និង​ Tesla នៅឆ្នាំ2003។ ឆ្នាំ2016 លោក​ថែម​ទាំង​បាន​បង្កើត​ក្រុម​ហ៊ុន Neuralink ដែល​មាន​ជំនាញ​ខាង​បំពាក់កុំព្យូទ័រ​ទៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ ដើម្បី​តាម​ឱ្យ​ទាន់​បច្ចក​វិទ្យាបញ្ញា​សិប្បនិម្មិត។ មិនយូរ​ប៉ុន្មាន​លោក​ក៏​បង្កើត​ក្រុម​ហ៊ុន The Boring Company។

បច្ចុប្បន្នលោក Elon Musk គឺ​ជា​មហា​សេដ្ឋីមួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យសម្បត្តិ 27.5ពាន់​លាន​ដុល្លារ​អាមេរិក​៕

 

Advertisement