​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

(វៀតណាម) – យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​វិនិយោគ​បរទេស​នៃ​ក្រសួង​ផែនការ​ និង​វិនិយោគ​ គិត​ត្រឹម​ថ្ងៃទី 20 កញ្ញា 2023 ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​ដែល​វៀតណាម​ទទួល​បាន​គឺ​ជិត 20.21 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 7.7% បើ​ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

ក្នុង​ចំណោម​រំហូរ​ទុន FDI នៅ​វៀតណាមក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 មាន​ខ្ទង់​​វិនិយោគ​ថ្មី​ចំនួន 2,254 គម្រោង​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ ដោយ​មាន​ទុក​សរុប​ជាង 10.23 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 43.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។

គិត​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​ ទុន FDI ត្រូវ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​ចំនួន​ 18 ក្នុង​ចំណោម​ 21 របស់​វៀតណាម​​។ ក្នុង​នោះ​ វិស័យ​ឧស្សាហកម្ម​​កែច្នៃ​ ផលិត​ ទទួល​បាន​ទុន​​បរទេស​ច្រើន​ជាង​គេ​ ពោល​គឺ​ជាង 14 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 69.3% ធៀប​នឹង​ទុន​សរុប​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ និង​កើន​ 15.5% ខណៈ​​​វិស័យ​អចលនទ្រព្យ​ ឈរ​លំដាប់​លេខ​ពីរ​ ដោយ​ទទួល​បាន​ទុក​ជិត 1.94 ពាន់​លាន​ដុល្លារ​ ស្មើ​នឹង​ជាង 9.6% ក្នុងចំណោម​ទុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ ពោល​គឺ​ថយ​ចុះ 45% បើ​​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

យោង​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) សេដ្ឋកិច្ច​វៀតណាម​មាន​ភាព​​រឹង​មាំ ហើយ​អាច​ងើប​ឡើងឆាប់​រហ័ស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ ADB ឱ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​​វៀតណាម​នឹង​កើន​ 5.8% ក្នុង​ឆ្នាំ 2023 និង​ 6% ក្នុង​ឆ្នាំ 2024​ ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 6.5% និង 6.8% ដែល​ស្ថាប័ន​នេះ​បាន​ព្យាករ​កាល​​​ខែ​មេសា 2023៕

Advertisement