ឥណ្ឌូណេស៊ី «​បញ្ចុះ​អត្រាពន្ធ​ចំពោះ​​ការ​ទិញ​រថយន្ត​អគ្គិសនី​» មក​នៅត្រឹម «​មួយ​ភាគរយ»

យោងតាម​ទំព័រ Reuters ឥណ្ឌូណេស៊ី​បាន​បញ្ចុះ​អត្រាពន្ធ​លើ​តម្លៃបន្ថែម (VAT) ចំពោះ​រថយន្ត​អគ្គិសនី​ប្រើ​ថ្ម​ផ្ទុក​ថាមពល ពី 11% ចុះមក​នៅត្រឹម 1% ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការប្រើប្រាស់​រថយន្ត​​អគ្គិសនី។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានប្រកាស​ពី​ការ​បញ្ចុះ​អត្រា​ពន្ធ​នេះ​​កាលពី​ថ្ងៃទី 03 មេសា ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគ​សម្រាប់​ការផលិត​យាន​យន្ត​អគ្គិសនី​ក្នុងស្រុក។ ក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី​បានប្រកាសថា ការផ្ដល់ជូន​នេះ​មាន​សុពលភាព​ចាប់ពី​ខែ​នេះ​រហូតដល់​ដំណាច់ឆ្នាំ 2023។

ការបញ្ចុះ​អត្រាពន្ធ​លើ​តម្លៃបន្ថែម​នេះ​ក៏​ត្រូវបាន​អនុវត្ត​ចំពោះ​រថយន្តក្រុង​មួយ​ចំនួន​ដែល​​ដំណើរ​ការ​ដោយ​ថាមពល​​អគ្គិសនី​​ផងដែរ។

ឥណ្ឌូណេស៊ី​កំពុងតែ​ជំរុញ​ការប្រឹងប្រែង​ក្នុងការ​ស្រូប​ទាញ​ទុនវិនិយោគ​ទៅក្នុង​វិស័យ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី​ក្នុងប្រទេស ដើម្បី​ទាញយក​ប្រយោជន៍​ពី​ភាពសម្បូរ​រ៉ែ​នី​កែ​ល ដែលជា​វត្ថុ​ធាត់​សំខាន់​សម្រាប់​ការ​​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី របស់​ប្រទេស​នេះ។

ក្រុមមន្ត្រី​ពាក់ព័ន្ធ​នៅ​ឥណ្ឌូណេស៊ី បាន និង​កំពុង​ព្យាយាម​អូសទាញ​ការវិនិយោគ​ពី​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនីធំៗ មាន​ជាអាទិ៍ Tesla របស់​អាម៉េរិក និង BYD របស់​ចិន​។ ចំណែក LG និង Hyundai បានចាប់ផ្ដើម​សាងសង់​បណ្ដា​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​នៅ​ប្រទេស​នេះ​រួចហើយ។

កាលពី​ខែ​មុន ឥណ្ឌូណេស៊ី​បានឱ្យដឹងថា នឹង​បែងចែក​ប្រាក់ 466.77 លាន​ដុល្លារ​​អាម៉េរិក​នៅក្នុង​មូលនិធិ​ជាតិ​ដើម្បី​ឧបត្ថម្ភ​ដល់​ការលក់​ម៉ូតូ​អគ្គិសនី​រហូតដល់​ឆ្នាំ 2024៕

Advertisement