«ទិដ្ឋាការ​មាស» របស់ ប្រទេស​ថៃ ទាក់ទាញ​ជនជាតិ​អាម៉េរិក និង​ ជន​ជាតិ​​ចិន ច្រើន​ជាង​គេ

អាជ្ញាធរ​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ (LTR) ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលជា​អ្នក​មានមក​វិនិយោគ ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

ប្រទេស​ថៃ ទទួលបាន​ការចុះឈ្មោះ​​ស្នើ​សុំ​ទិដ្ឋាការ​ទៅតាម​កម្មវិធី​ស្នាក់នៅ​ក្នុង​រយៈពេល​យូរ (LTR) ពី​ប្រជាពលរដ្ឋ​បរទេស​ចំនួន​ប្រហែល ៤០០ នាក់ ក្នុង​រយៈពេលតែ​ ១២ ថ្ងៃ​ដំបូង បន្ទាប់ពី​​បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី។ នេះ​បើ​យោង​តាម​លោក Narit Therdsteerasukdi អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ។

លោក Narit បញ្ជាក់ថា ជនជាតិ​អាម៉េរិក មាន​ចំនួន ២០% ក្នុងចំណោម​ពាក្យសុំ​ទិដ្ឋាការ។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ ជនជាតិ​ចិន (១៥%) និង​តាម​ពីក្រោយ​ដោយ ជនជាតិ​អង់គ្លេស (១០%)។

ប្រទេស​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ជនជាតិ​បរទេស​ដែលជា​អ្នកមាន មក​វិនិយោគ​នៅ ប្រទេស​ថៃ ក្នុង​បំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ។ កម្មវិធី LTR កំណត់​គោលដៅ​ទាក់ទាញ​អ្នកមាន​ទ្រព្យ​ច្រើន និង​អ្នកមាន​ជំនាញ​ការងារ​ខ្ពស់​ពី​បរទេស​ឱ្យបាន ១ លាន​នាក់​ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ ដែល​នេះ​នឹង​រួមចំណែក ១ ទ្រី​លាន​បាត (២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ។

ក្រុម​ពលរដ្ឋ​បរទេស​ជា​គោលដៅ​របស់ LTR ត្រូវបាន​បែងចែក​ជា ៤ ប្រភេទ រួមមាន ពលរដ្ឋ​អ្នកមាន​ទ្រព្យ​ច្រើន, អ្នក​ចូលនិវត្តន៍​មានទ្រព្យ​ច្រើន, អ្នកឯកទេស​បរទេស​ដែល​ធ្វើការ​នៅ ប្រទេស​ថៃ និង​អ្នកឯកទេស​បរទេស​ដែលមាន​ជំនាញ​ខ្ពស់។

លក្ខខណ្ឌ​ពិសេស​មួយចំនួន​ត្រូវបាន​អនុវត្ត​សម្រាប់​បេក្ខភាព​ដែល​ស្នើសុំ​ទិដ្ឋាការ LTR ក្នុងនោះ​មានដូចជា ពលរដ្ឋ​បរទេស​ដែល​វិនិយោគ​យ៉ាងតិច​កន្លះ​លាន​ដុល្លារ​នៅ ប្រទេស​ថៃ ឬ​មានទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​អាម៉េរិក និង ពលរដ្ឋ​បរទេស​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវមាន​បទ​ពិសេស​ន៍​យ៉ាងតិច ៥ ឆ្នាំ ក្នុង​វិស័យ​ដែល​ខ្លួន​កំពុងធ្វើការ។ល។

កម្មវិធី​ខាងលើ​អនុញ្ញាតឱ្យ​អ្នកមាន​ទិដ្ឋាការ LTR អាច​សុំ​ពន្យារពេល​លើ​ការ​ស្នាក់នៅ​រហូតដល់ ១០ ឆ្នាំ រួម​នឹង​សិទ្ធិ​ពិសេស​ជាច្រើន​ផ្សេងទៀត។

ក្នុងចំណោម​មនុស្ស​ប្រហែល ៤០០ នាក់​ដំបូង​ដែល​បាន​ចុះឈ្មោះ​សុំ​ទិដ្ឋាការ LTR មាន ៤០% ជា​អ្នក​ចូលនិវត្តន៍​ដែលមាន​ទ្រព្យ​ច្រើន, ៣០% ជា​អ្នកឯកទេស​ធ្វើការ​នៅ ប្រទេស​ថៃ។ ក្រៅពីនេះ​គឺជា​ពលរដ្ឋ​អ្នកមាន និង​អ្នកឯកទេស​មាន​ជំនាញ​ខ្ពស់៕

Advertisement