អឺរ៉ុប បញ្ចេញ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បញ្ហា​ចំណាយ​លើ​ថាមពល​របស់​ប្រជាជន

ទឹកប្រាក់​សរុប​ដែល អង់គ្លេស និង សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​បញ្ចេញ​ដើម្បី​ជួយ​បង់ថ្លៃ​វិក្កយបត្រ​ថាមពល​ខ្លះ​ជូន​ប្រជាជន និង​សហគ្រាស បាន​កើន​ឡើងដល់​ជាង ៥០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

រដ្ឋាភិបាល​អង់គ្លេស ទើបតែ​បានបញ្ជាក់​អំពី​ផែនការ​ផ្ដល់ជំនួយ​ជា​ថ្លៃ​ថាមពល​សម្រាប់​គ្រួសារ និង​សហគ្រាស​របស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នៅក្នុង​រដូវរងា​ឆ្នាំនេះ។ សហគមន៍​អ្នកវិភាគ​យល់ថា ផែនការ​ខាងលើ​របស់ អង់គ្លេស អាច​ឡើងដល់ ១៥០ ពាន់​លាន​ផោន (ប្រហែល ១៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

គិត​ជា​សរុប កញ្ចប់​ជំនួយ​ផ្នែក​ថាមពល នៅ​ទូទាំង​អឺរ៉ុប (EU បូក​នឹង អង់គ្លេស) បាន​ឡើងដល់​ជាង ៥០០ ពាន់​លាន​អឺរ៉ូ (៥០០ ពាន់​លាន​ដុល្លារ​អា​ម៉េ​រិ) ទៅហើយ នេះ​បើតាម CNN។

ចាប់ពី​ខែតុលា​ខាងមុខ គ្រួសារ​ដែលមាន​ជីវភាព​មធ្យម​នៅ ប្រទេស​អង់គ្លេស​នឹងត្រូវ​ចំណាយ​មិន​លើសពី ២,៥០០ ផោន សម្រាប់​វិក្កយបត្រ​ថាមពល​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ។ រដ្ឋាភិបាល​អង់គ្លេស ក៏​នឹង​ផ្ដល់ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន សហគ្រាស និង​អង្គការក្រៅរដ្ឋាភិបាល រួម​នឹង​ស្ថាប័ន​សាធារណៈ នៅក្នុង​អំឡុង ៦ ខែ​ទៅមុខ ឬ​យូរ​ជាង​នេះ។

Salomon Fiedler អ្នកវិភាគ​ប្រចាំ​ធនាគារ Berenberg ឱ្យដឹងថា គិត​ដោយឡែក កញ្ចប់​ជំនួយ​សម្រាប់​គ្រួសារ​នៅ អង់គ្លេស គឺអាច​ឡើងដល់ ១០០ ពាន់​លាន​ផោន ពោលគឺ​ជាង ៤% ធៀប​នឹង GDP របស់​ប្រទេស​នេះ។

បច្ចុប្បន្ន ការចំណាយ​លើ​ថាមពល​ជា​មធ្យម​ប្រចាំ​របស់​គ្រួសារ​មួយ​នៅ អង់គ្លេស បាន​កើន ៥៤% ឡើងដល់ ១,៩៧១ ផោន។ បើសិន​មិនមាន​កញ្ចប់​ជំនួយ ខ្ទង់ចំណាយ​នៃ​នឹង​ឡើងដល់​លើសពី ៣,៥០០ ផោន នៅក្នុង​ខែតុលា ហើយ​អាច​ខ្ពស់ជាង​នេះ​នៅ​ឆ្នាំ​បន្ទាប់។ ចំណែក​ក្រុមហ៊ុន សហគ្រាស​ជាច្រើន​នៅ អង់គ្លេស ក៏បាន​ប្រកាសថា មិនអាច​ឆ្លង​ផុត​រដូវរងា​នេះ។

«តម្លៃ​ដែល​ត្រូវ​ខាត​ដោយសារ​ការមិនធ្វើ​សកម្មភាព នឹងមាន​ទំហំ​ធំ​ជាង​ឆ្ងាយ​ធៀប​នឹង​ការចំណាយ​ក្នុង​ការធ្វើអន្តរាគមន៍» រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស Kwasi Kwarteng បានបញ្ជាក់​ដូច្នេះ៕

Advertisement