បណ្ដា​ប្រទេស​​សេដ្ឋ​កិច្ច​​ទើប​តែ​​លេច​ធ្លោ​ ​​ប្រឈម​​នឹង​​រលក​​នៃ​​ហានិភ័យ​​ក្ស័យ​ធន​​ថ្មី

ចំពោះ​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ហានិភ័យ​ក្ស័យធន និង​វិបត្តិ​បំណុល​លែង​នៅ​ជា​សេណារីយោ​ក្លែងក្លាយ​ទៀតហើយ។

យោងតាម​បណ្ដាញសារព័ត៌មាន Bloomberg បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ទើបតែ​លេចធ្លោ ដូចជា អែល​សាល់​វ៉ា​ឌ័​រ, ហ្កា​ណា, អេ​ហ្ស៊ី​ប, ទុយ​នី​ស៊ី និង ប៉ា​គិ​ស្ថាន ជាដើម មាន​ហានិភ័យ​ប្រឈម​បញ្ហា​ក្ស័យធន​ជា​ប្រវត្តិសាស្ត្រ នៅពេល​រង​សម្ពាធ​ពី​ទម្ងន់​នៃ​ខ្ទង់​ប្រាក់​បំណុល​ជាង ២៥។

«ចំពោះ​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ហានិភ័យ​ក្ស័យធន និង​វិបត្តិ​បំណុល​លែង​នៅ​ជា​សេណារីយោ​ក្លែងក្លាយ​ទៀតហើយ។ យើង​បាន​មកដល់​ដំណាក់​កាលនោះ​ហើយ» សេដ្ឋវិទូ Carmen Reinhart មកពី​ធនាគារពិភពលោក (WB) អះអាង​ដូច្នេះ។

ក្នុង​រយៈពេល ៦ ខែ​កន្លង ចំនួន​ទីផ្សារ​ទើប​លេចធ្លោ​ដែលមាន​បំណុល​រដ្ឋាភិបាល (មូល​ប​ត្រ​បំណុល​របស់​រដ្ឋ) ត្រូវបាន​ជួញដូរ​ក្នុង​កម្រិត​លំបាក​ខ្លាំង បាន​កើនឡើង​ទ្វេដង។

មូលហេតុ​មួយ​ផ្សេងទៀត​ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ត្រូវបាន​គេ​ជឿថា មាន​ប្រភពពី «បាតុភូត domino»។ បាតុភូត​នេះ​តែង​កើតឡើង​នៅពេល​អ្នកវិនិយោគ​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ព្រួយបារម្ភ ចាប់ផ្ដើម​ដក​ប្រាក់​ពី​បណ្ដា​ប្រទេស​ដែលមាន​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រហាក់ប្រហែល​នឹង​បណ្ដា​ប្រទេស​ដែល​បាន​ក្ស័យធន​មុន​នោះ។

ប្រជាពលរដ្ឋ​ស្រីលង្កា កំពុង​ជួប​វិបត្តិ​ខ្វះថាមពល

កាលពី​ខែមិថុនា ក្រុម​អ្នកវិនិយោគ​ត្រូវបាន​គេ​ដឹងថា បាន​ដក​មូល​ប​ត្រ​បំណុល និង​ភាគហ៊ុន​តម្លៃ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ទីផ្សារ​ទើប​លេចធ្លោ ដែល​នេះ​គឺជា​ខែ​ទី​បួន​ហើយ​ដែល​រលក​នៃ​ការដក​ប្រាក់​ត្រូវបាន​ធ្វើឡើង។

ទន្ទឹមនឹង​ខាងលើ ករណី​ក្ស័យធន​ក៏​អាច​កើតឡើង​បន្ទាប់ពី​កើតមាន​អស្ថិរភាព​នយោបាយ​ក្នុងប្រទេស។ កាលពីដើម​ឆ្នាំនេះ ស្រីលង្កា គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្អាក​ការសង​បំណុល​ដល់​ម្ចាស់​មូល​ប​ត្រ​បំណុល​បរទេស ដោយសារតែ​វិបត្តិ​ស្បៀង និង​ថាមពល ធ្វើឱ្យ​កើតមាន​បាតុកម្ម បង្ក​អស្ថិរភាព​ផ្នែក​នយោបាយ។

អ្នកជំនាញ Barclays បកស្រាយ​ថា «ប្រជាជន​កំពុង​ទទួលរង​ឥទ្ធិពល​ដោយសារ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ និង​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​ថាមពល។ នេះ​អាចជា​មូល​ហេតុដែល​នាំឱ្យមាន​អស្ថិរភាព​នយោបាយ»។

ថ្មីៗនេះ កាលពី​ថ្ងៃទី ៩ កក្កដា រដ្ឋធានី​កូឡុំបូ របស់ ស្រីលង្កា បាន «ញាប់​ញ័រ» ដោយសារតែ​បាតុកម្ម​ធំ។ ក្រុមបាតុករ​នាំគ្នា​សម្ដែង​មតិ​អំពី​ការលំបាក​ដែល​ពួកគេ​បាន និង​កំពុង​ជួប។ ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី Ranil Wickremesinghe ក៏បាន​ប្រកាសថា នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ១៣ កក្កដា ដើម្បី​ធានា​ចំពោះ​ដំណើរ​ការប្រគល់អំណាច​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី។

បាតុកម្មនៅ​ ប្រទេស​ស្រីលង្កា នាពេលថ្មី​ៗនេះ

ស្រីលង្កា បាន​ឆ្លងកាត់​វិបត្តិ​ខ្វះ​ស្បៀង និង​ថាមពល​អស់​ជាច្រើន​ខែ​មកហើយ។ បញ្ហា​ដាច់​ភ្លើង​បានអូសបន្លាយ ចំណែក​អតិផរណា​ក៏​ហក់​ឡើង​ខ្ពស់ បន្ទាប់ពី​អស់​រូបិយប័ណ្ណ​បរទេស មិនអាច​នាំចូល​ទំនិញសំខាន់ៗពី ធ្វើឱ្យ​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​នេះ បាន​កើតឡើង​ពិតប្រាកដ។ តម្លៃ​របស់​ទំនិញសំខាន់ៗបំផុត​នៅ ស្រីលង្កា បាន​កើនឡើង​ខ្ពស់ជាង​មុន ៣ ដង ក្នុងអំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ៕

Advertisement