អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ ទៀត នៅ ជប៉ុន ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ

អាកាសយានដ្ឋានអន្តរជាតិ Hiroshima

កាលពី​ថ្ងៃទី ២០ មិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន Kishida Fumio បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បើកទ្វារ​សម្រាប់​​ជើង​ហោះ​ហើរ​​អន្តរ​ជាតិ​​ចំពោះ​អាកាសយានដ្ឋាន​ចំនួន ៣ ទៀត​ចាប់ពី​ខែកក្កដា​ខាងមុខ ក្រោយពី​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ត្រូវបាន​បន្ធូរបន្ថយ​ថែម​មួយកម្រិត​ទៀត។

យោងតាម​នាយករដ្ឋមន្ត្រី លោក Kishida អាកាសយានដ្ឋាន​ចំនួន ៣ ខាងលើនេះ រួមមាន Sendai, Hiroshima និង Takamatsu។ មុន​នោះ រដ្ឋាភិបាល​ជប៉ុន ក៏បាន​សម្រេចចិត្ត​អនុញ្ញាតឱ្យ​អាកាសយានដ្ឋាន​ចំនួន ២ គឺ Naha និង New Chitose បើ​ទ្វារ​ទទួល​ជើងហោះហើរ​ទៅ-មក​អន្តរជាតិ ចាប់ពី​ចុងខែ​មិថុនា​នេះ ដើម្បី​ទាក់ទាញ​ទេសចរ​ទៅកាន់​តំបន់ Okinawa និង Hokkaido។

ជប៉ុន បាន​បើកទ្វារ​ទទួលភ្ញៀវ​បរទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី ១០ មិថុនា​កន្លងទៅ ប៉ុន្តែ អនុញ្ញាត​ឱ្យទទួល​អ្នក​ដំណើរ​ពី​បរទេស​ត្រឹមតែ ២០,០០០ នាក់​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃៗ ក្នុងនោះ​រាប់ទាំង​ពលរដ្ឋ​ជប៉ុន ផងដែរ។

ជប៉ុន បច្ចុប្បន្ន​បែងចែក​បណ្ដា​ប្រទេស និង​តំបន់​ជា ៣ ក្រុម អាស្រ័យ​ទៅតាម​ស្ថានភាព​ជំងឺ​រាតត្បាត ក្នុងនោះ ភាគច្រើន​ត្រូវបាន​ចាត់​ចូលក្នុង​ក្រុម​ពណ៌​ទឹកសមុទ្រ ដែលជា​កម្រិត​ស្រាល​បំផុត។

អ្នកដំណើរ​ដែល​មកពី​បណ្ដា​ប្រទេស និង​តំបន់​ដែល​ស្ថិតក្នុង​ក្រុម​ពណ៌​ទឹកសមុទ្រ នឹងត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា អវិជ្ជមាន​នឹង​កូ​វីដ-១៩ មុនពេល​ចេញដំណើរ ប៉ុន្តែ នឹង​ត្រូវបាន​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​នៅពេល​មកដល់ ប្រទេស​ជប៉ុន៕

Advertisement