កូ​វីដ-១៩ បង្កើត​មហាសេដ្ឋី ២០ នាក់ និង​អ្នកក្រ ១៤០ លាន​នាក់​ថែមទៀត នៅ អាស៊ី

Oxfam ឱ្យដឹងថា ជំងឺ​រាតត្បាត​សកល បាន​បង្កើត​មហាសេដ្ឋី​ថ្មី​ចំនួន ២០ នាក់​ទៀត នៅ ទ្វីបអាស៊ី ទន្ទឹមនឹងនេះ​ក៏បាន​រុញច្រាន​មនុស្ស​ប្រមាណ ១៤០ លាន​នាក់ ឱ្យ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ដោយសារតែ​បាត់បង់​ការងារ។

ដោយ​ដកស្រង់​របាយការណ៍រ​បស់ Oxfam សារព័ត៌មាន The Guardian បានឱ្យដឹងថា គិត​ត្រឹម​ខែមីនា ២០២១ ប្រាក់ចំណេញ​ដែល​បានមកពី​ឱសថ សម្ភារៈ​វេជ្ជសាស្ត្រ សេវា​ចាំបាច់​ដើម្បី​ទប់ទល់​នឹង កូ​វីដ-១៩ បាន​ជួយ​ឱ្យ​មនុស្ស​ចំនួន ២០ នាក់ ក្លាយជា​មហាសេដ្ឋី​ថ្មី។ ពួកគេ​មកពី ចិនដីគោក ហុងកុង ឥណ្ឌា ជប៉ុន។

ចំនួន​មហាសេដ្ឋី​សរុប​នៅ​តំបន់ អាស៊ី-ប៉ាស៊ីហ្វិក បាន​កើនឡើង​ជិត ៣០% ពី ៨០៣ នាក់​កាលពី​ខែមីនា ២០២០ ឡើងដល់ ១,០៨៧ នាក់ នៅ​ខែវិច្ឆិកា ២០២១។ បរិមាណ​នៃ​ទ្រព្យ​របស់​ក្រុម​មហាសេដ្ឋី​នេះ ក៏​កើន ៧៤%។

ទិន្នន័យ​របស់ Oxfam ក៏បាន​បង្ហាញថា អ្នកមាន​បំផុត ១% មានទ្រព្យ​ច្រើនជាង​អ្នកក្រ​បំផុត​ដែលមាន​ចំនួន ៩០% ទឿ​ទៀត នៅក្នុង​តំបន់។ Mustafa Talpur មេដឹកនាំ​នៃ​យុទ្ធនាការ​នានា​នៅ Oxfam អាស៊ី បានឱ្យដឹងថា ប្រការនេះ​ពិតជា​គួរឱ្យ​ខឹង និង​មិនអាច​ទទួលយកបាន។

«អ្នកក្រីក្រ​ជាច្រើន​នៅ អាស៊ី ត្រូវគេ​បោះបង់ចោល​នៅក្នុង​វិបត្តិ​ជំងឺ​រាតត្បាត។ ពួកគេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព ការងារ និង​ត្រូវបាន​រុញច្រាន​ដល់​ផ្លូវ​ទាល់ ហើយ​សមិទ្ធិផល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងមក​ក៏ត្រូវ​បាត់បង់។ ក្នុង​គ្រា​ដូចគ្នានេះ ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន ចេះតែ​កើនឡើង» លោក Mustafa Talpur និយាយ​ដូច្នេះ។

ឆ្នាំ ២០២០ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) គណនា​ឃើញថា ការងារ​ប្រហែល ៨១ លាន ត្រូវបាន​បាត់បង់ ធ្វើឱ្យ​មនុស្ស​ពី ២២ ទៅ ២៥ លាន​នាក់ ធ្លាក់​ក្នុង​ភាពក្រីក្រ។ ផ្ទុយទៅវិញ មហាសេដ្ឋី​នានា​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ្រិ បានឃើញ​ទ្រព្យ​របស់ខ្លួន​កើន ១.៤៦ ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​គ្រប់គ្រាន់​សម្រាប់​ផ្ដល់ប្រាក់​បៀវត្សរ៍​ជិត ១០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយ​ដែល​បាន​បាត់បង់​ការងារ។

គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ចេះតែ​កើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ Credit Suisse បាន​ព្យាករ​ថា ដល់​ឆ្នាំ ២០២៥ អាស៊ី-ប៉ាស៊ីហ្វិក នឹងមាន​មនុស្ស​ចំនួន ៤២,០០០ នាក់​ទៀត ដែលមាន​ទ្រព្យ​ច្រើនជាង ៥០ លាន​ដុល្លារ​អាម៉េរិក ខណៈដែល​មហាសេដ្ឋី​មាន​ចំនួន ៩៩,០០០ នាក់។ IMF និង World Bank សុទ្ធតែ​យល់ថា កូ​វីដ-១៩ នឹង​បង្កឱ្យមាន​វិសមភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក។

Mustafa Talpur វាយតម្លៃថា ប្រព័ន្ធ​នយោបាយ​កំពុងតែ​ការពារ​ផលប្រយោជន៍​របស់​អ្នកមាន​មួយក្រុម​តូច។ រដ្ឋាភិបាល​ជាច្រើន​បាន​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ធានា​លើ​ការរក្សា​ការងារ​របស់​ពលករ​ភាគច្រើន​នៅក្នុង​វិបត្តិ​កូ​វីដ-១។ លោក​ថា «នេះ​គឺជា​ពេលដែល​ត្រូវមាន​សាមគ្គីភាព​សកល ក៏ប៉ុន្តែ បណ្ដា​ប្រទេស​អ្នកមាន និង​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថធំៗ បាន​បែរខ្នង​ធ្វើ​ព្រងើយ»៕

Advertisement