តៃវ៉ាន់ បង្កើត​មូលនិធិ​ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​​លី​ទុយ​អា​នី

អាជ្ញាធរ​កោះ​តៃវ៉ាន់ ប្រកាស​បង្កើត​មូលនិធិ​វិនិយោគ តម្លៃ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​លី​ទុយ​អា​នី ក្នុង​គ្រា​ដែល​ក្រុមហ៊ុន សហគ្រាស​មួយចំនួន​ត្អូញត្អែរ​អំពី​ការខាតបង់​ដោយសារតែ​ភាព​តានតឹង​រវាង លី​ទុយ​អា​នី និង ចិនដីគោក។

«តៃវ៉ាន់ កំពុង​បង្កើត​មូលនិធិ​មួយ​ដោយមាន​ទុន​ដំបូង​ស្មើនឹង ២០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​វិនិយោគ​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់ លី​ទុយ​អា​នី ដែលជា​យុទ្ធសាស្ត្រ​របស់ លី​ទុយ​អា​នី និង តៃវ៉ាន់» ប្រធានការិយាល័យ​តំណាង​កោះ​តៃវ៉ាន់ ប្រចាំ លី​ទុយ​អា​នី លោក Eric Huang បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៥ មករា។

លោក Eric Huang បន្ថែមថា ខ្ទង់​វិនិយោគ ២០០ លាន​ដុល្លារ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​របស់ តៃវ៉ាន់ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ លី​ទុយ​អា​នី ក្រោយ​មាន​ភាព​តានតឹង​ជាមួយ ចិនដីគោក។ ខ្ទង់​វិនិយោគ​ដំបូង​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំនេះ។

ប្រទេស​លី​ទុយ​អា​នី កំពុង​រង​ការរិះគន់​ពី ចិនដីគោក ដោយសារតែ​បានអនុញ្ញាត​ឱ្យ អាជ្ញាធរ​កោះ​តៃវ៉ាន់ បើក​ការិយាល័យ​តំណាង​នៅ Vilnius កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ​ដាក់ឈ្មោះថា «ការិយាល័យ​តំណាង​តៃវ៉ាន់»។ ប្រទេស​ចិន ប្រឆាំង​ការប្រើប្រាស់​ពាក្យ «តៃវ៉ាន់» សម្រាប់​ដាក់ឈ្មោះ ព្រោះ​ខ្លាច​បង្កឱ្យមាន​អារម្មណ៍​ស្របច្បាប់​ជា​អន្តរជាតិ​សម្រាប់​កោះ​នេះ។ ការិយាល័យ​តំណាង​នានា​នៅក្រៅ​ស្រុក​របស់ កោះ​តៃវ៉ាន់ តែង​ត្រូវបាន​ដាក់ឈ្មោះថា «ការិយាល័យ​សេដ្ឋកិច្ច និង​វប្ប​ធ​ម៍​តៃប៉ិ»។

ប្រធានាធិបតី របស់ លី​ទុយ​អា​នី លោក Gitanas Nauseda សប្ដាហ៍​នេះ​បានទទួល​ស្គាល់ «កំហុសឆ្គង» នៅ​ពេល​​អនុញ្ញាតឱ្យ តៃវ៉ាន់ ប្រើប្រាស់​ឈ្មោះ​កោះ​នេះ​ដាក់ឱ្យ​ការិយាល័យ​តំណាង។

ថ្នាក់ដឹកនាំ និង​ក្រុមហ៊ុន​នានា​របស់ លី​ទុយ​អា​នី បាន​ត្អូញត្អែរថា ភាព​តានតឹង​ជាមួយ ចិនដីគោក បានធ្វើឱ្យ​ប្រទេស​នេះ និង​ក្រុមហ៊ុន​នានា រង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច។

តំណាង​ពាណិជ្ជកម្ម​អាម៉េរិក លោកស្រី Katherine Tai នៅក្នុង​ការពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស លី​ទុយ​អា​នី Gabrielius Landsbergis កាលពីពេលថ្មីៗនេះ បាន​សន្យា​សហការ​ជួយ លី​ទុយ​អា​នី ទប់ទល់​នឹង «សកម្មភាព​កៀបសង្កត់​ផ្នែក​ការទូត និង​សេដ្ឋកិច្ច»។

ចិនដីគោក តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​បានប្រកាស​ជា​ញឹកញាប់​ថា នឹង​ប្រើ​កម្លាំងបាយ​ដើម្បី​យក​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។ ភាព​តានតឹង​រវាង ចិនដីគោក និង កោះ​តៃវ៉ាន់ បាន​ឈានដល់​ចំណុច​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​លោកស្រី Tsai Ing-wen ដែលជា​អ្នកប្រឆាំង «គោលការណ៍​ចិន​តែមួយ» បាន​ក្លាយជា​មេដឹកនាំ​ចាប់តាំងពី​ឆ្នាំ ២០១៦៕

Advertisement