ហិ​ង្ហ​បុរី គ្រោង​អនុញ្ញាតឱ្យ​ដើរទេស​ចរណ៍​ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

ប្រទេស​សិង្ហ​បុរី កំពុង​ឆ្ពោះទៅរក​គោលដៅ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស ក្នុងនោះ​រួមមាន​ទាំង​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ដើរទេស​ចរណ៍​ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ចាប់ពី​ខែកញ្ញា​តទៅ។

ថ្លែង​នៅក្នុង​សភា នា​ថ្ងៃទី 27 កក្កដា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Lawrence Wong បានឱ្យដឹងថា នៅ​ខែកញ្ញា តាម​ផែនការ សិង្ហ​បុរី នឹង​ចាក់​វ៉ាក់សាំង​រួចរាល់​បាន 80% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ដែល​នេះ​នឹង​ជួយ​ឱ្យ​សិង្ហ​បុរី មាន​មូលដ្ឋាន​ជាក់លាក់​ដើម្បី​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ។

ការសម្រេច​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង នឹង​អនុញ្ញាតឱ្យ​សិង្ហ​បុរី បើកទ្វារ​ព្រំដែន​ឡើងវិញ សម្រាប់​ការធ្វើដំណើរ​ទៅ-មក ជាមួយនឹង​បណ្ដា​ប្រទេស ឬ​តំបន់​ដែល​គ្រប់គ្រង​វីរុស​បានល្អ។

យោងតាម​រដ្ឋមន្ត្រី Lawrence Wong នៅពេល សិង្ហ​បុរី សម្រេចបាន​គោលដៅ​ក្នុង​ការចាក់​វ៉ាក់សាំង ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ អាច​ដើរ​ទេសចរណ៍​បាន ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក 14 ថ្ងៃ ពេល​ត្រលប់​ចូល​ប្រទេស។

យោងទៅតាម​កម្រិត​នៃ​ហានិភ័យ​របស់​បណ្ដា​ប្រទេស​ដែល​ពលរដ្ឋ​បាន​ទៅ​ទេសចរណ៍ វិធានការ​ច​ត្តា​ឡី​ស័ក​អាច​ត្រូវបាន​ជំនួស​ដោយ​យន្តការ​ធ្វើតេស្ត​ម៉ត់ចត់ ឬ​ពេលវេលា​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម 7 ថ្ងៃ និង​ត្រូវធ្វើ​នៅក្នុង​ផ្ទះ ជំនួស​ឱ្យ​សណ្ឋាគារ​ដែល​ត្រូវ​បានកំណត់។ ពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ក៏មាន​សិទ្ធិ​ទៅ​ទេសចរណ៍ ប៉ុន្តែ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ពេញលេញ។

សិង្ហ​បុរី មាន​ផែន​ការចាក់​វ៉ាក់សាំង​ឱ្យបាន 2/3 នៃ​ចំនួន​ប្រជាជន​សរុប នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ (9 សីហា) ហើយ​ក្រោយមក នឹង​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​បន្តិចម្ដង៕

ប្រភព៖ Bloomberg News
ប្រែ​សម្រួល៖ បុត្រា

Advertisement