គម្រោង «ច្រកទ្វារ​សកល» តម្លៃ ៣៤០ ពាន់​លាន​ដុល្លារ របស់ EU ដែល​ប្រជែង​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិន នឹង​ផ្ដោតទៅលើ​វិស័យ​ណាខ្លះ?

ទង់ជាតិ​សហភាព​អឺរ៉ុប​ (EU)

«ច្រកទ្វារ​សកល (Global Gateway)» ដែលជា​គម្រោង​ខ្នាត​យក្ស​របស់ សហភាព​អឺរ៉ុប (EU) ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ (BRI)» របស់ ចិន មាន​គោលដៅ​អភិវឌ្ឍ​វិស័យ​ជាច្រើន​នៅ​ទូទាំង​សកលលោក ក្នុងនោះ​ក៏មាន​បច្ចេកវិទ្យា​ឌីជីថល ផងដែរ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ «ច្រកទ្វារ​សកល» របស់ សហភាព​អឺរ៉ុប ដែលមាន​គោលដៅ​ប្រមូល​ទុន ៣០០ ពាន់​លាន​អឺរ៉ូ (៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក) ពី​ថវិកា​សាធារណៈ និង​ឯកជន ក្នុងដំណាក់កាល​ពី​ឆ្នាំ ២០២១ ដល់ ២០២៧ គឺ​ផែនការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​នៅ​ខាងក្រៅ​ទឹកដី​របស់ EU ក្នុងទិសដៅ​អភិវឌ្ឍ​វិស័យ​ជាច្រើន​ដូចជា បច្ចេកវិទ្យា​ឌីជីថល ចរាចរណ៍ ថាមពល​ស្អាត ប្រព័ន្ធ​សុខាភិបាល អប់រំ និង​ស្រាវជ្រាវ។

អំពី​បច្ចេកវិទ្យា​ឌីជីថល សហភាព​អឺរ៉ុប នឹង​វិនិយោគ​ទៅលើ​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ករ​វាង​បណ្ដា​ប្រទេស ប្រព័ន្ធ​ផ្កាយរណប ហេដ្ឋារចនាសម្ព័ន្ធ​ពពក (Cloud infrastructure) ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ជា​ស​កល​ ការ​ចែក​រំលែក​​ទិន្នន័យ និង​ការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត។ គម្រោង​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ តំបន់​អាម៉េរិក​ឡាទីន។

ចំណែក​វិស័យ​ថាមពល​ស្អាត EU នឹង​បំពាក់​ប្រព័ន្ធ​ថាមពល​នានា ដែល​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ និង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដើម្បី​ជំរុញ​ការផលិត​អ៊ីដ្រូសែន​កកើតឡើង​វិញ។ គម្រោង​នេះ​ផ្ដោត​សំខាន់​ជាងគេ​ទៅលើ តំបន់​អាហ្វ្រិក។

ចំពោះ​វិស័យ​ចរាចរណ៍ ដែល​ត្រូវបាន​គេ​យល់ឃើញថា ប្រឈមមុខ​ផ្ទាល់​ជាមួយនឹង BRI សហភាព​អឺរ៉ុប​ក៏​នឹង​វិនិយោគ​ទៅលើ​ផ្លូវដែក ផ្លូវគោក កំពង់ផែ ព្រលានយន្តហោះ និង​ច្រកព្រំដែន។ វិស័យ​ផ្លូវ​គមនាគមន៍​នេះ​នឹង​ផ្ដល់​អាទិភាព​ដល់​តំបន់​មជ្ឈិមបូព៌ា និង តំបន់​អាហ្វ្រិក​ខាងជើង។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen)

សម្រាប់​វិស័យ​សុខាភិបាល​វិញ EU នឹង​ជួយ​ដល់​បណ្ដា​ប្រទេស​ក្នុង​ការផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ពិសេស​គឺ​បណ្ដា​ប្រទេស​នៅក្នុង តំបន់​អាហ្វ្រិក។

រីឯ​វិស័យ​អប់រំ សហភាព​អឺរ៉ុប នឹង​វិនិយោគ​បន្ថែមទៀត​ទៅក្នុង​តំបន់​នានា​របស់​ពិភពលោក ក្នុងនោះ​ក៏​នឹងមាន​ការពង្រីក​សកម្ម​ភាព​អប់រំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត រួម​នឹង​ការដោះដូរ​និស្សិត​ឱ្យមក​សិក្សា​ក្នុង តំបន់​អឺរ៉ុប។ល។

បើទោះជា​ឯកសារ​ស្ដីពី «ច្រកទ្វារ​សកល» មិនបាន​និយាយ​ដល់ ប្រទេស​ចិន ប៉ុន្តែ ក្រុមអ្នកវិភាគ​វាយតម្លៃថា គម្រោង​នេះ​បាន​បង្ហាញថា សហភាព​អឺរ៉ុប កំពុងតែ «ភ្ញាក់ខ្លួន» នៅ​ចំពោះមុខ​សំណើ​ប្រកួតប្រជែង​ជាមួយ ទីក្រុង​ប៉េកាំង។

ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៣ បានចាប់ផ្ដើម​យុទ្ធសាស្ត្រ​វិនិយោគ​ទូទាំង​សកលលោក​ដែល​ប្រទេស​នេះ​​បាន​ដាក់​​​ឈ្មោះថា «ខ្សែក្រវាត់​និង​ផ្លូវ (BRI)» ជា​គម្រោង​លំដាប់​កំពូល​របស់ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។ ទីក្រុង​ប៉េកាំង ឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១៣៩.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ឆ្នាំ ២០២០ ក្នុងនោះ​មាន ២២.៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​សម្រាប់​ឆ្នាំ ២០២០ ក្នុង​ក្របខណ្ឌ​នៃ​គម្រោង BRI របស់ខ្លួន៕

Advertisement