ឯកអគ្គរដ្ឋទូត​ឆែក​សន្យា​ជំរុញ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ជាមួយ កម្ពុជា

ឯកអគ្គរដ្ឋទូត​ថ្មី​របស់ ប្រទេស​ឆែក បាន​សន្យាថា នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាមួយ កម្ពុជា បន្ថែមទៀត ក្រោយ​វិ​ប​ត្ត​ជំងឺ​កូ​វីដ-១។

ឯកឧត្តម ម៉ា​ទីន វែ​វ​រ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​កម្ពុជា បាន​ថ្លែង​ដូចខាងលើ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២៩ វិច្ឆិកា ២០២១ នៅឯ​វិមាន​រដ្ឋសភាជាតិ។

ប្រទេស​ឆែក បានផ្តល់​ជំនួយ​ទ្វេភាគី​មក កម្ពុជា ជាច្រើន ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។ សាធារណរដ្ឋ​ឆែក ក៏​នៅតែ​ផ្តល់ជំនួយ​មនុស្សធម៌​មក កម្ពុជា បន្តបន្ទាប់​ទៀត ពិសេស​គឺ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​របស់ កម្ពុជា ឱ្យបាន​ទៅ​សិក្សា​នៅ​ប្រទេស​នេះ។ ឆែក បានរួម​ចំណែក​អភិវឌ្ឍន៍​នៅ កម្ពុជា យ៉ាងច្រើន តាំងពី​អតីត​ឆេ​កូ​ស្លូ​វ៉ា​គី រហូតដល់​បច្ចុប្បន្ន។ នេះ​បើតាម សម្ដេច ប្រធាន​សភាជាតិ កម្ពុជា។

Advertisement