កម្ពុជា ស្នើឱ្យ វៀតណាម ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ភាគី វៀតណាម ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ ដែល​សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ថ្មី ប្រចាំ កម្ពុជា កាលពី​ព្រឹក​មិញ។

នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី 24 វិច្ឆិកា 2021 នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជា មួយ​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang ) អគ្គរដ្ឋទូត​វៀតណាម ថ្មី ប្រចាំ​នៅ កម្ពុជា។

ឯកឧត្តម ង្វៀន ហ៊ុយ​តាំង បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់ វៀតណាម ជូន​ចំពោះ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ កម្ពុជា ដែល​បាន​ជួយ​ដល់ វៀតណាម នាពេល​កន្លង ក៏ដូចជា​ជំនួយ​ជា​បរិក្ខា​ពេទ្យ និង​វ៉ាក់សាំង​ប្រឆាំង COVID-19 ដល់ វៀតណាម។ នេះ​បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន។

ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង វៀតណាម បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ COVID-19។ សម្ដេច ក៏បាន​លើកទឹកចិត្ត​ឱ្យ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ថ្មី ផ្ដោត​ការយកចិត្តទុកដាក់​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។

ជាង​នេះ សម្ដេច​តេ​ជោ ក៏បាន​ស្នើឱ្យ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី ប្រចាំ​នៅ​កម្ពុជា ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់​ទៅមក រវាង កម្ពុជា និង វៀតណាម ផងដែរ៕

Advertisement