ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​នៅ​​ទឹក​ដី​ឥណ្ឌា «រីករាយ» ជាមួយនឹង​ហាង​លក់​ឧបករណ៍​ផ្លូវភេទ​ស្របច្បាប់​ដំបូង​នៅទីនេះ

​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ឥណ្ឌា បាន​សម្ដែង​ការរីករាយ​នៅពេល​ហាង​លក់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ស្របច្បាប់​ដំ​ងូ​ង បាន​បើក​ដំណើរការ​នៅក្នុង​រដ្ឋ Goa នៃ​ប្រទេស​ឥណ្ឌា។

ផលិតផល និង​ឧបករណ៍​ជំនួយ​ផ្លូវភេទ ដើមឡើយ​ត្រូវបាន​លក់​ជា​ចម្បង​នៅលើ​អ៊ី​ន​ធើ​ណិ​ត​នៅ​ឥណ្ឌា ហើយ​ក្នុងអំឡុងពេល​មាន Covid-19 បរិមាណ​នៃ​ផលិត​ដែល​បាន​លក់​ចេញ បាន​កើន​ឡើងដល់ 65%។ នៅ​ចំពោះមុខ​កំណើន​នេះ ហាង​លក់​ឧបករណ៍​សិច​ស្របច្បាប់​ដំបូង​គេ​របស់​ឥណ្ឌា ដែលមាន​ឈ្មោះថា “Kama Gizmos”, ត្រូវបាន​បើក​ដំណើរការ​នៅក្នុង​រដ្ឋ Goa កាលពី​ចុងខែ​កុម្ភៈ 2021។

Nirav Mehta ដែលជា​សហ​ស្ថាបនិក​របស់ “Kama Gizmos” បានឱ្យដឹងថា គំនិត​នៃ​ការបង្កើត​មុខ​ជំនួញ​របស់ខ្លួន កើតចេញពី​តម្រូវការ​នៃ​ទីផ្សារ​ថែទាំ​សុខភាព​ផ្លូវភេទ ពោលគឺ​មិនមែន​ប្រែក្លាយ​ហាង​របស់ខ្លួន​ឱ្យ​ដូច​ទៅនឹង​ទីតាំង​លក់​ឧបករណ៍​ផ្លូវភេទប្លែកៗផ្សេងទៀត​នោះទេ។

«យើង​មិន​ត្រឹមតែ​មានបំណង​លក់​ឧបករណ៍​សិច​នោះទេ។ ទំនិញ​របស់​យើង ត្រូវតែ​រួមមាន​ទាំង​ផលិតផល​ថែទាំ​សុខភាព​ជីវសាស្ត្រ​ផងដែរ។ ទាំងនោះ​គឺជា​ចក្ខុវិស័យ​របស់​យើងខ្ញុំ» Mehta ប្រាប់​ដូច្នេះ។

ខាងក្នុង​ហាង​ Kama Gizmos

ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​នៅ​ឥណ្ឌា ភាគច្រើន​លើកសរសើរ​ចំពោះ​គំនិត​ស្ដីអំពី​ហាង​លក់​ឧបករណ៍​ផ្លូវភេទ “Kama Gizmos”។ មាន​អ្នកខ្លះ​និយាយថា «ដល់ពេល» ដែល​ត្រូវមាន​ហាង​បែបនេះ​បង្ហាញខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ហើយ។ អ្នកខ្លះ​ក៏​ថា «ខ្ញុំ​ពិតជា​អន្ទះសា​ចង់ទៅ​មើល​ហាង​នោះ​ណាស់»។ អ្នក​ខ្លះទៀត​សរសេរ​នៅលើ​បណ្ដាញ​សង្គម​យ៉ាង​កំប្លែង​ថា «សូម​ស្រមៃ​មើលថា​វា​នឹង​ទៅជា​យ៉ាងណា​នៅពេល​អ្នក​បាន​ទៅកាន់​ហាង​នោះ និង​បាន​ជួប​អ្នក​ជិតស្និទ្ធ​របស់ខ្លួន»។

ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​មនុស្ស​មួយចំនួន​ព្រមាន​ថា ហាង “Kama Gizmos” អាច​នឹងត្រូវ​រង​ការរិះគន់ ​នៅ​ពេល​មនុស្ស​ជាច្រើន ពិសេស​គឺ​ក្រុមមនុស្ស​អភិរក្សនិយម​ចាត់ទុកថា សកម្មភាព​ជំនួញ​នេះ​គឺជា​អំពើ «បំផ្លិចបំផ្លាញ​វប្បធម៌​ឥណ្ឌា»។

Mehta បញ្ជាក់ថា «យើង​កំពុង​ធ្វើ​កិច្ចការ​យ៉ាង​ប្រុងប្រយ័ត្ន និង​ធានាថា គោរព​តាម​គោលការណ៍​ច្បាប់ ដែល​នឹងមិន​ឱ្យមាន​ករណី​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​នោះឡើយ។ យោងតាម​ច្បាប់​ឥណ្ឌា អ្នក​អាច​លក់​ផលិតផល​ផ្លូវភេទ​គ្រប់យ៉ាង ឱ្យតែ​វា​មិន​ប្រកបដោយ​ភាព​អាសអាភាស»៕

ប្រភព៖ Sputnik
ប្រែ​សម្រួល៖ បុត្រា

Advertisement