ក្រុមហ៊ុនចិនជាច្រើន ដាក់លក់បដិមា Donald Trump ជាមួយនឹងគាថាយ័ន្ត ‘Make Your Company Great Again’

នៅក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ចិន បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ដាក់លក់​ផលិតផល​ជា​រូបសំណាក Donald Trump ដែលជា​និន្នាការ​ជំនួញ «ស៊ី​ដោយសារ​គេ» ថ្មី​បំផុត ទាក់ទង​នឹង​អតីត​ប្រធានាធិបតី​អាមេរិក។

តាមរយៈ​ទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក Taobao ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alibaba អតិថិជន​អាច​បញ្ជា​ទិញ​រូបសំណាក​ប្រធានាធិបតី​ទី 45 របស់​សហរដ្ឋអាមេរិក​កំពុង​តាំងសមាធិ ជាមួយនឹង​តម្លៃ​ចាប់ពី 150 ដុល្លារ​អាមេរិក។ ផលិត​ផល​​នេះ​​មាន​​ពីរ​ប្រភេទ ក្នុងនោះ​មាន​មួយ​ប្រភេទ​មាន​កម្ពស់ 4.6 ម៉ែត្រ និង​មួយទៀត​កម្ពស់ 1.5 ម៉ែត្រ។

ក្រុមហ៊ុន​ផលិត​សម្ភារ​ធ្វើ​អំពី​ឈើ Buduo ដែល​ទទួលបាន​ការវាយតម្លៃ​ផ្កាយ 5 នៅលើ​ផ្សារ​អន​ឡាញ Taobao ដាក់លក់​រូបសំណាក​នេះ​អស់​ចំនួន 36 រូប​មកហើយ ក្នុងនោះ​មាន 2 រូប​ជា​ប្រភេទ​ធំ ដែល​បង្ហាញ​ឥរិយាបថ លោក Trump គ្រង​ឈុត​អ្នកបួស ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ឡើងដល់ 615 ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​សន្យាថា​នឹង​ប្រគល់ដល់ដៃ​អតិថិជន​នៅក្នុង​ខែមេសា​ខាងមុខ។ បណ្ដាញសារព័ត៌មាន Global Times ដកស្រង់​ប្រភពព័ត៌មាន​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Buduo ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា អតិថិជន​ដែល​បាន​ជាវ​រូបសំណាក​នេះ ភាគច្រើន​ក្នុង​បំណង​កម្សាន្ត។

រូបសំណាក​​នេះ​ត្រូវបាន​ផលិតឡើង​អំពី​វត្ថុ​ធាតុ​សេ​រ៉ា​មិ​ក ឬ​ជ័រ resin។ អម​ជាមួយនឹង​រូបសំណាក ក៏មាន​អក្សរ​មួយ​ឃ្លា​ដែល​សរសេរថា «នាំ​ក្រុមហ៊ុន​របស់​អ្នក​ត្រលប់​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (‘Make Your Company Great Again’) ដែល​នេះ​គឺជា​ឃ្លា​ដែល «កែច្នៃ» ពី​ជ័យ​ឃោស​ន៍​ដ៏​ល្បីឈ្មោះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump «នាំ​​សហរដ្ឋ​អាមេរិក​​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (“Make America Great Again”)។

ផលិតផល «ស៊ី​កេរ» លោក Trump ទំនងជា​នឹងមាន​ទីផ្សារ​ធំ​ទូលាយ​នៅ​ប្រទេស​ចិន។ ក្រុមហ៊ុន​ជាច្រើន កន្លង​មក​​ក៏បាន​នាំគ្នា​ដាក់លក់​ផលិតផល​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​រូបសំណាក Donald Trump របស់ Buduo នេះដែរ។ មុននេះ ក៏មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ដែល​ទាក់ទង​នឹង​លោក Trump នៅពេល​ពួកគេ​​​បាន​ចាប់​ផ្ដើម​​ផលិត​ និង​ដាក់លក់​ផលិតផល​ច្រើន​ប្រភេទ មាន​តាំងពី​អាវយឺត ក្រដាសអនាម័យ ឬ​អំបោស​ដែលមាន​បោះ​ពុ​ម្ភ​រូបលោក Trump ។ល។

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement