អតីត​សហស្ថាបនិក​ដែល​បោះ​បង់​ Facebook​ ដើម្បី​ទៅ​បើក​ក្រុម​​ហ៊ុន​ថ្មី​ ពេល​នេះ​តម្លៃ​ក្រុម​ហ៊ុន​បាន​ឡើង​ដល់​ជាង​4ពាន់​លាន​ដុល្លារ​អាមេរិក​៖ កុំ​ចេះ​តែ​គិត​អំពី​លុយ​នៅ​ពេល​ចាប់​ផ្ដើម​បើក​មុខ​ជំនួញ

Dustin Moskovitz និង​ Mark Zuckerberg

មហាសេដ្ឋីវ័យ36ឆ្នាំនេះនិយាយថា៖ “ជាក់ស្ដែង ការចាប់ផ្ដើមរកស៊ី គឺមិនមែនល្អត្រចះត្រចង់ដូចការស្រមៃនោះឡើយ” ហើយ​ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។

Dustin Moskovitz គឺជាសហស្ថាបនិកដែលបានចូលរួមបង្កើត Facebook ជាមួយនឹង Mark Zuckerberg កាលពីឆ្នាំ2014។ ប្រការនេះបានជួយឱ្យគាត់ក្លាយជាមហាសេដ្ឋី។ ឆ្នាំ2008 Moskovitz បានចាកចេញពី Facebook ដើម្បីទៅបង្កើតក្រុមហ៊ុនផ្នែកទន់ Asana។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានតម្លៃទីផ្សារឡើងដល់ជាង​4​ពាន់​លានដុល្លារ បន្ទាប់ពីក្លាយជាក្រុមហ៊ុនសាធារណៈ (ធ្វើ IPO) បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

Moskovitz មានអនុសាសន៍ជាច្រើនស្ដីអំពីការបង្កើត និងដំណើរការក្រុមហ៊ុនប្រកបដោយជោគជ័យ ក៏ដូចជាកត្តាចាំបាច់ដើម្បីអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់។

នៅក្នុងព្រឹត្តិការណ៍មួយរបស់សាកលវិទ្យាល័យ StanFord លោក Moskovitz បានថ្លែងថា៖ “ប្រការសំខាន់គឺត្រូវដឹងអំពីមូលហេតុដែលអ្នកចង់បើកក្រុមហ៊ុន។ Hollywood និងសារព័ត៌មាននានា តែងតែចូលចិត្តធ្វើឱ្យរឿងរ៉ាវជំនួញក្លាយទៅជារឿងប្រកបដោយមនោសញ្ចេតនា។ ដូច្នេះ ចូរកុំចាញ់បោកពួកគេ។

មានកត្តាចំនួន4 ដែលនាំឱ្យមនុស្សម្នាក់ចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន នោះគឺ “អ្នកនឹងបានក្លាយជាថៅកែ អ្នកមានភាពបត់បែនបានល្អ អ្នកមានឱកាសបង្កើនឥទ្ធិពល ហើយចុងក្រោយគឺ អ្នកនឹងរកបានប្រាក់ច្រើនជាងមុន”។

អតីតសហស្ថាបនិករបស់​ Facebook លោក Dustin Moskovitz

ក៏ប៉ុន្តែ ការចាប់ផ្ដើមបើកអាជីវកម្ម មិនមែនជារឿងល្អត្រចះត្រចង់ និងងាយស្រួលដូចមនុស្សភាគច្រើនបានគិតនោះទេ។ មហាសេដ្ឋីវ័យ36ឆ្នាំបន្តថា៖ “ការក្លាយជាអ្នកជំនួញក៏មានផ្នែកអវិជ្ជមានផងដែរ ហើយសំខាន់ជាងនេះ គឺថា អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយយ៉ាងច្រើនទៅលើការងារលំបាករាប់រយជំពូក”។

“ជាក់ស្ដែង នៅក្នុងថ្ងៃដំបូងៗនៃការបង្កើត Facebook ខ្ញុំ និង Mark Zuckerberg បានចំណាយពេលយ៉ាងច្រើននៅកន្លែងធ្វើការ និងត្រូវផ្ដោតអារម្មណ៍អស់ពីលទ្ធភាពដើម្បីអភិវឌ្ឍផលិតផល។ បើសិនជាមើលទៅលើរូបថតមួយចំនួនរបស់យើង អ្នកនឹងបានដឹងថា មានតែសម្លៀកបំពាក់ប៉ុណ្ណោះដែលបានប្ដូរផ្លាស់ ចំណែកពួកយើងគឺស្ថិតនៅកន្លែងដដែលអស់ជាច្រើនថ្ងៃ”។

Moskovitz ថ្លែងថា៖ “នៅពេលបង្កើតក្រុមហ៊ុន អ្នកត្រូវទទួលខុសត្រូវគ្រប់យ៉ាង។ អ្នកនឹងមានការព្រួយបារម្ភចំពោះបរាជ័យសម្រាប់ខ្លួនឯង និងអ្នកដែលជឿជាក់ដើរតាមអ្នក។ CEO មួយរូប គឺត្រូវចេះរក្សាផ្លូវចិត្តឱ្យបានរឹងមាំ និងនឹងន។

“ជាមួយនឹងតួនាទីជា CEO អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងស្រុងដើម្បីដោះស្រាយបញ្ហាខាងក្រៅ និងទំនាស់ផ្ទៃក្នុង”។

លោក Dustin Moskovitz

ការបត់បែនតាមពេលវេលាក៏ជាបញ្ហាដែលមានអត្ថន័យថ្មី។ ការដែលអ្នក “មានសិទ្ធិក្នុងការគ្រប់គ្រងពេលវេលារបស់ខ្លួន” គឺជារឿងគួរឱ្យចាប់អារម្មណ៍ ក៏ប៉ុន្តែតាមជាក់ស្ដែង ក្រុមមនុស្សដែលត្រូវបានគេហៅថា ស្ថាបនិក គឺតែងតែស្ថិតក្នុងស្ថានភាពរវល់ជាទីបំផុត។ ជួនកាល ពួកគេត្រូវបានអូសទាញទៅក្នុងបណ្ដាព្រឹត្តិការណ៍ដែលមិនបានគិតទុកជាមុន ហើយ “ភ្លេចខ្លួន” ក្នុងការដោះស្រាយ។

កុំចេះតែគិតអំពីប្រាក់

មូលហេតុមួយក្នុងចំណោមហេតុផលដែលនាំឱ្យគេបង្កើតក្រុមហ៊ុនដែលលោក Moskovitz ធ្លាប់បានឮច្រើនបំផុត នោះគឺ ដោយសារពួកគេចង់បានប្រាក់ច្រើន។ បើតាម Moskovitz ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។ ពេលនោះ ជោគជ័យ រួមនឹងប្រាក់កាសនឹងរត់មករកអ្នកដោយខ្លួនឯងមិនខាន។

សម្រាប់ Moskovitz ចំណង់ចំណូលចិត្តដ៏ខ្លាំងក្លា នឹងជួយឱ្យយើងអាចឆ្លងផុតរាល់ការលំបាកដែលជួបប្រទះ។ ពេលដឹងថា ខ្លួនឯងចូលចិត្តអ្វីមួយដល់កម្រិតកំពូលដែលត្រូវធ្វើ និងធ្វើដោយវិធីគ្រប់យ៉ាង នោះចូរអ្នកកុំបង្អែរបង្អង់យូរ ចាប់ផ្ដើមធ្វើវាភ្លាមទៅ៕

ប្រភព៖ BI

Advertisement