តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​

តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​

មាស​ពិភពលោក​ក្នុង​1​អោន​នា​ព្រឹក​នេះ​បាន​ឡើង​ថ្លៃ​20​ដុល្លារ​បន្ថែម​ទៀត​ នាំ​ឱ្យ​តម្លៃ​ឡើង​ដល់​1,926​ដុល្លារ​ ដែល​នេះ​ជា​កំណត់​ត្រាថ្មី​ និង​​ខ្ពស់​ជាង​​កំណត់​ត្រា​ឆ្នាំ​2011​ទៅ​ទៀត​។

បើក​ដំណើរ​ការ​ជួញ​ដូរ​នៅ​ព្រឹក​នេះ​ (27​កក្កដា)​ និន្នាការ​កើន​ឡើង​នៃ​តម្លៃ​មាស​ពិភពលោក​ កាន់​តែ​បង្កើន​ល្បឿន​។ បច្ចុប្បន្ន មាស​លក់​ប្រគល់​ភ្លាម​ៗ​មាន​តម្លៃ​1,946​ដុល្លារ​ក្នុង​1​អោន​ ពោល​គឺខ្ពស់​ជា​តម្លៃ​1,921​ដុល្លារ​នៃ​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​ខែកញ្ញា​2011​។ ចំណែក​មាស​អនាគត​ក៏​បាន​បង្កើត​កំណាត់​​ត្រា​ថ្មី​ ដោយ​មាន​តម្លៃ​19,46​ដុល្លារ​ក្នុង​1​អោន​។

Gavin Wendt អ្នក​វិភាគ​​ជាន់​ខ្ពស់​មក​ពីក្រុម​ហ៊ុន​ MineLife បាន​អះអាង​ថា “កំណើន​ដ៏ខ្លាំងក្លា​នេះ​មិន​អាច​គេច​បាន​នៅពេល​យើង​កំពុងឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ជិត​ដូច​ទៅ​នឹង​សម័យ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ មាន​ន័យ​ថា តម្លៃ​មាស​កើន​ឡើង​ខ្ពស់​បំផុត​នៅពេល​នាយកដ្ឋាន​ប្រព័ន្ធបម្រុងសហព័ន្ធ (Fed) របស់​ហសរដ្ឋ​អាមេរិក​ បញ្ចេញ​ខ្ទង់​ប្រាក់​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ រូបិយវត្ថុ​ដុល្លារ​​អាមេរិក​ចុះ​ខ្សោយ​ និង​អត្រាការប្រាក់​ពិត​ស្ថិត​ក្រោម​សូន្យ កាន់​តែ​ជួយ​ដល់​លោហ​ធាតុ​មាន​តម្លៃ​នេះ​ (មាស)។

តម្លៃ​មាស​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក៏​ដោយ​សារ​ភាព​តាន​តឹង​រវាង​ចិន​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​។ កាល​ពី​​សប្ដាហ៍​មុន​ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo បាន​បន្ត​រិះ​គន់​ប្រទេស​ចិន​។ លោក​សង្កត់​ធ្ងន់​ថា ទីក្រុង​វ៉ាស៊ីង​តោន​និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ ត្រូវ​តែ​ប្រើ​ប្រាស់​ “វិធាន​ការ​ធ្ងន់ធ្ងរ​ និង​ច្ឆៃ​ប្រឌិត​ជាង​មុន​”​ ដើម្បី​បង្ខំ​ឱ្យ​ទីក្រុង​ប៉េកាំង​ផ្លាស់​ប្ដូរ​ឥរិយាបទ​។

កាល​ពី​ម្សិល​មិញ​ (26​កក្កដា) មន្ត្រី​ម្នាក់​មក​ពី​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា សេតវិមាន​ និង​តំណាង​រាស្ត្រ​នៃ​សភាជាន់​ខ្ពស់​មកពី​បក្ស​សាធារណរដ្ឋ​​ “សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​លើ​គោលការណ៍​” ស្ដីអំពី​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ជាតិ​បន្ទាប់​នៅក្នុង​វិបត្តិ​សុខ​ភាព​នេះ​។

តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​លោហ​ធាតុ​មាន​តម្លៃ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទ្រព្យ​ដែល​មាន​សុវត្ថិ​ភាព​នៅក្នុង​កាលៈ​ទេស​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹងបញ្ហា​​អស្ថិរ​ភាព​សង្គម​ សេដ្ឋ​កិច្ច​ អតិផរណា និងបញ្ហា​​រូបិយប័ណ្ណ​ធ្លាក់​ថ្លៃ​។ គណៈ​កម្ម​ធិការ​ជួញ​ទំនិញ​អនាគត​របស់​សហរដ្ឋ​អាមេរិក​ (CFTC) កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិនិយោគ​កំពុង​តែ​ដាក់​ការ​ភ្នាល់​​ទៅ​លើ​តម្លៃ​លោហ​ធាតុ​មាស​និងលោហ​ធាតុ​​ប្រាក់​ដែល​កំពុង​ឡើង​ថ្លៃ​។

អ្នក​វិភាគ​សេដ្ឋ​កិច្ច​​មក​ពី​ក្រុម​ហ៊ុន​ Goldman Sachs បាន​ព្យាករ​ថា មាស​អាច​នឹង​ឡើងថ្លៃ​ដល់​2,000​ដុល្លារ​ក្នុង​រយៈ​ពេល​12​ខែ​ខាង​មុខ​។ ចំណែក​ក្រុម​ហ៊ុន​ Citigroup ក៏​យល់​ថា លទ្ធ​ភាព​​ដែលតម្លៃ​​មាស​អាច​​ឡើង​ថ្លៃ​ដល់​2,000​ដុល្លារ​ក្នុង​1​អោន​នៅ​ចុង​ឆ្នាំ​2020​នេះ​ គឺ​​30​%​។

Dollar Index​ បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​0.1​%​ ដែល​នេះ​គឺជា​កម្រិត​​ក្បែរ​បាត​ក្នុង​រយៈ​ពេល​2​ឆ្នាំ​មក​នេះ​បើ​ធៀប​ជាមួយ​នឹង​រូបិយប័ណ្ណ​ធំៗ​ដទៃ​ទៀត​។ សន្ទស្សន៍​អនាគត​នៃ​ផ្សារ​មូល​បត្រ​របស់​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដាំ​ក្បាល​ចុះ​។

ពិន្ទុ​ផ្សារ​ហ៊ុន​មួយ​ចំនួន​នៅ​អាស៊ី​នា​ព្រឹក​នេះ​ក៏​បាន​ធ្លាក់​ចុះ​ ដោយ​សារ​តែ​មានការ​ព្រួយ​បារម្ភ​ចំពោះបញ្ហា​​អស្ថិរ​ភាព​រវាង​មហា​យក្ស​ចិន​និង​អាមេរិកាំង​៕

ប្រភព៖ Reuters/Kitco

Advertisement