មហាសេដ្ឋីចិនដែល​ជា​អ្នក​ផលិតថ្មផ្ទុកថាមពលអគ្គិសនី ចាប់ផ្ដើមក្ដោបក្ដាប់អនាគត Tesla នៅប្រទេសចិន

មហាសេដ្ឋីចិនដែលផលិតថ្មផ្ទុកថាមពលអគ្គិសនី ចាប់ផ្ដើមក្ដោបក្ដាប់អនាគត Tesla នៅប្រទេសចិន
មហាសេដ្ឋីចិនដែលផលិតថ្មផ្ទុកថាមពលអគ្គិសនី ចាប់ផ្ដើមក្ដោបក្ដាប់អនាគត Tesla នៅប្រទេសចិន

Tesla ត្រូវតែជោគជ័យនៅប្រទេសចិនដើម្បីគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី ដែលនេះបាននាំឱ្យលោក Elon Musk ស្វែងរកលោក Zeng Yuqun ជាបុរសដែលធ្លាប់ជួយឱ្យ Apple អាចបង្កើនអាយុកាលរបស់ថ្មសម្រាប់ MacBook។

Zeng Yuqun ឆ្នាំនេះមានអាយុ52ឆ្នាំ។ លោក Zeng បានប្រែក្លាយ Contemporary Amperex Technology Co. Ltd (CATL) ឱ្យទៅជាក្រុមហ៊ុនផលិតថ្មផ្ទុកថាមពលអគ្គិសនីលំដាប់ជួរមុខនៅប្រទេសចិន ដោយប្រើពេលមិនដល់1ទសវត្សរ៍។ បច្ចុប្បន្ន CATL គឺជាក្រុមហ៊ុនផលិតថ្មផ្ទុកថាមពលធំជាងគេក្នុងពិភពលោកសម្រាប់ប្រភេទរថយន្តដែលត្រូវបានគេចាត់ទុកថាជាអនាគតរបស់វិស័យរថយន្ត (រថយន្តអគ្គិសនី)។ ប្រការនេះហើយបាននាំឱ្យលោក Zeng ដែលមានស្រុកកំណើតនៅជនបទ និងធ្លាប់ជាមន្ត្រីរដ្ឋការដែលទទួលបានប្រាក់ខែត្រឹម30ដុល្លារ/ខែ ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យ17ពាន់លានដុល្លារអាមេរិក។ នេះបើតាមទស្សនាវដ្ដី Bloomberg។

ផលិតផលរបស់ CATL ត្រូវបានប្រើប្រាស់នៅលើរថយន្តស្ទើរតែទាំងអស់នៃបណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗក្នុងពិភពលោក។ ចាប់ពីខែកក្កដានេះ CATL ចាប់ផ្ដើមផលិតថ្មផ្ទុកថាមពលសម្រាប់រថយន្តរបស់ Tesla ដែលផលិតនៅរោងចក្រក្នុងខេត្តសៀងហៃ ប្រទេសចិន។ កិច្ចសហការនេះពិតជាមានសក្កានុពលធំធេងខ្លាំងណាស់។ ពួកគេនឹងធ្វើការរួមផ្សំស៊េរីរថយន្តអគ្គិសនីដែលទទួលបានការប្រើប្រាស់ច្រើនបំផុត (Tesla Model 3) ជាមួយនឹងថ្មថាមពលតម្លៃទាបនៅក្នុងទីផ្សារដែលមានការប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាង បើធៀបជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំទៅ(2019)។

លោក Zheng និងលោក Musk បានពិភាក្សាគ្នាអំពីការរីកចម្រើននៃបច្ចេកវិទ្យា រួមនឹងដំណោះស្រាយដើម្បីឆ្លងកាត់ឧបសគ្គក្នុងវិបត្តិសុខភាពនាបច្ចុប្បន្ន និងការព្រួយបារម្ភរបស់ CEO នៃក្រុមហ៊ុន Tesla។ នោះគឺជារថយន្តអគ្គិសនី និងថ្មបញ្ចូលថាមពលអគ្គិនតម្លៃទាប។ លោក Zheng បានឱ្យដឹងថា “Elon និយាយអំពីការប្រើប្រាស់ថ្មឱ្យបានពេញមួយថ្ងៃ។ ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានវិធី។ យើងស៊ីចង្វាក់គ្នាគ្រាន់បើ។ គាត់គឺជាមនុស្សមានចរឹតរីករាយ”។

មហាសេដ្ឋីចិនដែលផលិតថ្មផ្ទុកថាមពលអគ្គិសនី ចាប់ផ្ដើមក្ដោបក្ដាប់អនាគត Tesla នៅប្រទេសចិន
លោក​ Zeng Yuqun អាយុ52ឆ្នាំ​ជា​CEO របស់​ក្រុម​ហ៊ុន​ Contemporary Amperex Technology Co. Ltd (CATL)

បណ្ដាប្រភេទថ្មថាមពលរបស់ក្រុមហ៊ុន CATL អាចនាំមកនូវអត្ថប្រយោជន៍ដែលអាចសម្រេចបានជោគជ័យសម្រាប់ក្រុមហ៊ុន Tesla នៅប្រទេសចិន ពិសេសគឺសមត្ថភាពក្នុងការបង្កើនប្រាក់ចំណេញ និងបញ្ចុះតម្លៃរថយន្តនៅលើទីផ្សារចិនដែលត្រូវបានព្យាករថានឹងមានរថយន្តអគ្គិសនីចំនួន59គ្រឿងនៅឆ្នាំ2030។ សំខាន់បំផុតនោះគឺថា លោក Zeng អាចផ្គត់ផ្គង់ថ្ម LFP ដែលប្រើប្រាស់វត្ថុធាតុមានតម្លៃទាបជាង និងការចំណាយក្នុងការផលិតក៏ទាបជាងដល់ទៅ20% បើធៀបនឹងថ្មផ្ទុកថាមពលប្រភេទធម្មតា។

ធ្វើការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដូចជា CATL គឺអាចជួយឱ្យ Tesla រឹតចំណងទាក់ទងជាមួយនឹងក្រុមមន្ត្រីចិន។ នេះក៏ជាចំណុចសំខាន់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សារមួយនេះផងដែរ។ លោក Zeng ក៏ជាសមាជិកម្នាក់នៃគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយប្រជាជនចិន (National Committee of the Chinese People’s Political Consultative Conference) ផងដែរ។ លោក Zeng កំពុងតែជំរុញឱ្យមានការស្នើដើម្បីផ្ដោតទៅលើថាមពលកកើតឡើងវិញទៀតផង។

សម្រាប់ CATL កិច្ចសហការនេះបានកើតឡើងនៅក្នុងកាលៈទេសៈសំខាន់។ បរិមាណនៃផលិតផលថ្មរបស់ក្រុមហ៊ុននេះ បានថយចុះជិត1ភាគ3 នៅក្នុងរយៈពេល5ខែដើមឆ្នាំ2020។ SNE Research បានឱ្យដឹងថា បញ្ហានេះកើតឡើងដោយសារCOVID-19 សង្គ្រាមពាណិជ្ជកម្ម និងការដែលរដ្ឋាភិបាលកាត់បន្ថយការឧបត្ថម្ភ។ បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ចិន កាលពីថ្ងៃទី10កក្កដាបានឱ្យដឹងថា បរិមាណរថយន្តដែលត្រូវបានលក់ចេញ បានថយចុះប្រមាណជា38% បើធៀបជាមួយនឹងអំឡុងពេលដូចគ្នាក្នុងឆ្នាំ2019។

យោងតាមការគន់គូររបស់ Sanford C. Bernstein ចាប់ពីដើមឆ្នាំក្រោយ CATL អាចផ្គត់ផ្គង់ថ្មថាមពលសម្រាប់រថយន្ត Tesla ដែលផលិតនៅសៀងហៃ ដល់ទៅពាក់កណ្ដាលឯណោះ។

Daixin Li អ្នកវិភាគមកពី BNEF ឱ្យដឹងថា “CATL ជោគជ័យក៏ដោយសារតម្រូវការយ៉ាងខ្ពស់នៅប្រទេសចិន។ ក្នុងអនាគត នៅពេលទីផ្សាររថយន្តអគ្គិសនីចិនរីកចម្រើនខ្លាំង ការរក្សានិងបង្កើនចំណែកទីផ្សារនៅលើឆាកអន្តរជាតិ នឹងអាស្រ័យលើបញ្ហាថា តើពួកគេបង្កើតបានតម្រូវការប៉ុន្មាននៅខាងក្រៅប្រទេសចិន”។

ភាគីក្រុមហ៊ុនរបស់លោក Zeng រំពឹងថា នឹងអាចផ្គត់ផ្គង់ថ្មសម្រាប់រថយន្តរបស់ Tesla ដែលផលិតនៅប្រទេសផ្សេងៗ ដូចជារោងចក្រដែលកំពុងត្រូវបានសាងសង់នៅអាល្លឺម៉ង់ជាដើម។ CATL ក៏បានលក់គ្រឿនបន្លាស់ទៅឱ្យក្រុមហ៊ុន Vlkswagen និង BMW ព្រមទាំងកំពុងសាងសង់រោងចក្រនៅទីនេះទៀតផង។

មហាសេដ្ឋីចិនដែលផលិតថ្មផ្ទុកថាមពលអគ្គិសនី ចាប់ផ្ដើមក្ដោបក្ដាប់អនាគត Tesla នៅប្រទេសចិន
រថយន្ត​ Tesla ម៉ូដែល​ 3

លោក Zeng ថ្លែងថា បច្ចុប្បន្ន CATL កំពុងតែបង្កើនល្បឿនក្នុងការស្រាវជ្រាវស្វែងរកវិធីសាស្ត្រកាត់បន្ថយចំណាយដើម្បីអាចបញ្ចុះតម្លៃរថយន្តអគ្គិសនីមកនៅប្រហាក់ប្រហែលនឹងរថយន្តប្រើសាំង។ លោក Zeng ក៏ជាមនុស្សដែលធ្លាប់បានជួយឱ្យ Apple អាចអូសបន្លាយអាយុកាលរបស់ថ្ម MacBook ផងដែរ។

CEO របស់ CATL បញ្ជាក់ថា ពួកគេអាចផលិតប្រភេទថ្មដែលអាចប្រើប្រាស់បានរហូតដល់16ឆ្នាំ និងជួយឱ្យរថយន្តអាចបរបាន2លានគីឡូម៉ែត្រ។ នេះគឺជាចំណុចមួយដែលបណ្ដាក្រុមហ៊ុនផលិតរថយន្ត ដូចជា Tesla ឬ General Motors ជាដើម កំពុងតែតាមរក។

បច្ចុប្បន្ន ក្រុមហ៊ុន CATL មានបុគ្គលិកចំនួន5,400នាក់កំពុងធ្វើការក្នុងផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ (R&D/Research & Development) ក្នុងនោះមាន143នាក់មានសញ្ញាបត្របណ្ឌិត។

Bernstein គន់គូរឃើញថា ប្រភេទថ្មតូច និងតម្លៃទាបរបស់ CATL សម្រាប់ Model 3 នឹងជួយឱ្យតម្លៃរថយន្ត Tesla ថយចុះពី600ទៅ1,200ដុល្លារក្នុង1គ្រឿង។

Mark Newman អ្នកវិភាគម្នាក់មកពី Bernstein បានព្យាករថា “CATL នឹងទទួលបានផលប្រយោជន៍ច្រើន បើសិនអាចនាំយកប្រភេទថ្មថាមពលនេះចេញទៅទីផ្សារអន្តរជាតិ ព្រោះថា ក្រៅពីប្រទេសចិន គឺមិនទាន់មានប្រទេសណាមួយប្រើប្រាស់ថ្ម LFP សម្រាប់រថយន្តអគ្គិសនីនៅឡើយ”។ អ្នកវិភាគរូបនេះក៏បានសង្កត់ធ្ងន់ដែរថា “Tesla នឹងមានប្រៀបច្រើនជាងគូប្រជែង (នៅក្នុងទីផ្សាររថយន្តអគ្គិសនី)”។

ប្រភព៖ Bloomberg

Advertisement